អានតួអត្ថបទ
ជប៉ុន-អាកាសធាតុ-វៀតណាម

ទោះ​មាន​ការរិះគន់ ​ជប៉ុន​មានះ​ចូលរួម​​វិនិយោគ ​ក្នុង​​គម្រោង​​រោងចក្រ​ថាមពល​​ធ្យូងថ្ម នៅ​វៀតណាម

ធានាគារ​ដ៏ធំរបស់ជប៉ុនមួយ​ បានចូលរួមនៅក្នុងគម្រោងវិនិយោគ​ កសាងរោងចក្រផលិត​ថាមពល​ដើរដោយ​ធ្យូងថ្មនៅវៀតណាម ក្នុងតម្លៃជាង​៦០០លានដុល្លារ។ ប្រការនេះបានធ្វើ​ឲ្យ​ រដ្ឋាភិបាលជប៉ុន ត្រូវអង្គការ​បរិស្ថាន​ជាច្រើន​រិះគន់ ថាកំសាក ដែល​មិនបានជួយហាមឃាត់ការវិនិយោគនេះ ខណៈដែលខ្លួន​ទើបតែបានប្រកាស អំពីអាទិភាពនៃការវិនិយោគ លើ​គម្រោង​ផលិត​ថាមពល​ស្អាតស្អំ មិនបញ្ចេញឧស្ម័នពុល

រូបភាព​របស់ អង្គការ Nocoaljapan អំពាវនាវឲ្យ​ធនាគារជប៉ុន ត្រូវតែបោះបង់​ចោល​ការវិនិយោគ​ក្នុង​វិស័យ​ធ្យូងថ្ម ដែល​បំពុល​បរិស្ថានបំផុត។
រូបភាព​របស់ អង្គការ Nocoaljapan អំពាវនាវឲ្យ​ធនាគារជប៉ុន ត្រូវតែបោះបង់​ចោល​ការវិនិយោគ​ក្នុង​វិស័យ​ធ្យូងថ្ម ដែល​បំពុល​បរិស្ថានបំផុត។ © Nocoaljapan.org
ផ្សាយពាណិជ្ជកម្ម

រោងចក្រ​ថាមពលអគ្គិសនី ដើរដោយ​ធ្យូងថ្ម Vung Ang II ស្ថិតនៅភាគកណ្តាល​ប្រទេសវៀតណាម មានតម្លៃសាងសង់ប្រមាណ​ជា​១៨០០លានដុល្លារ។ ធនាគារសហប្រតិបត្តិការ​អន្តរជាតិ​របស់​ជប៉ុន JBIC បានសម្រេច​ចូលរួមវិនិយោគ ប្រមាណ​៦៣៦លានដុល្លារ។ ក្រៅពីនេះ នៅ​​មាន​ចំណែក​ធំ របស់​​ធនាគារ​អាហរណនី​ហរណ​ របស់កូរ៉េខាងត្បូង KEXIM និងធនាគារ​ឯកជន​របស់​​ជប៉ុន​មួយ​​ចំនួន​ទៀត។ នេះបើផ្អែកតាមការចុះផ្សាយ​ របស់បណ្តាញ​ព័ត៌មាន​ជប៉ុន។

នៅពីក្រោយ​គម្រោងវិនិយោគ រោងចក្រអគ្គិសនីទំហំ១២០០មេហ្កាវ៉ាត់ ដើរ​ដោយចំហេះ​ធ្យូងថ្មនេះ គឺជាការ​សហការវិនិយោគរបស់ ក្រុមហ៊ុន Mitsubishi Corp និងក្រុមហ៊ុនកូរ៉េខាងត្បូង Korea Electric Power Corporation (Kepco)។

ទោះយ៉ាងណា ការចូលរួម​វិនិយោគ របស់ធនាគារដ៏ធំរបស់ជប៉ុន នៅក្នុងគម្រោងនេះ ត្រូវបានគេរិះគន់ជាខ្លាំង ខណៈដែលរដ្ឋាភិបាលជប៉ុន ខ្លួនឯង ទើបតែបាន​ប្រកាសប្តេជ្ញាថានឹង សម្រេចឲ្យ​បានកម្មវត្ថុអព្យាក្រិត្យ​កាបូន នៅរវាង​ឆ្នាំ​២០៥០។ ផ្ទុយទៅវិញ ការដុតធ្យូងថ្ម គឺត្រូវបាន​គេដឹងថា គឺជាប្រភពនៃការបញ្ចេញ​ឧស្ម័កកាបូនិក ដ៏ធំបំផុត។

កាលពីខែឧសភាកន្លងទៅ អង្គការការពារបរិស្ថានចំនួន​១២៧ និងប្រទេសជាង៤០ បានចុះហត្ថលេខា​លើញត្តិចំហរមួយ ដើម្បីអំពាវនាវឲ្យ​លុបចោលគម្រោងបំពុលបរិស្ថានដ៏នៅវៀតណាម ឈ្មោះ Vung Ang II នេះ។

លោកស្រី Eri Watanabe​ តំណាងអង្គការ 360° ប្រចាំប្រទេសជប៉ុន បានលើកឡើងថា ករណី​នេះ បង្ហាញថា រដ្ឋាភិបាល​ជប៉ុន និយាយផ្សេងធ្វ​ើផ្សេង នៅក្នុងរឿងបរិស្ថានអាកាសធាតុនេះ។ លោកស្រីបន្ថែមថា កាលពី​ខែកក្កដា រដ្ឋាភិបាលជប៉ុនបាន​ប្រកាសថានឹងរិតបន្តឹង លក្ខខណ្ឌ​​បញ្ចេញ​​ប្រាក់វិនិយោគ ​ក្នុងគម្រោង​រោងចក្រធ្យូងថ្មនៅបរទេស។ តែធាតុពិត ការវិធានការរឹតបន្តឹង​នេះ ពេញ​ដោយ​ការខ្វះចន្លោះ ដើម្បី​បើក​ផ្លូវឲ្យ​ក្រុមហ៊ុន​ធនគារ បន្តវិនិយោគ។

ដោយ​ឡែក កាលពី​ខែតុលា មូលនិធិវិនិយោគ​អឺរ៉ុបខាង​ជើង បាន​រួម​គ្នាសរសេរលិខិតមួយ ប្រាប់ទៅ ក្រុម​ហ៊ុន​ដែលមាន​គម្រោងវិនិយោគក្នុង​គម្រោង Vung Ang II​ ថាត្រូវតែបោះបង់ចោល ព្រោះថាម្ចាស់ប្រាក់ មិនចង់យក​ប្រាក់ទៅ​វិនិយោគ ក្នុងគំរោងបំពុល​បរិស្ថានបែបនេះទេ។ លោក Anders Schelde អគ្គនាយកមូលនិធិ​វិនិយោគដាណឺម៉ាក Akademiker Pension បានលើកឡើងថា លោក Yoshihide Suga នាយករដ្ឋមន្ត្រីជប៉ុន គួរណាតែអន្តរាគមន៍រារាំង ការវិនិយោគ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ