អានតួអត្ថបទ
ហ្វីលីពីន

ហ្វីលីពីន ៖ ស្លាប់​យ៉ាង​ហោច​១៤​នាក់ ក្នុង​ភេរវកម្ម​ពីរផ្ទួន​គ្នា​នៅ​Jolo

មានស្លាប់​យ៉ាងហោច​១៤នាក់​ និង​របួស​​៧៥នាក់​ នៅ​ក្នុង​ភេរវកម្ម​ពីរ​ផ្ទួនៗ​ នៅ​លើ​កោះ​ហ្សូឡូប្រទេស​ហ្វីលីពីន ក្នុង​ថ្ងៃ​ចន្ទ​ទី ២៤​សីហា ២០២០។ កោះ​ហ្សូឡូ ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ ជា​ជង្រុក​អង្គការ​អ៊ីស្លាម​ជ្រុល​និយម ជីហាត អាប៊ូ សាយ៉ាហ្វ Abou Sayyaf។

ទាហាន​កំពុង​ជម្លៀស​ និង​សង្គ្រោះ​ជនរងគ្រោះ ក្រោយភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​ច្នៃ​ នៅ​កោះហ្សូឡូ ថ្ងៃទី ២៤ សីហា ២០២០
ទាហាន​កំពុង​ជម្លៀស​ និង​សង្គ្រោះ​ជនរងគ្រោះ ក្រោយភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​ច្នៃ​ នៅ​កោះហ្សូឡូ ថ្ងៃទី ២៤ សីហា ២០២០ AFP
ផ្សាយពាណិជ្ជកម្ម

ជា​សរុប យោធា​៧​នាក់ ប៉ូលិស​ម្នាក់ និង​ជនស៊ីវិល៦​ បាន​ស្លាប់ និង​​ជនស៊ីវិល​៤៨​នាក់ ទាហាន​២១​នាក់ និង​ប៉ូលិស​៦​នាក់រង​របួស នៅ​ក្នុង​គ្រោះភេរវកម្ម​បំ​ផ្ទុះគ្រាប់​បែក​ច្នៃ​​​ពីរ កន្លែង​ក្នុង​​ផ្លូវ​តែ​មួយ​ នៃ​ក្រុង​ហ្សូឡូ។ នេះ​បើ​តាម​ការ​លម្អិត​របស់​ឧត្តមសេនីយ៍​Corleto Vinluan។

បំផ្ទុះ​​​ទីមួយ កើត​ឡើង​នៅជិត​ផ្សារ ដោយ​ការ​​បង្កៃ​គ្រាប់​បែក​ជាប់​នឹង​ម៉ូតូ។ យោធា​ម្នាក់​បាន​ឃើញ​ម្ចាស់​ម៉ូតូ​ជិះ​ចូល​មក​ចត​ហាង​លក់​គ្រឿង​ទេស​ ដែល​មាន​មនុស្ស​ម្នា ជា​ពិសេស​កង​កម្លាំង​យោធា​នៅជុំ​គ្នា​ច្រើន។ គ្រាន់​តែ​ចត​រួច​ភ្លាម គ្រាប់​បែក​ក៏​បាន​ផ្ទុះ​ឡើង។ ហើយ​នៅ​ពេល​ប៉ូលិសរត់​មកសំដៅ​​​ធ្វើ​អន្តរាគមន៍​ កន្លែង​​កើតហេតុ​ទីមួយ ក្នុង​ផ្លូវ​ដដែល​នោះ​ ​ភេរវជន​អត្តឃាត​ស្រីម្នាក់ ក៏​ចុច​បំផ្ទុះ​ខ្សែក្រវ៉ាត់​ភ្លាម​ ពេល​ទាហានចង់​ឃាត់​​ឆែកឆេរ​។ នេះ​បើ​តាម​ការ​រៀប​រាប់​របស់អ្នក​ទទួល​ខុស​ត្រូវ​​យោធាហ្វីលីពីន។

ភេរវកម្ម​នេះ​ ទំនង​ជា​ស្នាដៃ​របស់​ក្រុម​អាប៊ូសាយ៉ាហ្វ​នេះ។ មាន​​ទម្លាប់និង​​ជំនាញ​ខាង​ចាប់​ជំរិត ក្រុមអាប៊ូសាយ៉ាហ្វ ទំនង​ជា​ចង់​សង​សឹក​នឹង​អាជ្ញាធរ​ហ្វីលីពីន ដែល​ទើប​ចាប់ខ្លួន អាប់ឌុលជីហាដ ស៊ូស៊ូកាន ជា​​មេក្លោង​ នៅ​កោះ​មីនដាណាវ កាលពី​ប៉ុន្មាន​​សប្តាហ៍​មុន។ ស៊ូស៊ូកាន ជាប់​ចោទ​ពី​បទ​ធ្វើ​ឃាត​ចំនួន​២៣​ករណី ពី​បទ​ចាប់​ជំរិត​៥ករណី និង​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត ៦​ករណី។

អ្នកនាំពាក្យ​ប្រធានាធិបតី បាន​ចេញមុខ​ថ្កោល​ទោស​ទង្វើ​ភេរវកម្ម​នេះ​ភ្លាម និង​បាន​អំពាវនាវ​ឱ្យប្រជាពលរដ្ឋ​កោះ​ហ្សូឡូ ប្រុង​ប្រយ័ត្ន​ និង​ប្រាប់​កង​កម្លាំង​សន្តិសុខភាព​នៅ​ពេល​ឃើញ​មាន​សកម្មភាព​ជន​ណា​គួរ​ឱ្យ​សង្ស័យ។

​​សូម​បញ្ជាក់​ថា​កោះ​ហ្សូឡូ ដែល​មាន​ប្រជាជនភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម គឺ​ជា​ជង្រុក​របស់​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​អាប៊ូសាយ៉ាហ្វ។ ​សហរដ្ឋ​អាមេរិក​បាន​ចាត់​ទុកក្រុមជ្រុលនិយម​នេះ​​ជា​អង្គការ​ភេរវនិយម​ ​ដែល​មាន​បំបែក​ជា​ក្រុម​តូចៗ​ច្រើនផ្សេង​ទៀត ដោយ​ខ្លះបាន​ភ្ជាប់​ខ្លួន​ទៅ​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម​​ផង។

ម្យ៉ាង​វិញ​ទៀត ក្រៅ​ពី​ក្រុមភេរវនិយម​អ៊ីស្លាម​ នៅ​មាន​ចលនា​ឧទ្ទាម​ច្រើន​ផ្សេង​ទៀត។ ប្រជាពលរដ្ឋ​អ៊ីស្លាម​ហ្វីលីពីន ធ្លាប់​​ងើប​ឡើង​កាន់​អាវុធ ទាមទារ​ស្វ័យភាព និង​ឯករាជ្យ​តំបន់​ភាគ​ខាង​ត្បូង​ ពី​អំណាច​កណ្តាល​ដែល​ភាគ​ច្រើន​ជា​អ្នកកាន់​សាសនាគ្រឹស្ត និង​ជា​ម្ចាស់​ទឹក​ដី។ ការ​ប៉ះបោរ​បាន​ផ្តាច់​ជីវិត​មនុស្ស​អស់​១៥​ម៉ឺន​នាក់​។ ក្រុមឧទ្ទាម​អ៊ីស្លាម​ធំ​ជាង​គេ ទើប​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​ក្រុងម៉ានីល​នៅ​ឆ្នាំ​២០១៤ ជា​ថ្នូរ​នឹង​ការ​ផ្តល់​ស្វ័យភាព​​ដល់​ពលរដ្ឋ​កាន់សាសនា​អ៊ីស្លាម​ នៅ​កោះមីដាណាវ និង​កោះ​ភាគ​ខាង​និរតីបំផុត​នៃ​ប្រទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ