អានតួអត្ថបទ
ភូមា-នយោបាយ

Crisis Group៖ ជារឿងគួរឲ្យភ្ញាក់ផ្អើលដែលរបបសឹកភូមាទើបបិទខ្ទប់ហ្វេសបុកនៅ ៣ថ្ងៃក្រោយរដ្ឋប្រហារ

នៅ​ក្នុង​ប្រទេស​ភូមា ៣ថ្ងៃ​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​លោកស្រី​អ៊ុង សានស៊ូជី របបសឹក​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​បម្រើ​សេវា​អ៊ីនធ័រនែត​បិទខ្ទប់​បណ្តាញសង្គម​ហ្វេសបុក​រហូត​ដល់​ថ្ងៃទី៧ កុម្ភៈ។ ការ​ប្លុក​ហ្វេសបុក​នេះ​ត្រូវ​បាន​របបសឹក​លើក​ហេតុផល​ទៅ​ពន្យល់​ថា ដើម្បី​រក្សា​ស្ថិរភាព​នៅ​ក្នុង​សង្គម។ ទន្ទឹម​គ្នា​នេះ សេវា Instagram និង WhatsApp ក៏​មាន​ភាព​រអាក់រអួល។ នៅ​ភូមា មាន​ប្រជាជន​ជាង​ពាក់កណ្តាល​បាន​ប្រើ​បណ្តាញសង្គម​ហ្វេសបុក​ជា​មធ្យោបាយ​ដើម្បី​ទាក់ទង​គ្នា។ ហ្វេសបុក​នេះ​ត្រូវ​បាន​ពលរដ្ឋ​ភូមា​ប្រើ​ដើម្បី​បង្កើត​ឲ្យ​មាន​ចលនា​តវ៉ា​របស់​ប្រជាជន​ប្រឆាំង​នឹង​របបសឹក។ លោក Pierre Prakash នាយករង​នៃ​អង្គការ Crisis Group ទទួល​បន្ទុក​នៅ​តំបន់​អាស៊ី​បាន​មាន​ប្រតិកម្ម​ថា លោក​មាន​ការ​ភ្ញាក់ផ្អើល​ដែល​ក្រុម​ឧត្តមសេនីយ​ភូមា​ទើប​បាន​សម្រេចចិត្ត​បិទ​បណ្តាញសង្គម​ហ្វេសបុក​នៅ ៣ថ្ងៃ​ក្រោយ​រដ្ឋប្រហារ។

អង្គការ Crisis Group ថា ជារឿងគួរឲ្យភ្ញាក់ផ្អើលដែលរបបសឹកភូមាទើបបិទខ្ទប់ហ្វេសបុកនៅ ៣ថ្ងៃក្រោយរដ្ឋប្រហារ
អង្គការ Crisis Group ថា ជារឿងគួរឲ្យភ្ញាក់ផ្អើលដែលរបបសឹកភូមាទើបបិទខ្ទប់ហ្វេសបុកនៅ ៣ថ្ងៃក្រោយរដ្ឋប្រហារ REUTERS - DADO RUVIC
ផ្សាយពាណិជ្ជកម្ម

« វា​ពិត​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល​ក្រុម​ឧត្តមសេនីយ​ភូមា​មិន​ប្លុក​បណ្តាញសង្គម​តាំង​ពី​ថ្ងៃទី១ នៃ​ការ​ធ្វើ​រដ្ឋប្រហារ។ ព្រោះ​ចូរ​កុំ​ភ្លេច​ថា​តាម​រយៈ​បណ្តាញសង្គម គេ​ទទួល​បាន​ព័ត៌មាន​ថ្មីៗ និង​យ៉ាង​ឆាប់​រហ័ស។ ប្រសិន​បើ​គេ​បិទខ្ទប់​បណ្តាញសង្គម​ភ្លាមៗ​ក្រោម​ហេតុផល​សន្តិសុខ​ដោយសារ​តែ​មនុស្ស​អាច​បញ្ចេញ​មតិយោបល់​នៅ​លើ​បណ្តាញ​សង្គម​បាន​នោះ ជំហាន​បន្ទាប់​គឺ​ការ​ចុះ​ផ្លូវ​ដើម្បី​តវ៉ា ព្រោះ​ប្រជាជន​លែង​អាច​សម្តែង​មតិយោបល់​លើ​បណ្តាញ​សង្គម​បាន​ទៀត​ឡើយ។

នេះ​ហើយ​ជា​អ្វី​ដែល​យើង​មាន​ការ​បារម្ភ​ខ្លាំង។ គួរ​កត់សម្គាល់​ថា សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​តាម​បណ្តាញ​សង្គម​ពេល​នេះ​ជា​សិទ្ធិសេរីភាព​មួយ​ដែល​ប្រជាជន​ភូមា​ទើប​មាន​នា​រយៈពេល ១០ឆ្នាំ​ចុងក្រោយ​នេះ​ប៉ុណ្ណោះ។ ដូច្នេះ​ខ្ញុំ​គិត​ថា ប្រជាជន​ភូមា​ហាក់​មិន​សូវ​ខ្លាច​ចុះ​ផ្លូវ​សម្តែង​កំហឹង និង​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​របបសឹក​ដូច​ដែល​គេ​បាន​ឃើញ​នៅ​លើ​បណ្តាញ​សង្គម។ អ៊ីចឹង​គេ​អាច​និយាយ​បាន​ថា កំហឹង និង​ការ​តវ៉ា​របស់​ប្រជាជន​ភូមា​នៅ​តាម​ផ្លូវ​អាច​នឹង​មាន​ទ្រង់ទ្រាយ​ធំ។

ចំណែក​ហានិភ័យ​នោះ​គឺ​ថា វា​នឹង​អាច​មាន​អន្តរាគមន៍​របស់​កងទ័ព​វាយបង្រ្កាប​លើ​ក្បួនបាតុកម្ម​ជា​យថាហេតុ​ដែល​ប្រឆាំង​នឹង​របបសឹក និង​ទាមទារ​ឲ្យ​មាន​រដ្ឋាភិបាល​ស៊ីវិល​ឡើង​វិញ រួម​ទាំង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​ឥស្សរជន​នយោបាយ​ដែល​បាន​ចាប់​ខ្លួន​ដោយ​ចាប់​ផ្តើម​ពី​ការ​ដោះលែង​លោកស្រី​អ៊ុង​សានស៊ូជី »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ