អានតួអត្ថបទ
ចិន-សិទ្ធិមនុស្ស

អង្គការរាប់រយស្ថាប័ន រួមគ្នា​សរសេរលិខិត​ បរិហារអំពី​ការរំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​របស់ចិន

នៅទីក្រុងហ្សឺណែវប្រទេសស្វ៊ីស មានអង្គការសិទ្ធិមនុស្ស និងអង្គការ​ក្រៅរដ្ឋាភិបាក​ជាច្រើនរយស្ថាប័ន បានរួមគ្នា​ផ្ញើលិខិត ទៅកាន់ឧត្តមស្នងការសិទ្ធិមនុស្ស ដើម្បី​ឲ្យ​ស្ថាប័នកំពូលនេះ ស្វែងរកចំណាត់ ទាក់ទិន​នឹងការរំលោភបំពានសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ បង្កឡើយដោយរដ្ឋាភិបាលចិន។ លិខិតផ្សេងមួយទៀត គឺអង្គការជាច្រើន បានផ្ញើទៅកាន់គណកម្មាធិការអន្តរជាតិកីឡាអូឡាំពិក ថាត្រូវតែពិចារណា ដកហូតការរៀបចំ​កីឡាអូឡាំពិករដូវរងារ នៅទីក្រុងប៉េកាំង​ក្នុង​ឆ្នាំ២០២២។

បាតុករហុងកុង កាន់ទង់តំណាងឯករាជរបស់​ជនជាតិអ៊ុយហ្គួ ខេត្តស៊ីនជាំង ដើម្បីទាមទារ​ ឲ្យ​អាជ្ញាធរចិនប៉េកាំង ឈប់កៀបសង្កត់សិទ្ធិមនុស្ស នៅទីនោះ។ ហុងកុង ថ្ងៃទី​ ២២ ធ្នូ ២០១៩
បាតុករហុងកុង កាន់ទង់តំណាងឯករាជរបស់​ជនជាតិអ៊ុយហ្គួ ខេត្តស៊ីនជាំង ដើម្បីទាមទារ​ ឲ្យ​អាជ្ញាធរចិនប៉េកាំង ឈប់កៀបសង្កត់សិទ្ធិមនុស្ស នៅទីនោះ។ ហុងកុង ថ្ងៃទី​ ២២ ធ្នូ ២០១៩ AFP - ANTHONY WALLACE
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃទី​៩កញ្ញា អង្គការចំនួន​១៦៥ បានរួមគ្នាផ្ញើលិខិតមួយ ទៅកាន់គណកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ មានទីតាំងនៅទីក្រុងឡូហ្សាន​ប្រទេសស្វ៊ីស ឲ្យ​ពិចារណាឡើងវិញ ក្នុងការប្រគល់ការរៀបចំកីឡា​អូឡាំពិក​រដូវរងារ​​​ ឆ្នាំ​២០២២ ទៅឲ្យ​ទីក្រុងប៉េកាំង ព្រោះថាចិនបាននឹងកំពុងរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរបំផុត នៅខេត្តស៊ីនជាំង នៅហុងកុង និងនៅទីបេ។

ក្នុងថ្ងៃដដែលនេះដែរ លិខិតមួយទៀត ចុះហត្ថលេខាដោយអង្គការចំនួន​៣០០ បានផ្ញើទៅកាន់ឧត្តមស្នងការដ្ឋានសិទ្ធិមនុស្ស​នៃអង្គការសហប្រជាជាតិ ដើម្បីឲ្យ​ស្ថាប័នកំពូលនេះ បើកសម័យប្រជុំពិសេស ស្តីអំពីបញ្ហាសិទ្ធិមនុស្ស​នៅ​ចិន។ អង្គការសិទ្ធិមនុស្ស ជាច្រើន បានលើកឡើងថា ចិនកំពុង​ធ្វើ​សកម្មភាព​បោស​សំអាត​ពូជសាសន៍ ទៅលើជនជាតិអ៊ុយហ្គួរ នៅខេត្តស៊ីនជាំង តាមរយៈការចាប់បង្ឃាំងពួកគេប្រមាណ​១លាននាក់ ដាក់ឃុំនៅតាមជំរំកែប្រែ និងបានចាប់ក្រៀវពួកគេដោយបង្ខំ ដើម្បីកុំឲ្យ​ពួកគេអាចមាន​កូន​បន្តពូជពង្សបាន។

ដោយឡែក កាលពីចុងខែកក្កដា​ ក្រុម​សកម្មជនការពារសិទ្ធិជនជាតិអ៊ុយហ្កួ ដែលមាន​ទីតាំងនៅក្រុង​មុយនិច ប្រទេសអាល្លឺម៉ង់ បានផ្ញើលិខិតមួយដែរ ទៅកាន់​លោក Thomas Bach ប្រធានគណកម្មាធិការអន្តរជាតិ​អូឡាំពិក។ លិខិតនោះបាន​លើកឡើងថា ការប្រគល់កីឡាអូឡាំពិករដូវរងារឆ្នាំ ២០២២ ទៅឲ្យចិនរៀបចំ គឺជាការបើកឱកាស ឲ្យ​ចិនធ្វើសកម្មភាពប្រល័យពូជសាសន៍ ដោយគ្មាននរណាចាប់អារម្មណ៍។ ចំណែក​ គណកម្មាធិការអន្តរជាតិអូឡាំពិក នឹងក្លាយ​ជាអ្នក​ចូល​រួមជាមួយ​ចិន ក្នុងការធ្វើអំពើឧក្រិដ្ឋនេះ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សហរដ្ឋអាេមរិក បានចេញវិធានការ​ ដាក់ទណ្ឌកម្មលើ​មន្ត្រីចិន ដែល​មានចំណែក ក្នុងការចេញបញ្ជា រំលោភបំពានសិទ្ធិមនុស្ស នៅខេត្តស៊ីនជាំង។ រដ្ឋាភិបាល​បារាំង និងអង់គ្លេស ក៏បានអំពាវនាវ ឲ្យ​ចិន ដោះស្រាយបញ្ហានេះផងដែរ។

លោកស្រី Michelle Bachelet ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ធ្លាប់​បានត្រឹមតែអំពាវនាវ ឲ្យរដ្ឋាភិបាល​ចិន បើកផ្លូវ ឲ្យ​មានអ្នកជំនាញស៊ើបអង្កេតអន្តរជាតិ ចូលទៅតំបន់ស៊ីនជាំង។ ទោះយ៉ាងណា​ អង្គការក្រៅរដ្ឋាភិបាល បានសម្តែងការខកចិត្ត ចំពោះមុខភាពកំសោយ នៃស្ថាប័នកំពូល របស់អង្គការសហ​ប្រជាជាតិមួយនេះ។ អង្គការទាំងអស់ ចង់ឃើញ​ឧត្តមស្នងការសិទ្ធិមនុស្ស អនុវត្តសិទ្ធិពិសេសរបស់ខ្លួន​ « ក្នុងឃ្លាំមើលការរំលោភសិទ្ធិមនុស្ស​ទ្រង់ទ្រាយធំ » ដែលកំពុងតែកើតឡើង​នៅ​ខេត្តស៊ីនជាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ