អានតួអត្ថបទ

ចិន​ចាប់ប្រើ​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ ដែល​ចិន​ទើបផលិត​បាន​ជាលើកទី​១ ដោយខ្លួនឯង

ប្រទេស​ចិន​បាន​បោះ​មួយជំហាន​ទៀត ដើម្បី ងាកចេញ​ពី​ការពឹងអាស្រ័យ​លើ​បច្ចេកវិទ្យា​របស់​ប្រទេស​លោកខាងលិច។ នៅថ្ងៃ​សុក្រនេះ ប្រទេស​ចិន​បាន​ចាប់ប្រើ ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ ក្នុងស្រុក ដែល​ចិន​ទើប​ផលិត​បាន ដោយ​ខ្លួនឯង។ តាម​សេចក្តីប្រកាស​របស់​ក្រុមហ៊ុន​នុយក្លេអ៊ែរ​ចិន CNNC ម៉ាស៊ីនប្រតិករ​ឈ្មោះ Hualong One នឹង​អាច​ផលិត​បាន​ អគ្គិសនី ១០ពាន់លានគីឡូវ៉ាត់ម៉ោង ក្នុងមួយឆ្នាំៗ និង​ជួយ​ឲ្យ​ចិន អាច​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក បាន​ប្រមាណ ៨លាន​តោន។ 

រោងចក្រ​នុយក្លេអ៊ែរ​សម្រាប់ផលិត​ថាមពល​អគ្គិសនី​នៅ​ខេត្ត​ហៃណាន់ ភាគខាងត្បូង​ប្រទេស​ចិន នៅឆ្នាំ ២០១១
រោងចក្រ​នុយក្លេអ៊ែរ​សម្រាប់ផលិត​ថាមពល​អគ្គិសនី​នៅ​ខេត្ត​ហៃណាន់ ភាគខាងត្បូង​ប្រទេស​ចិន នៅឆ្នាំ ២០១១ AP
ផ្សាយពាណិជ្ជកម្ម

“ចិនបាន​បំបែក លែង​ឲ្យ​មាន​បច្ចេកវិទ្យា​ផ្តាច់មុខ​របស់​បរទេស នៅក្នុង​វិស័យ​នុយក្លេអ៊ែរ” នេះជា​ការអះអាង​របស់​ក្រុមហ៊ុន​នុយក្លេអ៊ែរ​ជាតិ​ចិន CNNC នៅ​ថ្ងៃ​សុក្រនេះ ថ្ងៃ​ដែល​ម៉ាស៊ីនប្រតិករ ផលិត​ក្នុង​ស្រុក ជាលើកដំបូង របស់​ចិន ត្រូវ​បាន​ដាក់ ​សាកល្បង ​ឲ្យប្រើប្រាស់ ជាផ្លូវការ។

ម៉ាស៊ីន​ប្រតិករ នុយក្លេអ៊ែរ Hualong One កើតចេញ​ពី​ឆន្ទៈ​របស់​ចិន ដែល​ចង់​ដកខ្លួន លែង​ពឹងផ្អែក​លើ​បរទេស​សម្រាប់​វិស័យ​គន្លឹះ ដូចជា សន្តិសុខ​ថាមពល និង​បច្ចេកវិទ្យា។ កាត់បន្ថយ​ការពឹងផ្អែក លើ​បច្ចេកវិទ្យា​របស់​ប្រទេស​លោកខាងលិច នៅក្នុង​វិស័យ​នុយក្លេអ៊ែរ គឺ​ជាមហិច្ឆតា គោលដៅ​ស្នូល​នៃ​យុទ្ធសាស្រ្ត របស់​ចិន ដែល​មាន​ផែនការ​ចង់​បាន​កេរ្តិ៍ឈ្មោះ “ផលិតផល​ដែល​ផលិត​ឡើងនៅ ប្រទេស ចិន នៅ ឆ្នាំ ២០២៥”

ដើម្បី សម្រេច​គោលដៅ រដ្ឋាភិបាល​ចិន​បានផ្តល់ជំនួយ​រាប់ពាន់​លាន​ដុល្លារ សម្រាប់​ក្រុមហ៊ុន​រដ្ឋចិន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រទេស​ដៃគូ​ជា​ច្រើន​មិន​សប្បាយចិត្ត និង​បាន​បង្ក​ឲ្យ​មាន​សង្គ្រាម ពាណិជ្ជកម្ម​ជាមួយ​អាមេរិក។

នៅបន្ទាប់ពី ម៉ាស៊ីនប្រតិករ Hualong One ដែល​ចាប់សាងសង់​ឡើង​តាំង​ពី​ឆ្នាំ ២០១៥ ចិន កំពុង​សាងសង់​ម៉ាស៊ីន​ប្រតិករ ចំនួន​៦ផ្សេងទៀត នៅស្រុកចិន ហើយនិង​នៅទឹកដី​បរទេស។ តាម​សេចក្តីប្រកាស​របស់​ក្រុមហ៊ុន​ចិន ម៉ាស៊ីន​ប្រតិករ Hualong One​ដែលបាន​តភ្ជាប់ ទៅ  បណ្តាញ​អគ្គិសនី​ជាតិ ចិន នៅ ថ្ងៃ​សុក្រនេះ មាន​សមត្ថភាព​ផលិត​ អគ្គិសនី ១០ពាន់​លាន​គីឡូវ៉ាត់ម៉ោង ក្នុង​មួយឆ្នាំ។

ប្រទេស​ចិនមាន​រោងចក្រ​អគ្គិសនីរ ដើរដោយ​ថាមពល​នុយក្លេអ៊ែរ ចំនួន ៤៧ ដែល​ធ្វើ​ឲ្យ​ចិន​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ៣ បន្ទាប់ពី​អាមេរិក និង​ប្រទេស​បារាំង។ តាម​រដ្ឋបាលជាតិផ្នែកថាមពល រោងចក្រ​នុយក្លេអ៊ែរ​របស់​ចិន មាន​សមត្ថភាព​ផ្គត់ផ្គង់​ភ្លើង អគ្គិសនី ប្រមាណ ៤៨ លាន​គីឡូវ៉ាត់ ស្មើ​នឹង​៥%​នៃ​តម្រូវការ​សរុប​ក្នុង​ស្រុកចិន។ អាជ្ញាធរ​ចិន​សង្ឃឹម បង្កើន​បរិមាណ​អគ្គិសនី​បាន​មក​ពី រោងចក្រនុយក្លេអ៊ែរ នៅ ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ដើម្បី​អាច​សម្រេច​គោលដៅ កាត់បន្ថយ ការបញ្ចេញ​ឧស្ម័នកាបូនិក ឬ គ្រប់គ្រងអព្យាក្រិត​កាបោន នៅឆ្នាំ ២០៦០។

ដើម្បី កាត់បន្ថយ ការបញ្ចេញ​ឧស្ម័នកាបូនិក ប្រទេស​ចិន​បាន​កាត់បន្ថយ​រោងចក្រ​ផលិតអគ្គិសនី ដើរដោយ​ថាមពល​ធ្យូងថ្ម និង​បាន​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ សម្រាប់ វិស័យ​នុយក្លេអ៊ែរ។ សព្វថ្ងៃ​នេះ ចិន​កំពុង​សាងសង់​ រោងចក្រ​នុយក្លេអ៊ែរ ចំនួន ១៣​បន្ថែមទៀត ដោយ​មិន​ខ្វល់​ពី បញ្ហា​បរិស្ថាន និង​សុវត្ថិភាព។ នៅ​ឆ្នាំ ២០១៦ អាជ្ញាធរ​ចិន បាន​បង្ខំចិត្ត បិទ​រោងចក្រ កែច្នៃ សំរាម​នុយក្លេអ៊ែរ មួយកន្លែង​នៅ​ខេត្ត​Jiangsu បន្ទាប់​ពី មាន​បាតុកម្ម​តវ៉ាប្រឆាំង​ខ្លាំង ​របស់​ប្រជាជន​ចិនរាប់ពាន់នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ