អានតួអត្ថបទ
អាមេរិក-ចិន-អាស៊ីប៉ាស៊ីហ្វិក

លោកប៉ុមប៉េអូ រិះគន់​ចិន​ខ្លាំងៗ​​ ​ចំពោះមុខ​​ប្រមុខ​ការទូត​ជប៉ុន ឥណ្ឌា​ និង​អូស្រ្តាលី

លោកម៉ៃ ប៉ុមប៉េអូ ប្រមុខការទូតអាេមរិក បានមានវត្តមាននៅទីក្រុងតូក្យូ នៅថ្ងៃទី​៦តុលានេះ ដើម្បី​ជួប​ប្រជុំគ្នា ជាលក្ខណៈក្រៅផ្លូវការ ជាមួយ​នឹង​ប្រមុខការទូតប្រទេស៣ទៀត គឺជប៉ុន ឥណ្ឌា និងអូស្ត្រាលី។ នៅក្នុងជំនួបនោះ លោកប្រមុខការទូតអាមេរិក បាននិយាយរិះគន់ចិន ខ្លាំងៗ ហើយនិងបាន​លើកឡើងថា ប្រទេសទាំង៣នេះ ត្រូវរួមសហការគ្នាជាមួយ​នឹង​សហរដ្ឋអាមេរិក ដើម្បី​ទប់ស្កាត់សកម្មភាពឈ្លានពានវាទទីរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

រដ្ឋមន្ត្រីការបរទេសឥណ្ឌា Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេសជប៉ុន Toshimitsu Motegi រដ្ឋមមន្ត្រីការបរទេសអូស្ត្រាលី Marise Payne និងលោក Mike Pompeo រដ្ឋមន្រ្តីការបរទេសអាេមរិក នៅក្នុងកិច្ចប្រជុំ "Quad" ទីក្រុងតូក្យូ ថ្ងៃទី​៦ តុលា ២០២០។
រដ្ឋមន្ត្រីការបរទេសឥណ្ឌា Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេសជប៉ុន Toshimitsu Motegi រដ្ឋមមន្ត្រីការបរទេសអូស្ត្រាលី Marise Payne និងលោក Mike Pompeo រដ្ឋមន្រ្តីការបរទេសអាេមរិក នៅក្នុងកិច្ចប្រជុំ "Quad" ទីក្រុងតូក្យូ ថ្ងៃទី​៦ តុលា ២០២០។ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

ដំណើរទៅកាន់តំបន់អាស៊ីខាងកើត របស់​លោកប្រមុខការទូតអាមេរិក ត្រូវបាន​បំព្រួញឲ្យខ្លីវិញ ដោយលោក​បានរក្សាទុកតែការទៅទីក្រុងតូក្យូ និងលុបចោល ការធ្វើដំណើរទៅ​កូរ៉េខាងត្បូង និងម៉ុងហ្គោលី។ នេះក៏ដោយសារតែបញ្ហាចលាចលនៅវ៉ាស៊ីនតោន ក្រោយពេលដែល​លោកដូណាល់ ត្រាំ បានឆ្លងជំងឺកូវីដ១៩​ និងបានចូលសម្រាកពេទ្យ។

ព្រឹកថ្ងៃទី​៦តុលា នៅតូក្យូ លោកម៉ៃ ប៉ុមប៉េអូ បានជួបប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ឥណ្ឌា និងអូស្ត្រាលី។ ក្នុងពេលប្រជុំនេះ លោកម៉ៃ ប៉ុមប៉េអូ បាននិយាយរិះគន់ចិនជាខ្លាំង។ ដូចគ្នាដែរ លោកស្រី​ប្រមុខការទូតអូស្ត្រាលី បាន​លើកឡើង អំពីសកម្មភាពឈ្លានពាន វាទទីរបស់ចិន នៅក្នុងតំបន់ប៉ាស៊ីហ្វិក ដែលប្រការនេះ បានប៉ះពាល់យ៉ាងខ្លាំង ដល់ប្រទេសផ្សេងទៀតក្នុងតំបន់។

សូមបញ្ជាក់ថា ក្រុម៤ប្រទេស (Quad) សហរដ្ឋអាមេរិក​ ជប៉ុន ឥណ្ឌា និងអូស្ត្រាលី ជាក្រុមក្រៅផ្លូវការ ត្រូវបានផ្តួចផ្តើមឡើងដោយលោក​ស៊ីន ហ្សូអាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅឆ្នាំ២០១៩។ ទោះបីជាក្រៅផ្លូវការ និងគ្មានកម្មវត្ថុអ្វីច្បាស់លាស់ តែ​គ្រប់គ្នាអាចដឹងបានថា ក្រុមនេះ​​ជាក្រុមប្រទេសដែលជួបប្រជុំនិយាយគ្នា ដើម្បី​ទប់ទល់ជាមួយចិន។ ទាំងជប៉ុន ទាំងឥណ្ឌា ទាំងអូស្ត្រាលី សុទ្ធតែជាមហាអំណាចតំបន់ ហើយជាប្រទេស ដែល​មានគោលជំហរ មិនពេញចិត្តនឹង​ចិន ដែលចង់វាទទី​ច្បាមយកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក​តែម្នាក់ឯង។

យ៉ាងណាមិញ ចិនបានសម្តែងការមិនពេញចិត្ត ចំពោះការប្រជុំគ្នាតែបួនប្រទេសនេះ។ លោកវ៉ាង ពីន អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន ធ្លាប់​បាននិយាយថា ប្រទេសក្នុងតំបន់ គួរណាតែ​រួបរួមគ្នា ប្រមូលគ្នា ដើម្បី​រក្សាសន្តិភាព ស្ថិរភាពតំបន់ មិនគួរចែកបក្ស ប្រមូលគ្នាប្រជុំស្ងាត់ៗ ដូច្នេះទេ។

គួរបញ្ជាក់ដែរថា ដំណើរទៅដល់របស់​លោក ម៉ៃ ប៉ុមប៉េ​អូ នៅជប៉ុន ក៏ជាលើកទីមួយ​ដែរ សម្រាប់​រដ្ឋាភិបាលថ្មីរបស់ជប៉ុន ដឹកនាំដោយលោក យូស្ហីហ៊ីដេ ស៊ូហ្កា។ លោក ស៊ូហ្កា ធ្លាប់បានលើកឡើង​ថា ចំណងសហការរវាងអាេមរិកនិងជប៉ុន គឺជាគ្រិះនៃស្ថិរភាពតំបន់ទាំងមូល។ តែយ៉ាងណា គេសង្កេតឃើញថា លោកស៊ូហ្កា ប្រហែលជាមិនសូវចង់តតាំងប្រឈមមុខខ្លាំង ប៉ុន្មានទេ មិនថា​ជាមួយ​ចិន ឬ​ជាមួយ​រុស្ស៊ី ដោយលោកចង់រក្សាតុល្យភាពអំណាច ​ក្នុងតំបន់ច្រើនជាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ