អានតួអត្ថបទ
ចិន-អូស្ត្រាលី

ការវិនិយោគ​ចិន នៅ​អូស្ត្រាលី​ធ្លាក់ចុះ​ខ្លាំង  ដោយសារ​ជម្លោះ​រវាង​ប្រទេស​ទាំង២

យោងតាម​តួលេខផ្លូវការ​អូស្ត្រាលី ការវិនិយោគរបស់ចិននៅអូស្ត្រាលី បានធ្លាក់ចុះសឹងតែពាក់​កណ្តាល នៅក្នុងឆ្នាំ២០១៩កន្លងទៅ។ នេះជាឆ្នាំទី៣ជាប់គ្នាហើយ ដែល​តួលេខវិនិយោគរបស់ចិន នៅអូស្ត្រាលី​ បានធ្លាក់ចុះជាបន្តបន្ទាប់។ គួរកត់សំគាល់ថា ប្រទេសទាំង២នេះ​ មានជម្លោះនឹងគ្នា ជាច្រើនសំណុំរឿង ទាំងវិស័យការទូត និងពាណិជ្ជកម្ម ដែលនេះអាចជា​ប្រភពដែលបង្កើត ជាបរិយាកាស​អព្វ័អួរ ដល់ការវិនិយោគរកស៊ី របស់ចិននៅអូស្ត្រាលី។

និស្សិតចិន នៅក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ ថ្ងៃទី​២៤ មិថុនា ២០២០
និស្សិតចិន នៅក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ ថ្ងៃទី​២៤ មិថុនា ២០២០ REUTERS - LOREN ELLIOTT
ផ្សាយពាណិជ្ជកម្ម

ការវិនិយោគរបស់ចិន នៅអូស្ត្រាលី ក្នុងឆ្នាំ២០១៩ មានចំនួន ២៥០០លានដុល្លារអូស្ត្រាលី។ ចំនួននេះបានថយចុះ ជិតពាក់កណ្តាល បើប្រៀបធៀបទៅឆ្នាំ២០១៨ ដែលមានចំនួន​៤៨០០​លាន​ដុល្លារអូស្ត្រាលី។ លោក Peter Drysdale នាយកការសិក្សានេះ បាន​លើកឡើងថា ក្នុងឆ្នាំ២០១៩​ គ្រាន់តែ ការទិញ​ក្រុម​ហ៊ុនផលិតទឹកដោះគោអូស្ត្រាលីឈ្មោះ Bellamy’s ពីសំណាក់ក្រុមហ៊ុនចិន Mengniu ដែលមានតម្លៃ​ប្រមាណ​១៤៦០លានដុល្លារអូស្ត្រាលី គឺវាស្មើនឹងពាក់កណ្តាល នៃតម្លៃវិនិយោគសរុប របស់ចិននៅអូស្ត្រាលីទៅហើយ។

អ្នកជំនាញរូបនេះបញ្ជាក់ថា កាលពីឆ្នាំ២០១៦ ការវិនិយោគរបស់​ចិននៅអូស្ត្រាលី មានតម្លៃប្រមាណ ១៥៨០០លានដុល្លារអូស្ត្រាលី។ ក៏ប៉ុន្តែ៣ឆ្នាំជាប់គ្នាបន្ទាប់ គឺបានធ្លាក់ចុះជាបន្តបន្ទាប់ និងយ៉ាងលឿនបំផុត។ បើប្រៀបធៀបទៅនឹងការធ្លាក់ចុះ នៃការវិនិយោគក្រៅប្រទេសរបស់ចិន ជាទូទៅក្នុងពិភពលោក គឺនៅអូស្ត្រាលី ដែលការធ្លាក់ចុះនេះ មានកម្រិតខ្លាំងបំផុត។

លោក Peter Drysdale បានពន្យល់ថា វាច្បាស់ណាស់​ ដែលថា៣ឆ្នាំចុងក្រោយនេះ គឺអ្នកវិនិយោគចិន បានមើលឃើញថា បរិយាកាសធ្វើជំនួញនៅអូស្ត្រាលី អាចមានគ្រោះថ្នាក់សម្រាប់ពួកគេ ដែលតម្រូវឲ្យ​ពួកគេមាន​ការប្រុងប្រយ័ត្នខ្ពស់។

សូមរំលឹកថា រដ្ឋាភិបាលអូស្ត្រាលី បានដំឡើងសំឡេងដាក់ចិន ជាច្រើនរឿង ជាពិសេសទាក់ទិននឹងការចេតនា វាទទី ជះឥទ្ធិពលរបស់ចិន មកក្នុងរង្វង់​មន្ត្រីរដ្ឋអូស្ត្រាលី និង​ សហគ្រាសអូស្ត្រាលី។ កាលពីខែមិថុនាកន្លងទៅ រដ្ឋាភិបាលអូស្ត្រាលីបានចេញវិធានការថ្មី ដើម្បីគ្រប់គ្រងការវិនិយោគមកពីបរទេស​ ដោយធ្វើយ៉ាងណា រារាំងការវិនិយោគណា ដែលអាចបង្កហានិភ័យ ដល់សន្តិសុខជាតិ​អូស្ត្រាលី។ ជាវិធានការថ្មី ដែល​ត្រូវគេមើលឃើញថា អូស្ត្រាលីសំដៅទៅលើ​ការ​វិនិយោគមកពីចិន។ រដ្ឋាភិបាលអូស្ត្រាលី ក៏បាន​ហាម មិនឲ្យ​​ក្រុមហ៊ុន Huawei ចូលរួមនៅក្នុងទីផ្សារ​ដំឡើង​ប្រព័ន្ធ​បច្ចេកវិទ្យា​ 5G ទេ។ បញ្ហាកូវីដ១៩ ដែលផ្ទុះចេញ​ពីទីក្រុងវូហាន ប្រទេសចិន ក៏បានបន្ថែមបញ្ហាផងដែរ ដោយលោក ស្កុត ម៉ូរីសុន នាយករដ្ឋមន្ត្រីអូស្ត្រាលី បាននិយាយបន្ទោស ទំលាក់កំហុស​លើចិន។

ជាការសងសិក ចិនបានចាត់វិធានការមួយចំនួន តបវិញ ដូចជាបានព្យួរការនាំចូលសាច់គោ ពីក្រុម​ហ៊ុន​អូស្ត្រាលី​ចំនួន៤ និងបានដំឡើងពន្ធដល់ទៅ​៨០% លើស្រូវសាឡីអូស្ត្រាលី។ កាលពីខែមិថុនា ចិន​បាន​ក្រើន​រំឮក មិនឲ្យ​ប្រជាជនចិន មិនថាទេសចរណ៍ ឬនិស្សិត ទៅអូស្ត្រាលីទេ ដោយហេតុតែមានករណី​ ហិង្សា រើសអើងប្រកាន់ពូជសាសន៍។ ថ្មីៗនេះ ចិនក៏បានបើកការស៊ើបអង្កេត ដើម្បី​អាចដំឡើងពន្ធនាំចូល​ លើស្រាទំពាំងបាយជូអូស្ត្រាលីដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ