អានតួអត្ថបទ
ភូមា-កងទ័ព

សហគមន៍​អន្តរជាតិ​ព្រួយបារម្ភ​ពី​លទ្ធភាពធ្វើ​រដ្ឋប្រហារ​នៅ ប្រទេស​ភូមា

អ្នកតំណាងទូត​ជាង​១០ ដែលមានអាមេរិក និងគណៈប្រតិភូ​សហភាព​អឺរ៉ុប​បាន​ចេញ​សេចក្តីថ្លែងការណ៍រួម នៅ​ថ្ងៃ​សុក្រ ដោយ​បានអំពាវនាវ​ឲ្យ​កងទ័ព​ភូមា​គោរព គោលការណ៍​ប្រជាធិបតេយ្យ ក្នុងពេល​ដែល​អង្គការ​សហប្រជាជាតិ កំពុង​បារម្ភ​ពី​ការផ្ទុះ​រដ្ឋប្រហារ​ដណ្តើមអំណាច​សាជាថ្មី នៅប្រទេស​ភូមា។ នៅក្នុង​សន្និសីទកាសែត កាលពី ថ្ងៃ​អង្គារ​កន្លងទៅ អ្នកនាំពាក្យ​របស់​កងទ័ព​ភូមា បានអះអាងថា កងទ័ព​នឹង​អាច​ចូល​ដឹកនាំ ប្រទេស នៅក្នុង​កាលៈទេសៈ​ដែល​កំពុង​កើតមាន​វិបត្តិនយោបាយ។ 

អ្នកនាំពាក្យ​របស់​កងទ័ពភូមា លោក​Zaw Min Tun នៅក្នុង​សន្និសីទកាសែត​កាលពីថ្ងៃទី ២៦ មករា ដើម្បី បរិហារ​ពីក្លែងបន្លំ​សន្លឹកឆ្នោត នៅក្នុង​ការបោះឆ្នោត​សភា កាលពី​ខែ វិច្ឆិកា​​២០២០
អ្នកនាំពាក្យ​របស់​កងទ័ពភូមា លោក​Zaw Min Tun នៅក្នុង​សន្និសីទកាសែត​កាលពីថ្ងៃទី ២៦ មករា ដើម្បី បរិហារ​ពីក្លែងបន្លំ​សន្លឹកឆ្នោត នៅក្នុង​ការបោះឆ្នោត​សភា កាលពី​ខែ វិច្ឆិកា​​២០២០ REUTERS - THAR BYAW
ផ្សាយពាណិជ្ជកម្ម

ប៉ុន្មាន​សប្តាហ៍មកហើយ កងទ័ព​ភូមា​បាន​បរិហារ​រិះគន់ថា មាន​ភាពមិនប្រក្រតី នៅក្នុង​ការបោះឆ្នោត​សភា​ កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន ដែល​បាន​ផ្តល់​ជ័យជំនះ​ដ៏ធំធេង​ទៅ​ឲ្យ​គណបក្ស​កាន់អំណាច​របស់​លោកស្រី អ៊ុងសាន ស៊ូជី។

តាមកងទ័ព​ភូមា នៅក្នុង​ហេតុផល ជំងឺឆ្លងរាតត្បាត​កូវីដ ការបោះឆ្នោត​មិន​បាន​ធ្វើឡើង ដោយ ​សេរី និង​យុត្តិធម៌។ កងទ័ព​បាន​រកឃើញ​មាន​ភាពមិនប្រក្រតី ការក្លែងបន្លំ​សន្លឹកឆ្នោត ដល់​ទៅ ជាង ៨លានករណី នៅទូទាំងប្រទេស។

នៅ​ក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​អង្គារ អ្នកនាំពាក្យ​របស់​កងទ័ព​ភូមា លោក ហ្ស មីនទុន Zaw Min Tun បាន​ពន្លយ​ឲ្យ​ដឹង​ពី​លទ្ធភាព​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច ប្រសិន​បើរដ្ឋាភិបាល​បដិសេធ មិន​ព្រម​ឲ្យ​កងទ័ព ចូល​ពិនិត្យ ឆែកមើល ​បញ្ជីឈ្មោះ​អ្នកបោះឆ្នោត។

ពាក្យ​ល្ហិចល្ហៀងថា កងទ័ពអាចធ្វើ​រដ្ឋប្រហារ ត្រូវ​បាន​បញ្ជាក់​កាន់តែច្បាស់ បន្ថែមទៀត ដោយ​មេទ័ព​ដ៏មាន​អំណាច របស់​ភូមា លោក​មីន អ៊ុងលាំង Min Aung Hlaing ដែល​បាន​ព្រមាន កាលពី ថ្ងៃ​ពុធ​ថា នៅក្នុង​កាលៈទេសៈ​ណាមួយ កងទ័ព​អាច​លុបចោល រដ្ឋធម្មនុញ្ញ។ ​រដ្ឋធម្មនុញ្ញ ភូមា​ត្រូវ​បាន​គេលុប​ចោល​ពីរដង​ហើយ គឺ​នៅ ឆ្នាំ ១៩៦២ និង​ឆ្នាំ ១៩៨៨ ដែល​ទាំងពីរ​លើក កងទ័ព​បានធ្វើ​រដ្ឋប្រហារ ដណ្តើមអំណាច និង​បង្កើតរបបសឹកគ្រប់គ្រង​ប្រទេស។

គណបក្ស​របស់​លោកស្រី អ៊ុងសាន ស៊ូជី ដែល​បាន​ឈ្នះឆ្នោត ទទួល​បាន​អាសនៈ ចំនួន ៣៩៦​ ក្នុង​ចំណោម​អាសនៈ​សរុប​៤៧៦ នៅ​រដ្ឋសភា បាន​បដិសេធ​មិន​កោះប្រជុំសម័យ​ប្រជុំ​សភា ពិសេស ដើម្បី​ពិភាក្សា​លើ​ការចោទប្រកាន់​របស់​កងទ័ព។ នៅថ្ងៃ​ព្រហស្បតិ៍ គណៈកម្មការ​បោះឆ្នោត​បាន​ចេញ សេចក្តីថ្លែងការណ៍ បដិសេធ​ថា គ្មាន​ការក្លែងបន្លំ នៅក្នុង​ការបោះឆ្នោត​សភា​នោះទេ។ ប៉ុន្តែ គណៈកម្មការ​ទទួល​ស្គាល់​ថា មាន​បញ្ហា​ចំណុចខ្សោយ​មួយចំនួន ក្នុង​បញ្ជីឈ្មោះ​អ្នកបោះឆ្នោត និង​ថា គណៈកម្មការ​កំពុង​ធ្វើការ​ស៊ើបអង្កេត។

ពាក្យព្រមាន​របស់​កងទ័ព​ថា អាច​កើតមាន រដ្ឋប្រហារ ធ្វើ​ឡើង នៅ​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ដែល​សមាជិក​សភា ថ្មី ត្រូវ​ស្បថ​ចូលកាន់តំណែង នៅ​ថ្ងៃទី​ចន្ទ ទី ១​កុម្ភៈ​សប្តាហ៍ក្រោយនេះ។ បន្ទាប់​ពី អង្គការ​សហប្រជាជាតិ​សំដែង​ក្តីបារម្ភ​ពីការផ្ទុះឡើង​រដ្ឋប្រហារយោធា នៅ​ភូមា អ្នកតំណាង​ស្ថានទូត​បរទេស ជាង ១០ ដែលរួម​អាមេរិក​ផងដែរ បាន​ចេញ​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃ​សុក្រនេះ អំពាវនាវ​ឲ្យ​ភូមា​គោរព គោលការណ៍​ប្រជាធិបតេយ្យ។

នៅក្រោយ​ការដឹកនាំ​របស់របបសឹក​អស់​៥ទសវត្សរ៍ ភូមា បាន​រៀបចំ​ការបោះឆ្នោត ប្រជាធិបតេយ្យ នៅ​ឆ្នាំ ២០១១។ នៅ ឆ្នាំ ២០១៥ គណបក្ស​របស់​លោកស្រី អ៊ុងសាន ស៊ូជី បានទទួល​ជ័យជំនះ ដឹកនាំ​រដ្ឋាភិបាល ប៉ុន្តែ ក្រសួង​សំខាន់ៗ ដូចជា ការពារ​ជាតិ ក្រសួងមហាផ្ទៃ និង​ព្រំដែន ត្រូវ​ស្ថិតក្រោមការកាន់កាប់​របស់កងទ័ពភូមា។ សម្រាប់អ្នកជំនាញនយោបាយ​ភូមា ដោយ​ព្រមាន លុបចោល​រដ្ឋធម្មនុញ្ញ និង​ចូលកាន់អំណាច តាមរយៈ​រដ្ឋប្រហារ កងទ័ព​ភូមា ចង់ក្រើនរំលឹក​ដល់រដ្ឋាភិបាលស៊ីវិល​របស់​លោកស្រី អ៊ុងសាន ស៊ូជី ថា កងទ័ព​ភូមា នៅតែ​ដើរតួនាទី​សំខាន់ ក្នុង​ការដឹកនាំ​ប្រទេស​ភូមា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ