អានតួអត្ថបទ
ប៉ាឡាវ អាមេរិក

ប្រទេសប៉ាឡាវស្នើសហរដ្ឋអាមេរិកឲ្យសាងសង់មូលដ្ឋានយោធាអចិន្ត្រៃយ៍លើទឹកដីខ្លួន

នៅ​ថ្ងៃ​សុក្រ ទី៤ កញ្ញា ប្រទេស​ប៉ាឡាវ​ដែល​ស្ថិត​នៅ​តំបន់​ប៉ាស៊ីហ្វិក​បាន​ទាមទារ​ឲ្យ​សហរដ្ឋអាមេរិក​សាងសង់​មូលដ្ឋាន​ទ័ពអាមេរិក​ជា​អចិន្ត្រៃយ៍​នៅ​លើ​ទឹកដី​របស់​ខ្លួន។ ជា​ប្រជុំកោះ​តូច​មួយ​មាន​ប្រជាជន​រស់នៅ​ចំនួន ២២ ០០០នាក់ ប៉ាឡាវ​ជា​ប្រទេស​ស្ថិត​នៅ​ចំកណ្តាល​តំបន់​មួយ​ដែល​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ព្យាយាម​អះអាង​ពី​វត្តមាន​របស់ខ្លួន​នៅ​ចំពោះ​មុខ​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន។ គួរ​រម្លឹក​ថា ក្រៅ​ពី​មាន​ទំនាក់ទំនង​ស្អិតរមួត​ជាមួយ​សហរដ្ឋអាមេរិក ប៉ាឡាវ​គឺ​ជា​ប្រទេស​មួយ​នៃ ៤ប្រទេស​ចុង​ក្រោយ​នៅ​ប៉ាស៊ីហ្វិក​ដែល​កំពុង​បន្ត​ទទួល​ស្គាល់​កោះ​តៃវ៉ាន់។

ប្រធានាធិបតីប៉ាឡាវលោក Tommy Remengesau
ប្រធានាធិបតីប៉ាឡាវលោក Tommy Remengesau AFP - RICHARD W. BROOKS
ផ្សាយពាណិជ្ជកម្ម

គឺ​នា​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​លោក Mark Esper កាល​ពី​សប្តាហ៍​កន្លង​ទៅ​ដែល​ប្រទេស​ប៉ាឡាវ​បាន​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក​កសាង​មូលដ្ឋាន​ទ័ព​ជា​អចិន្ត្រៃយ៍​លើ​ទឹកដី​ខ្លួន។ ប្រធានាធិបតី​ប៉ាឡាវ​លោក Tommy Remengesau បាន​សារភាព​ថា លោក​ពិត​ជា​បាន​និយាយ​រឿង​នេះ​ជាមួយ​លោក Esper។ ចំណែក​ខុទ្ទកាល័យ​របស់​លោក Esper បាន​ផ្សព្វផ្សាយ​ក្នុង​សប្តាហ៍​នេះ​នូវ​លិខិត​មួយ​ដែល​លោក Tommy ផ្ញើ​ឲ្យ​លោក Esper។ សំណើ​របស់​លោក Tommy នៅ​ក្នុង​លិខិត​នោះ គឺ​សុំ​ឲ្យ​អាមេរិក​សាងសង់​មូលដ្ឋានទ័ព​លើ​ដី សាងសង់​កំពុងផែ និង​សាងសង់​ផ្លូវ​យន្តហោះ។

ទន្ទឹម​គ្នា​នេះ លោក Tommy ក៏​បាន​ស្នើ​ឲ្យ​មាន​ផង​ដែរ​នូវ​វត្តមាន​នាវាឆ្មាំសមុទ្រ​អាមេរិក​នៅ​ក្នុង​ដែនសមុទ្រ​ដើម្បី​ជួយ​ការពារ ឃ្លាំមើល​តំបន់​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​របស់​ប៉ាឡាវ​ដែល​មាន​ទំហំ​ប៉ុន​ប្រទេស​អេស្ប៉ាញ។ សូម​ជម្រាប​ថា ប៉ាឡាវ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ១ ៥០០គីឡូម៉ែត្រ​ពី​ប្រទេស​ហ្វីលីពីន​ជា​រដ្ឋ​ឯករាជ្យ​មួយ។ តែ​កូន​រដ្ឋ​តូច​មួយ​នេះ​គ្មាន​កម្លាំងទ័ព និង​ត្រូវ​បាន​ការពារ​ដោយ​សហរដ្ឋអាមេរិក​ដោយ​ផ្អែក​លើ​សន្ធិសញ្ញា​នៃ​សមាគម​សេរី។ គឺ​ដោយ​យោង​លើ​សន្ធិសញ្ញា​មួយ​នេះ​ឯង​ដែល​លោក Tommy ចង់​ប្រើ​ដើម្បី​សាងសង់​មូលដ្ឋានទ័ព​អាមេរិក​ជា​អចិន្ត្រៃយ៍​នៅ​ប៉ាឡាវ។

ដោយ​មិន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ចិន លោក Tommy បាន​និយាយ​បញ្ចិតបញ្ចៀង​ប្រាប់​លោក Esper ថា មាន​ប្រទេស​អ្នក​បង្ក​អស្ថិរភាព​មួយ​ចំនួន​បាន​បោះ​ជំហាន​ចូល​ដើម្បី​ឆ្លៀត​ទាញ​ប្រយោជន៍​ពី​វិបត្តិ​កូវីដ -១៩ ដែល​កំពុង​វាយប្រហារ​ខ្លាំងក្លា​លើ​សេដ្ឋកិច្ច​នៃ​ក្រុមប្រទេស​តូចៗ​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ដែល​ពឹង​លើ​ទេសចរណ៍។ តាម​លោក Tommy ចិន​បាន​ផ្តល់​ប្រាក់​កម្ចី​ក្នុង​អាត្រា​ការប្រាក់​ទាប​ឲ្យ​ក្រុមប្រទេស​តូចៗ​ទាំង​នោះ​ដើម្បី​ទិញ​សេចក្តីស្មោះត្រង់​ពី​ពួក​គេ។ សេចក្តីស្មោះស្រង់​ដែល​លោក Tommy ចង់​និយាយ​នេះ គឺ​ការ​ដែល​ចិន​បាន​អូសទាញ​ប្រទេស​ខ្លះ​ឲ្យ​ឈប់​ទទួល​ស្គាល់​តៃវ៉ាន់ និង​ត្រឡប់​ទៅ​ទទួល​ស្គាល់​ខ្លួន​វិញ។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៩ ចិន​ទាញ​បាន​ប្រទេស​នៅ​ប៉ាស៊ីហ្វិក​ចំនួន ២ គឺ​គីរីបាទី និង​កោះសាឡូម៉ុង។ ចំណែក​ប៉ាឡាវ​កំពុង​បន្ត​ទទួល​ស្គាល់​តៃវ៉ាន់​ដែល​ជា​ជម្រើស​មួយ​នេះ​បាន​ធ្វើ​ឲ្យ​អ្នកទេសចរណ៍​ចិន​ឈប់​ទៅ​លេង​ប្រទេស​ប៉ាឡាវ​តាំង​ពី​ឆ្នាំ ២០១៨៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ