អានតួអត្ថបទ
ចិន-អាមេរិក-អ៊ុយហ្គួ

លោកប៉ុមប៉េអូ ចោទ​ថាចិន ​​​កំពុងធ្វើ​​អំពើ​ប្រល័យ​ពូជសាសន៍ កំទេច​​​ជនជាតិ​អ៊ុយហ្គួ

លោកម៉ៃឃ៍ ប៉ុមប៉េអូ អតីតប្រមុខការទូតអាមេរិក កាលពី​ថ្ងៃអង្គារទី​១៩មករា បាននិយាយចោទថា រដ្ឋាភិបាលចិន កំពុងតែធ្វើសកម្មភាព​ប្រល័យពូជសាសន៍​ ទៅលើជនជាតិអ៊ីស្លាមអ៊ុយហ្គួ នៅខេត្តស៊ីនជាំង។ ការចោទប្រកាន់នេះ ត្រូវបាន​ក្រសួងការបរទេសចិន ឆ្លើយតបទៅវិញ ថាជាពាក្យ​កុហកប្រឌិត ហើយថាសម្តីរបស់​លោកអតីត​ប្រមុខការទូតអាមេរិលរូបនេះ គ្មានតម្លៃអ្វី​ឲ្យ​គេចាប់អារម្មណ៍នោះទេ។

លោក មៃឃ៍ ប៉ុមប៉េអូ អតីតប្រមុខការទូតអាមេរិក ក្នុងអាណត្តិលោកត្រាំ ដែល​មានទំនោរស្អប់ រិះគន់ចិនខ្លាំងៗ
លោក មៃឃ៍ ប៉ុមប៉េអូ អតីតប្រមុខការទូតអាមេរិក ក្នុងអាណត្តិលោកត្រាំ ដែល​មានទំនោរស្អប់ រិះគន់ចិនខ្លាំងៗ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

មួយថ្ងៃមុននឹងបិទបញ្ចប់មុខនាទីការងារជារដ្ឋមន្ត្រីការបរទេស លោកម៉ៃឃ៍ ប៉ុមប៉េអូ បាននិយាយលើកឡើងថា៖ រដ្ឋាភិបាលចិនបាននិងកំពុង ​ធ្វើអំពើប្រល័យពូជសាសន៍ កំទេចប្រជាជនអ៊ុយហ្គួ។ លោក​បាន​បន្ថែមថា៖ បើប្រជាជន​របស់ប្រទេសខ្លួន ចិនហ៊ានធ្វើអំពើនេះទៅហើយ នោះទៅថ្ងៃមុខ ពិភពលោកសេរី នឹងរងគ្រោះយ៉ាងណាទៅ ដោយសារស្នាដៃចិន!

ក្រោយ​សម្តីចោទប្រកាន់នេះ លោកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួងការបរទេសចិន បាន​លើកឡើងនៅថ្ងៃពុធទី​២០មករាថា៖ ប៉ុន្មានឆ្នាំមកនេះ លោកម៉ៃឃ៍ ប៉ុមប៉េអូ បានប្រឌិតរឿង និងប្រើពាក្យ​កុហកសព្វបែបយ៉ាង ដើម្បី​បង្កាច់បង្ខូចកិត្តយសរបស់ចិន។ អ្នកនាំពាក្យ​រូបនេះ បន្ថែមថា៖ សម្តីចោទប្រកាន់នេះ គឺគ្មានតម្លៃអ្វី​ឲ្យ​ចិនចាប់អារម្មណ៍ទេ។ លោកស្រីបានអំពាវនាវ ឲ្យរដ្ឋាភិបាល​ថ្មី ដឹក​នាំដោយ​លោកចូ​ បៃដិន ត្រូវសម្លឹង​មើលចិនក្នុងក្រសែភ្នែកអព្យាក្រិត្យ​ ត្រឹមត្រូវមានហេតុផល និង​ប្រកបដោយការផ្សះផ្សារគ្នា។

គួរកត់សំគាល់ទាក់ទិននឹងគោលជំហររបស់​រដ្ឋាភិបាល​អាេមរិកថ្មី ទល់ជាមួយ​នឹងចិន គឺប្រហែលជាមិនមាន​អ្វីប្រែប្រួលច្រើនទេ បើប្រៀបធៀបទៅ​រដ្ឋាភិបាលមុន។ លោក Antony Blinken ប្រមុខការបរទេសអាមេរិកថ្មី បានថ្លែងកាលពី​ថ្ងៃអង្គារ​ថា៖ សហរដ្ឋអាមេរិក ត្រូវតែមានគោលជំហររឹងមាំ ទប់ជាមួយ​ចិនឲ្យ​ជាប់។ លោក​បាន​ទទួលស្គាល់ថា៖ រដ្ឋបាល​លោកដូណាល់ត្រាំ កន្លងមក បាន​​ធ្វើត្រឹមត្រូវហើយ ដែល​ហ៊ានតតាំងជាមួយ​ចិន ព្រោះចិនជាគឺជាគ្រោះថ្នាក់ធំមួយសម្រាប់សហរដ្ឋអាមេរិក។ ប្រមុខការទូតអាមេរិកថ្មី​រូបនេះ បានទាំងអះអាងថា លោកក៏យល់​ដូចលោក​ប៉ុមប៉េអូដែរ គឺចិនកំពុងតែធ្វើសកម្មភាពប្រល័យ​ពូជសាសន៍ ទៅលើ​ប្រជាជនអ៊ុយហ្គួ។

សូមបញ្ជាក់ថា អង្គការសិទ្ធិមនុស្ស​ជាច្រើន បាន​ព្យាយាមអំពាវនាវ​ឲ្យ​សហគមអន្តរជាតិ ថ្កោលទោស​ទៅលើ​រដ្ឋាភិបាលចិន ដែលកំពុង​ធ្វើសកម្មភាព​ចាប់បង្ឃាំង ធ្វើទារុណកម្ម ធ្វើទុកបុកម្នេញ លើប្រជាជន​អ៊ុយហ្គួក្នុងខេត្តស៊ីនជាំង។ យោងតាមការស្រាវជ្រាវ របស់វិទ្យាស្ថានអាមេរិកជាច្រើន បាន​អះអាងថា ដោយ​ផ្អែក​លើឯកសារផ្លូវការចិន​ និង​សាក្សីផ្ទាល់ផង គឺចិន បានចាប់ប្រជាជនអ៊ុយហ្គួដាក់ក្នុងមណ្ឌលកែប្រែ ធ្វើទារុណកម្មលាងខួរក្បាល និង​បានក្រៀវកុំឲ្យ​ពួកគេអាច​មានកូនតពូជពង្សបានទៀត។ ដូចគ្នាដែរ វិទ្យាស្ថាន​សិក្សាយុទ្ធសាស្ត្រ ចំណុះឲ្យ​រដ្ឋាភិបាលអូស្ត្រាលី បានអះអាងថាដោយវិភាគលើ​រូបភាពផ្កាយរណប អាជ្ញាធរចិនបានកំទេច​ទីតាំង​វិហារ​អ៊ីស្លាម​ជាច្រើនកន្លែង នៅក្នុងខេត្តស៊ីនជាំង។

មានអ្នកកាសែតឯករាជ្យ តិចបំផុត​ដែល​អាចធ្វើដំណើរទៅខេត្តស៊ីនជាំងបាន ហើយ​ត្រូវ​អាជ្ញាធរចិនតាមដាន រារាំងជាប់ជាប្រចាំ។ ប្រការនេះ មិនអាចធ្វើ​ឲ្យ​គេ​អាចអះអាងដោយជាក់ច្បាស់ ថាការពិតយ៉ាងណាទេ។ តែការលាក់លៀម រារាំងពីសំណាក់អាជ្ញាធរចិន វាបានចូលរួមធ្វើឲ្យ​គ្រប់គ្នាមិនទុកចិត្តចំពោះភាពស្មោះត្រងរបស់រដ្ឋាភិបាលចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ