អានតួអត្ថបទ
ហុងកុង-ច្បាប់

តុលាការ​ហុងកុង​កាត់​ទោស​ដាក់​ពន្ធនាគារ​យុវជន​បាតុកម្ម​ប្រជាធិបតេយ្យ​បី​រូប

មេដឹកនាំ​បាតុកម្ម​ទាមទារ​ប្រជាធិបតេយ្យ​ហុងកុង​លោក​ជូសស្ហួរ​ វ៉ុង​ (Joshua Wong) និង​យុវជន​ពីរ​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​តុលាការ​ហុងកុង​សម្រេច​កាត់ទោស​ឲ្យជាប់​ពន្ធនាគារ​នៅថ្ងៃពុធ ទី​២ ធ្នូ​នេះ​។ អ្នកទាំងបី​ ត្រូវបាន​គេរកឃើញថា​មាន​ពិរុទ្ធ​ និង​ត្រូវ​បាន​កាត់ទោសពាក់ព័ន្ធ​នឹង​សកម្មភាព​ចូលរួម​របស់​ពួកគេ​នៅក្នុង​បាតុកម្ម​តវ៉ា​ដ៏ធំ​កាល​ពី​ឆ្នាំ​ ២០១៩ កន្លង​ទៅ​នេះ​។

១០ថ្ងៃក្រោយរងការឃុំខ្លួន យុវជនប្រជាធិបតេយ្យចំនួនបីរូបត្រូវបានតុលាការហុងកុងសម្រេចទោសឲ្យជាប់ពន្ធាគារនៅថ្ងៃពុធ ទី២ ធ្នូ ឆ្នាំ២០២០នេះ។
១០ថ្ងៃក្រោយរងការឃុំខ្លួន យុវជនប្រជាធិបតេយ្យចំនួនបីរូបត្រូវបានតុលាការហុងកុងសម្រេចទោសឲ្យជាប់ពន្ធាគារនៅថ្ងៃពុធ ទី២ ធ្នូ ឆ្នាំ២០២០នេះ។ AP - Kin Cheung
ផ្សាយពាណិជ្ជកម្ម

ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង​ត្រូវ​ជាប់គាំង​ ហើយ​យុវជន​ប្រជាធិបតេយ្យវិញក៏ត្រូវ​ជួប​បញ្ហា​ជាបន្តបន្ទាប់​ ចាប់តាំងពី​ចិន​របស់លោកស៊ី ជីនពីង​ ដាក់ឲ្យ​អនុវត្ត​នូវ​ច្បាប់សន្តិសុខ​ដ៏​ចម្រូង​ចម្រាស​នៅដើម​ខែកក្កដា​ ឆ្នាំ២០២០ ​រួចមក​។

តួយ៉ាង​ ១០ថ្ងៃ​ក្រោយ​រងការ​ឃុំខ្លួន​ យុវជន​ប្រជាធិបតេយ្យ​ចំនួនបី​រូប​ត្រូវ​បាន​តុលាការ​ហុងកុង​​ ​សម្រេច​ទោស​ឲ្យជាប់​ពន្ធាគារ​នៅថ្ងៃពុធនេះ​។ យុវជន​វ័យ​ក្មេងទាំងនោះ​រួមមាន​ មេដឹកនាំ​ទាមទារ​ប្រជាធិបតេយ្យ​ដ៏ល្បី​វ័យ ​២៤ឆ្នាំ​ ឈ្មោះ​ ជូសស្ហួរ​ វ៉ុង​ ទទួល​ទោស​ជាប់​ពន្ធនាគារ​ ១៣ខែ​ ១៥​ថ្ងៃ​ ខណៈដែល​យុវជនពីរនាក់​ផ្សេងទៀត​គឺ​លោក​ Ivan Lam និង​ កញ្ញា Agnes Chow​ ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល ១០​ខែ​ និង​៧ខែ​រៀងៗខ្លួន​។

អ្នកទាំងបីនេះ​ សុទ្ធ​តែ​ត្រូវគេមើល​ឃើញថា​ស្ថិត​នៅក្នុង​ចំណោម​ក្រុម​យុវជន​ហុងកុង​ដែល​ក្លាហាន​ និងហ៊ាន​រិះគន់​រដ្ឋាភិបាល​ហុងកុង​។ ពួកគេ​ បានរង​ការចោទ​ប្រកាន់​ និង​រក​ឃើញ​ថា​មានកំហុស​ ពាក់ព័ន្ធនឹង​សកម្មភាព​រៀបចំ និង​ចូលរួម​ការ​​ប្រមូលផ្តុំគ្នា​ដោយ​គ្មាន​ការអនុញ្ញាត​ នៅក្បែរ​ស្នងការ​ប៉ូលិស​ កាល​ពី​ខែមិថុនា​ ឆ្នាំទៅ​មិញ​។

នៅក្នុង​សវនាការ​ យុវជន​ Ivan Lam បាន​ស្រក់​ទឹកភ្នែក​ នៅពេល​ឮ​ចៅក្រម​អាន​ការ​សម្រេចក្តី​។ ចំណែកឯ​មេដឹកនាំ​ទាមទារ​ប្រជាធិបតេយ្យ​ ជូសស្ហួរ​ វ៉ុង​ វិញ​ ពេលត្រូវ​​សមត្ថកិច្ច​ក្រៀកចេញ​ពី​អង្គជំនុំជម្រះក្តី​ លោកបានស្រែក​ឡើងថា​ ថ្ងៃខាង​មុខ​នឹង​ពិបាក​ណាស់​ ប៉ុន្តែ​យើងនឹង​នៅតែ​តស៊ូនៅទីនេះ​។ នេះ​ បើយោង​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​ជាច្រើន​។

អង្គការ​សិទ្ធិមនុស្ស​ Amnesty International បាន​ថ្កោលទោស​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​ហុងកុងខាងលើ​ ​ដោយ​និយាយថា​ នេះ​គឺជា​យុទ្ធសាស្ត្រមួយ​របស់​អាជ្ញាធរ​ ដើម្បី​ធ្វើ​ការ​ព្រមាន​ កំញើញ​ ដល់​អ្នក​ទាំងឡាយណា​ ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ដោយ​បើកចំហ​។ មានន័យថា​ ការកាត់ក្តី​ គឺជា​សារប្រាប់ថា​ អ្នកណា​ហ៊ានប្រឆាំង​ អ្នកនោះ​ហើយ​ ដែល​អាច​ក្លាយ​ជាអ្នក​ជាប់ទោសបន្ទាប់​។

សម្រាប់​ Amnesty International ការ​កាត់ទោស​ដាក់ពន្ធនាគារ​យុវជន​បាតុកម្ម​ប្រជាធិបតេយ្យ​ទាំងបីនាក់​ គឺជា​ការរំលោភ​ លើ​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​និង​ការជួបជុំ​ដោយសន្តិវិធី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ