អានតួអត្ថបទ
IMF-ចិន-សេដ្ឋកិច្ច

IMF៖កំណើនសេដ្ឋកិច្ចចិនសម្រាប់ឆ្នាំ ២០២១ អាចមានត្រឹម ៧,៩%

នៅ​ថ្ងៃ​សុក្រ ទី៨ មករា អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស IMF បាន​ទម្លាក់​ការ​ព្យាករណ៍​លើ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ចំនួន ០,៣% សម្រាប់​ឆ្នាំ ២០២១។ តាម IMF ចិន​អាច​ស្គាល់​អត្រា​កំណើន​សេដ្ឋកិច្ច ៧,៩% ក្នុង​ឆ្នាំ ២០២១។ គួរ​រម្លឹក​ថា ចិន​ដែល​ជា​ប្រភព​នៃ​ការ​ផ្ទុះ​កូវីដ១៩​នា​ចុង​ឆ្នាំ ២០១៩ ក៏​ជា​ប្រទេស​ដែល​ទទួល​ជោគជ័យ​ក្នុង​ការ​កំចាត់​កូវីដ១៩​បាន​សឹង​តែ​ទាំង​ស្រុង​នា​និទាឃរដូវ​កន្លង​ទៅ។ ម្យ៉ាង​ទៀត ចិន​ក៏​អាច​ជា​ប្រទេស​មហា​សេដ្ឋកិច្ច​តែ​មួយ​គត់​ដែល​មាន​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន​ក្នុង​ឆ្នាំ ២០២០។

លោកស្រី Kristalina Georgieva អគ្គនាយកអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ
លោកស្រី Kristalina Georgieva អគ្គនាយកអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ AP - Jose Luis Magana
ផ្សាយពាណិជ្ជកម្ម

តាម​ការ​ព្យាករណ៍​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ចិន​អាច​មាន​កំណើន​សេដ្ឋកិច្ច​ចំនួន ១,៩% ក្នុង​ឆ្នាំ ២០២០។ នេះ​ជា​អត្រា​មួយ​តិចតួច​បំផុត​ដែល​ចិន​មិន​ធា្លប់​ស្គាល់​ទេ គិត​តាំង​ពី​ឆ្នាំ ១៩៧៦ ពោល​នៅ​មុន​ពេល​ចាប់​ផ្តើម​យុគសម័យ​នៃ​កំណែទម្រង់​សេដ្ឋកិច្ច។ តែ​ទោះ​ជា​យ៉ាង​ក្តី និង​ក្នុង​ពេល​ដែល​ពិភពលោក​បាន​ញំញី​ដោយ​វិបត្តិ​កូវីដ១៩ ពេញ​មួយ​ឆ្នាំ ២០២០ ចិន​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​តែ​មួយ​គត់​ដែល​មាន​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន​ក្នុង​ឆ្នាំ ២០២០។ ចំណែក​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ផ្សេង​ទៀត​បាន​ស្គាល់​កំណើន​សេដ្ឋកិច្ច​អវិជ្ជមាន។

IMF បាន​កត់សម្គាល់​ឃើញ​ថា ការ​ដែល​ចិន​អាច​បន្ត​មាន​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន​ក្នុង​ឆ្នាំ ២០២០ ក៏​ដោយសារ​តែ​មហាយក្សអាស៊ី​មួយ​នេះ​បាន​ប្រឹងប្រែង​កំចាត់​កូវីដ១៩ ដោយ​មិន​បន្ធូរ​ដៃ និង​បាន​ចាត់​វិធានការ​នយោបាយ​យ៉ាង​ឆាប់​រហ័ស​ដើម្បី​កាត់​បន្ថយ​ផលវិបាក​ដែល​កើត​ចេញ​ពី​វិបត្តិ​កូវីដ១៩។ វិធានការ​ទប់ស្កាត់​នេះ​បាន​ធ្វើ​ឲ្យ​ឱនភាព​ថវិកា​ចិន​កើន​ពី ១២,៦% ក្នុង​ឆ្នាំ ២០១៩ ដល់ ១៨,២% ក្នុង​ឆ្នាំ ២០២០។ តាម IMF ពាណិជ្ជកម្ម​តាម​អនឡាញ និង​តម្រូវការ​ពី​បរទេស​នូវ​ផលិតផល​សម្រាប់​ទប់ស្កាត់​ការ​ឆ្លង​កូវីដ១៩ ពិសេស​ម៉ាស និង​សម្ភារៈ​បរិក្ខារពេទ្យ​ជា​វិស័យ​ដែល​បាន​ធ្វើ​ឲ្យ​ចិន​មាន​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន​ក្នុង​សម័យ​កូវីដ១៩។

តែ​ទន្ទឹម​គ្នា​នេះ នៅ​មាន​វិស័យ​មួយ​ចំនួន​ទៀត​កំពុង​បន្ត​រអាក់រអួល​នៅ​ឡើយ ពិសេស​ផ្នែក​សណ្ធាគារ ភោជនីយដ្ឋាន និង​ការ​កំសាន្ត​នានា។ គួរ​រម្លឹក​ថា​នៅ​ត្រីមាសទី១ ឆ្នាំ ២០២០ ផលិតផលសរុប​ក្នុង​ស្រុក​របស់​ចិន​បាន​ដាំ​ក្បាល​ចុះ​ដល់​ទៅ ៦,៨% មុន​នឹង​មាន​ឡើង​វិញ​ចំនួន ៣,២% នៅ​ត្រីមាសទី២ និង ៤,៩% នៅ​ត្រីមាសទី៣។ ចិន​កំពុង​រង់ចាំ​តួលេខ​សម្រាប់​ត្រីមាសទី៤ មុន​នឹង​ប្រកាស​តួលេខ​ផ្លូវការ​ពេញ​មួយ​ឆ្នាំ ២០២០ នៅ​ថ្ងៃទី១៨ មករា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ