អានតួអត្ថបទ
អាមេនី-អាស៊ែបៃហ្សង់

ការប្រយុទ្ធនៅតំបន់​ការ៉ាបាក់៖ លោកម៉ាក្រុង​ រិះគន់​សំដី​បែប​បញ្ឆេះសង្រ្គាម របស់​​លោកអ៊ែរដូហ្កាន់

ជាថ្មីម្តងទៀត លោកម៉ាក្រុង ប្រធានាធិបតីបារាំង បានរិះគន់ លោកអ៊ែរដូហ្កាន់ ប្រធានាធិបតីតួកគី​ បន្ទាប់ពី​ប្រធានាធិបតីរូបនេះ បាននិយាយជម្រុញឲ្យ​ អាស៊ែបៃហ្សង់ បន្តប្រយុទ្ធ ដើម្បី​ដណ្តើ​មដែន​ដី​ការ៉ាបាក់ ពីក្រុមផ្តាច់ទឹកដីគាំទ្រដោយអាមេនី។ លោកម៉ាក្រុងថា សម្តីបញ្ឆេះសង្រ្គាម របស់​លោកអ៊ែរដូហ្កាន់ មិនបានជួយដោះស្រាយបញ្ហាទេ ផ្ទុយទៅវិញ វាអាចជាគ្រោះថ្នាក់ ដល់ស្ថិរភាពតំបន់កូកាសទាំងមូល។

រូបផ្សាយផ្សព្វផ្សាយ​ដោយ​កងទ័ព​អាស៊ែបៃហ្សង់ ស្តីពីការប្រយុទ្ធនៅ​តំបន់ Nagorny-Karabakh ថ្ងៃទី​២៨ កញ្ញា ២០២០.
រូបផ្សាយផ្សព្វផ្សាយ​ដោយ​កងទ័ព​អាស៊ែបៃហ្សង់ ស្តីពីការប្រយុទ្ធនៅ​តំបន់ Nagorny-Karabakh ថ្ងៃទី​២៨ កញ្ញា ២០២០. via REUTERS - DEFENCE MINISTRY OF AZERBAIJAN
ផ្សាយពាណិជ្ជកម្ម

ការវាយប្រយុទ្ធគ្នា កំពុងតែប្រព្រឹត្តិទៅយ៉ាងក្តៅគគុក នៅតំបន់ការ៉ាបាក់ ចន្លោះព្រំដែនរវាង​អាមេនី និង អាស៊ែបៃហ្សង់ តាំងតែពីថ្ងៃអាទិត្យទី ២៧កញ្ញាមក។ ក្នុងនាមជាសម្ព័ន្ធមិត្ត របស់អាស៊ែបៃហ្សង់ លោក អ៊ែរដូហ្កាន់ ប្រធានាធិបតី តួកគី បានប្រកាសកាលពីថ្ងៃអង្គារថា តួកគីត្រៀមខ្លួនជួយប្រយុទ្ធអាស៊ែបៃហ្សង់ ដើម្បីប្រមូលយកមកកាន់កាប់វិញ នូវដែនដីការ៉ាបាក់ ដែលកងទ័ព​អាមេនី បានចូលទន្ទ្រាន។

សម្តីបែបបញ្ឆេះសង្រ្គាម ពន្យុះឲ្យ​អាស៊ែបៃហ្សង់បន្តប្រយុទ្ធនេះ ត្រូវបាន​រងការរិះគន់ភ្លាមៗ ពីលោក​ម៉ាក្រុង ប្រធានាធិបតី​បារាំង។ នៅថ្ងៃពុធ ទី៣០កញ្ញា ពីទីក្រុងរីហ្កា រដ្ឋធានីប្រទេសឡេតូនី លោក​ម៉ាក្រុងបានលើកឡើងថា សម្តីបែបញុះញង់ឲ្យធ្វើសង្រ្គាម ពីសំណាក់តួកគីនេះ គឺជារឿងមួយគ្រោះថ្នាក់ខ្លាំងណាស់។ លោកម៉ាក្រុង បានបញ្ជាក់​ថា លោកនឹងទូរស័ព្ទ និយាយជាមួយ​លោក ពូទីន ព្រមទាំងលោកដូណាល់ ត្រាំ ក្នុងមាន​ប្រទេសទាំង៣ ជាសមាជិកនៃក្រុមប្រទេសមីនស្គ ដែលមានតួនាទី សម្របសម្រួល ការពារស្ថិរភាព និងសន្តិសុខ ក្នុងតំបន់នេះ។ លោកម៉ាក្រុង បានបញ្ជាក់បន្ថែមថា សម្រាប់ពេលនេះ គេត្រូវតែ​ធ្វើការពិនិត្យ ស្វែងយល់អំពីអង្គហេតុ ឲ្យបានច្បាស់លាស់ ដើម្បីបញ្ជាក់ពី​ប្រភព ដែល​បង្កើតឲ្យមាន​​ការប្រយុទ្ធគ្នានេះ។

ជាការឆ្លើយតបវិញ រដ្ឋមន្ត្រីការបរទេសតួកគី បានលើកឡើងថា ប្រធានាធិបតីបារាំង បាននិយាយសម្តែងសាមគ្គីភាព ទៅខាងអាមេនី ដែលនេះ វាហាក់មានន័យថា បារាំង គាំទ្រឲ្យអាមេនី លើកទ័ពចូលមកទន្ទ្រានដែនដីការ៉ាបាក់ របស់អាស៊ែបៃហ្សង់។

សូមបញ្ជាក់ថា ដែនដី ណាហ្គូនីការ៉ាបាក់ (Nagorny Karabakh) ជាផ្នែកមួយរបស់អាស៊ែបៃហ្សង់ តែសំបូរទៅដោយប្រជាជនអាមេនី​រស់នៅ។ ដែនដីនេះ ធ្លាប់បាន​រើបំរះ ធ្វើសង្រ្គាមប្រកាសឯករាជ្យចេញពីអាស៊ែបៃហ្សង់ នៅឆ្នាំ១៩៩១ ក៏ប៉ុន្តែពុំត្រូវបាន​សហគមអន្តរជាតិទទួលស្គាល់ទេ។ ក្រោយការផ្ទុះអាវុធសាជាថ្មី ដោយមានអន្តរាគមន៍របស់​កងទ័ពអាមេនី ចូលទៅជួយ​ក្រុមផ្តាច់ខ្លួននេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចេញសេចក្តីប្រកាស កាលពីថ្ងៃអង្គារទី​២៩កញ្ញា ឲ្យ​កងទ័ពទាំងសងខាង ទំលាក់អាវុធជាបន្ទាន់ ហើយ​បើកផ្លូវចរចា។

ដោយឡែក រុស្ស៊ី ដែលកន្លងមក បានរក្សាទំនាក់ទំនងល្អ ជាមួយអាមេនីផង និង​ អាស៊ែបៃហ្សង់ផងនោះ ក៏បានអំពាវនាវ ឲ្យទំលាក់អាវុធដែរ។ ផ្ទុយទៅវិញ គឺមានតែតួកគីមួយប៉ុណ្ណោះ ដែលបន្តស្រែក ឲ្យអាស៊ែបៃហ្សង់ប្រឹងប្រែង​ប្រយុទ្ធ ហើយបើចាំបាច់ខ្លួននឹងចាំជួយដោយរីករាយ។

រហូតមកទល់ពេលនេះ ទាំង​អាមេនី និង​អាស៊ែបៃហ្សង់ សុទ្ធតែបានអះអាងថា មិនចរចា ហើយប្តេជ្ញាប្រយុទ្ធលុះត្រាតែឈ្នះ។ ការប្រយុទ្ធគ្នានេះ ក៏បានជំរុញ ឲ្យផុសផុល នូវ​ចរន្តគំនិតជាតិនិយម ស្អប់ខ្ពើមគ្នាទៅវិញទៅមក រវាង​ប្រជាជនអាមេនីដែលកាន់សាសនាគ្រិស្ត និងប្រជាជនអាស៊ែបៃហ្សង់ ដែលកាន់សាសនាអ៊ីស្លាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ