អានតួអត្ថបទ
ចិន-អ៊ុយហ្គួ-អាហ្វហ្កានីស្ថាន

ចារកិច្ច​ចិន​១០​នាក់ ដែល​ស៊ើប​រឿង​ជនអ៊ុយហ្គួ​​អ៊ីស្លាម​​ជ្រុល​និយម ត្រូវ​អាហ្វហ្កានី​ស្ថាន​​ចាប់ខ្លួន​

យ៉ាងហោចណាស់ មានជនជាតិចិន ចំនួន​​១០នាក់ ត្រូវបាន​ចាប់ខ្លួនដោយអាជ្ញាធរអាហ្វហ្កានីស្ថាន នៅទីក្រុងកាប៊ូល។ យោងតាម​ភ្នាក់ងារស៊ើបការសំងាត់អាហ្វហ្កានីស្ថាន ជនជាតិចិនទាំងនេះ គឺជាគិញ​ចារកិច្ច ដែលរដ្ឋាភិបាល​ចិន បានបញ្ជូនមក ដើម្បី​ឲ្យ​ស៊ើបអង្កេត តាមដានរឿងជនជាតិអ៊ុយហ្គួ  ដែលបានមកចូលរួម​ជាមួយ​ក្រុម​ជីហាតឥស្លាមជ្រុលនិយម នៅអាហ្វហ្កានីស្ថាន។

ច្រកចូលទីតាំងមួយ ដែលចិនអះអាងថា ជាមណ្ឌលអប់រំបណ្តុះបណ្តាល​វិជ្ជាជីវៈ ឲ្យ​ដល់​ប្រជាជន​អ៊ុយហ្គួ នៅខេត្តស៊ីនជាំង
ច្រកចូលទីតាំងមួយ ដែលចិនអះអាងថា ជាមណ្ឌលអប់រំបណ្តុះបណ្តាល​វិជ្ជាជីវៈ ឲ្យ​ដល់​ប្រជាជន​អ៊ុយហ្គួ នៅខេត្តស៊ីនជាំង REUTERS - Thomas Peter
ផ្សាយពាណិជ្ជកម្ម

ប្រតិបត្តិការបំបែកសំបុក​ របស់ចារកិច្ចចិន នៅទីក្រុងកាប៊ូល ត្រូវបានធ្វើតាំងតែងពីថ្ងៃទី​១០ធ្នូម្លេះ តែទើបតែត្រូវបាន ភ្នាក់ងារស៊ើបការណ៍​​សំងាត់អាហ្វហ្កានីស្ថាន ប្រកាសឲ្យ​​ដឹង​ កាលពីថ្ងៃទី​២៦ធ្នូ។ ក្នុងចំណោមជនជាតិចិន​ ដែលគេឃាត់ខ្លួនទាំង១០នាក់ គឺមានម្នាក់ជាមេបេសកកម្ម ឈ្មោះ Ly Yangyang ដែលបានធ្វើដំណើរមកដល់ ទីក្រុងកាប៊ូល នៅរវាងត្រីមាសទី​៣ឆ្នាំ​២០២០នេះ។ ប្រភពដដែលអះអាងថា នៅទីតាំងស្នាក់នៅ​​ របស់មេក្រុមចារកិច្ចចិននេះ គឺគេបានរឹបអូសបាន អាវុធ និងគ្រាប់ផ្ទុះមួយចំនួនធំ។

យោងតាមភ្នាក់ងារស៊ើបការណ៍សំងាត់អាហ្វហ្កានីស្ថាន ក្រុមចារកិច្ចចិននេះ បានមក​ធ្វើសកម្មភាពឈ្លបយកការណ៍ នៅក្នុងទឹកដីអាហ្វហ្កានីស្ថាន ស្តីអំពីជនជាតិ​អ៊ុយហ្គួ​ ដែលបាន​មក​ចូលរួមក្នុងចលនាអ៊ីស្លាម​ជ្រុលនិយម អាល់កៃដា ដែលមាន​ទីតាំងនៅតំបន់ភាគ​ខាងកើតអាហ្វហ្កានីស្ថាន​។ ប្រភពដដែលនេះ បញ្ជាក់ថា ចារកិច្ចចិន បានព្យាយាមទាក់ទងជាមួយបណ្តាញ Haqqani ដែលជាក្រុមប្រដាប់អាវុធមួយផ្នែក របស់​ក្រុមតាលីបង់។

គួរបញ្ជាក់ថា ខេត្តស៊ីនជាំងរបស់ចិន​ ដែលមានប្រជាជនរស់នៅភាគច្រើនជាជនជាតិអ៊ុយហ្គួ កាន់​សាសនាអ៊ីស្លាមនោះ​ មានព្រំដែន​ស្ថិតនៅមិនឆ្ងាយ​ប៉ុន្មានពីភាគខាងកើត និងខាងជើងអាហ្វហ្កានីស្ថាន ដែលជាទីតាំងជង្រុករបស់​ក្រុមអាល់កៃដា។ ប៉ុន្មានឆ្នាំចុងក្រោយ​ក្រោយនេះ ដោយសារ​តែសកម្មភាពរំលោភសិទ្ធិសេរីភាព បង្កឡើង​ដោយ​អាជ្ញាធរកុម្មុយនីស្តចិន នៅខេត្តស៊ីនជាំង បានបណ្តាល​​ឲ្យ​ជន​អ៊ុយហ្គួ​ជាច្រើននាក់ បានស្ម័គ្រចិត្តចូលបំរើក្រុមអ៊ីស្លាមជ្រុលនិយម ដូចជាក្រុម​អាល់កៃដា និង​ក្រុម​​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ជាដើម។

ក្រុម​អ៊ុយហ្គួជ្រុលនិយម បានបង្កើតបណ្តាញភេរវកម្ម​មួយ ឈ្មោះថា ចលនាអ៊ីស្លាម​រំដោះដែនដីតួកេស្ថានខាងកើត ហៅកាត់ថា ETIM។ ក្រុមនេះ ធ្លាប់បានប្រកាស ធ្វើសង្រ្គាម​ ទល់នឹងចិន ដើម្បីរំដោះខេត្តស៊ីនជាំង ពីកណ្តាប់ដៃរបស់​អំណាច​កុម្មុយនីស្តចិន​។

គួរបញ្ជាក់ថា សំណុំរឿងប្រយុទ្ធប្រឆាំងនឹងចលនាភេរវកម្ម របស់ក្រុមអ៊ីស្លាមជ្រុលនិយម នៅខេត្តស៊ីនជាំងនេះ ត្រូវបាន​រដ្ឋាភិបាល​ចិន យកចិត្តទុកដាក់ជាខ្លាំង និង​បានចាត់វិធានការ យ៉ាងតឹង​ណែន​បំផុត។ យ៉ាងណាមិញ ជាច្រើនខែមកនេះ រដ្ឋអំណាចចិន ត្រូវបានអង្គការសិទ្ធិមនុស្សជា​ច្រើន ចោទប្រកាន់​ដោយ​​មាន​ភស្តុតាង​អម​បញ្ជាក់ ថា​ចិន​បាន​ចាប់​ជនជាតិ​អ៊ុយហ្គួ យ៉ាងហោច​១លាន​នាក់ ដាក់​ក្នុង​មន្ទីរ​​កែប្រែ ធ្វើទារុណកម្ម និង​លាងខួរក្បាល។

គួររលឹកដែរថា កាលពីចុងឆ្នាំ២០១៧ ចិនបានចុះហត្ថលេខា កិច្ចព្រមព្រៀង​ត្រីភាគី ជាមួយ​ អាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន ដើម្បី​កសាងសហប្រតិបត្តិការ​សេដ្ឋកិច្ច និងប្រយុទ្ធនឹងក្រុមភេរវកម្ម។ ខេត្តស៊ីនជាំង ត្រូវបាន​ចិនយក​ធ្វើជានុយសេដ្ឋកិច្ច ដើម្បីទាក់ទាញ​អាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន ឲ្យចូលរួម​សហការ ជួយបោសសំអាតចលនាភេរវកម្មអ៊ីស្លាមជ្រុលនិយម។ យ៉ាងណាក៏ដោយ ដំណឹងនៃការចាប់​ចារកិច្ចចិន ដែលធ្វើសកម្មភាព​ដោយសំងាត់ ក្នុងទឹកដីអាហ្វហ្កានីស្ថាន ដោយគ្មានការអនុញ្ញាតបែប​នេះ អាចនឹងធ្វើ​ឲ្យ​ទំនាក់ទំនង រវាងចិន អាហ្វហ្កានីស្ថាន ជួបភាពល្អក់កករ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ