អានតួអត្ថបទ

អូស្ត្រាលី​រួម​ជាមួយ អាមេរិក ដើម្បី​ប្រឆាំង​ការទាមទារ​របស់​ចិន នៅ​សមុទ្រចិន​ខាងត្បូង

អូស្ត្រាលី​បាន​ចេញមុខ​ជាផ្លូវការ​ប្រឆាំង​នឹង​ការទាមទារ​គ្រប់គ្រង​របស់​ចិន នៅ​សមុទ្រ​ចិន​ភាគខាងត្បូង។ នៅក្នុង​លិខិតផ្លូវការ​ទៅកាន់​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​អូស្ត្រាលី បាន​ចាត់ទុក ការទាមទារ​សិទ្ធិគ្រប់គ្រង​របស់​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូងថា ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ។

កោះសិប្បនិម្មិត​ដែល​ចិន​សាងសង់​ដោយ​អត្តនោម័ត​នៅ​សមុទ្រ​ចិន​ខាងត្បូងដែល​ចិន​កំពុងជាប់មាន​ជម្លោះ​ជាមួយ​វៀតណាម ហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី
កោះសិប្បនិម្មិត​ដែល​ចិន​សាងសង់​ដោយ​អត្តនោម័ត​នៅ​សមុទ្រ​ចិន​ខាងត្បូងដែល​ចិន​កំពុងជាប់មាន​ជម្លោះ​ជាមួយ​វៀតណាម ហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី AP - Ritchie B. Tongo
ផ្សាយពាណិជ្ជកម្ម

 

ទីក្រុងប៉េកាំង​ទាមទារ​សិទ្ធិគ្រប់គ្រង​សមុទ្រ​ចិន​ខាងត្បូង ដោយ​ផ្អែក​ទៅលើ​សិទ្ធិ​ជា​ប្រវត្តិសាស្រ្ត​ នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​បាន​រកឃើញ និង​ដែល​បាន​ធ្វើ​អាជីវកម្ម ជា​ច្រើន​សតវត្សរ៍មកហើយ។ ប៉ុន្តែ ទីក្រុង​កង់បេរ៉ា​បដិសេធ​មិនទទួលស្គាល់ ការទាមទារ​របស់​ចិន ដែល​យោង​ទៅលើ​សិទ្ធិ​ជា​ប្រវត្តិសាស្រ្ត ឬ​ក៏ផលប្រយោជន៍​ដែល​ចិន​ធ្លាប់​មាន​តាំង​ពី​អតីតកាលនោះទេ។

សម្រាប់​កង់បេរ៉ា គ្មាន​ច្បាប់​ណាមួយ ដែល​អនុញ្ញាត​ឲ្យ​ចិន​គូស កំណត់ខ្សែបន្ទាត់​ព្រំដែន ដើម្បី ទាមទារ​គ្រប់គ្រង ប្រជុំកោះ ដែនទឹក នៅ​សមុទ្រ​ចិនខាងត្បូងនោះទេ។ រដ្ឋាភិបាល​ចិន​បាន​ទាមទារ​គ្រប់គ្រង​សមុទ្រ​ចិន​ខាងត្បូង ទាំងមូល ដោយ​ផ្អែក​ទៅលើ​ខ្សែបន្ទាត់ nine-dash-line នៅលើ​ផែនដីដែនទឹក របស់​ចិន កាលពី​ឆ្នាំ ១៩៤០។ ការទាមទារ​អធិបតេយ្យភាព​របស់​ចិន ទៅលើ​សមុទ្រ​ចិន ខាងត្បូង ដែល​ស្ថិតនៅ​ចម្ងាយ​ជាង​២ពាន់​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រចិន បាន​ទៅ​ក្តោបក្រសោប​តំបន់​ប្រជុំកោះ Spratly និង​Paracel ដែល​ប្រទេស​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និង​តៃវ៉ាន់ ទាមទារ​ជា​ម្ចាស់​កម្មសិទ្ធិ។

នៅក្នុង​លិខិត​ប្រឆាំង​ជាផ្លូវការ​ទៅកាន់​អង្គការ​សហប្រជាជាតិ អូស្ត្រាលី បាន​ចាត់ទុកផងដែរ ថា ការសាងសង់​កោះសិប្បនិម្មិត នៅលើ​ថ្មប៉ប្រះទឹក នៅ​សមុទ្រចិន​ខាងត្បូង ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ។ នៅ​ឆ្នាំ ២០១៦ តុលាការ អចិន្រ្តៃយ៍​នៃអាជ្ញាកណ្តាល ដែល​ជា​ស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិ មាន​ទីតាំង​នៅទីក្រុង​ឡាអេ ធ្លាប់​បាន​សម្រេច ថា ការទាមទារ​របស់​ចិន នៅ​សមុទ្រ​ចិនខាងត្បូង បានធ្វើឡើង​ដោយ​មិនបាន​ពឹងផ្អែក​លើ​មូលដ្ឋាន​ច្បាប់។ ប៉ុន្តែ ចិន​វិញ​មិន​បាន​ស្តាប់ គោរព​តាមការសម្រេច​របស់​តុលាការ​អន្តរជាតិ​នោះទេ។

តាមអ្នកជំនាញ សេចក្តីប្រកាស​ផ្លូវការ​របស់​អូស្ត្រាលី ដើម្បី​ប្រឆាំង​នឹង​អធិបតេយ្យភាព​របស់​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង​នៅពេលនេះ បាន​ស្តែង​ឲ្យឃើញ​ពីការងាករេ របស់​អូស្ត្រាលី ដែល​ធ្លាប់​តែ​អំពាវនាវ​ឲ្យ​ភាគីជម្លោះ​នៅសមុទ្រ​ចិន​ខាងត្បូង ដោះស្រាយ​បញ្ហា ដោយ​ផ្អែក​ទៅលើ​ច្បាប់​អន្តរជាតិ។ ការប្រកាន់ជំហរ​ប្រឆាំង ការទាមទារ​អធិបតេយ្យ​របស់ចិន នៅសមុទ្រ​ចិន​ខាងត្បូង​ធ្វើឡើង នៅមុន​ជំនួបប្រចាំឆ្នាំ អូស្ត្រាលី អាមេរិក ដែលត្រូវ​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​អង្គារ​សប្តាហ៍ក្រោយ នៅទីក្រុង​វ៉ាស៊ីនតោន។

ដោយ​បដិសេធ​មិនទទួល​ស្គាល់​ការទាមទារ​អធិបតេយ្យភាព​របស់​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង អូស្រ្តាលី​កំពុង​ចូលរួម​កៀកស្មា​ជាមួយ​អាមេរិក ដែល​ទើបចោទប្រកាន់​ទីក្រុង​ប៉េកាំង​ថា កំពុង​វាតទី​ចង់បានទឹកដី និង​ប្រភព​ធនធាន​ធម្មជាតិ ដោយ​ខុសច្បាប់ នៅ​សមុទ្រ​ចិន​ខាងត្បូង។ នៅ​ដើម​ខែ​កក្កដា​នេះ ប្រមុខការបរទេស​អាមេរិក ធ្លាប់​បាន​និយាយ​ចាត់ទុក នយោបាយ​វាតទី​របស់​ចិន ដើម្បី គ្រប់គ្រង ទឹកដី និង​ប្រភពធនធាន​ធម្មជាតិ​នៅ​សមុទ្រ​ចិន​ខាងត្បូង ថា ជារឿងខុសច្បាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ