អានតួអត្ថបទ
អូស្ត្រាលី-សិទ្ធិស្ត្រី

ស្រ្តី​អូស្ត្រាលី ចេញ​ធ្វើ​បាតុកម្ម​ ​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្លូវភេទ

ស្ត្រី​អូស្តា្រលី​រាប់​ពាន់​នាក់ បាន​នាំ​គ្នា​ចុះ​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​ចន្ទ​ទី ១៥​មីនា ២០២១​នេះ តាម​ទីក្រុង​ធំៗ​ជា​ច្រើន​ ដូច​ជា ស៊ីននី កង់បេរ៉ា មែលប៊ន ... ដើម្បីតវ៉ា​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្លូវ​ភេទ​លើ​ស្ត្រី  និងដើម្បី​ទាមទារ​ឱ្យ​មាន​សមភាព​ស្ត្រី​និង​បុរស។ យុទ្ធនាការ​ប្រឆាំងនឹង​អំពើ​ហិង្សា​ផ្លូវ​ភេទ​លើ​ស្ត្រី បាន​ប្រព្រឹត្ត​ទៅ​ ​ខណៈ​ដែល​សមាជិក​រដ្ឋាភិបាល​កំពុង​រួម​រឹត​ដោយ​​ការ​ចោទ​ប្រកាន់​រំលោភ​ផ្លូវ​ភេទជាបន្ត​បន្ទាប់។

បាតុកម្ម​ប្រឆាំងនឹង​អំពើហិង្សា​ផ្លូវភេទ​លើ​ស្រ្តី នៅ​អូស្ត្រាលី ថ្ងៃទី ១៥ មីនា ២០២១
បាតុកម្ម​ប្រឆាំងនឹង​អំពើហិង្សា​ផ្លូវភេទ​លើ​ស្រ្តី នៅ​អូស្ត្រាលី ថ្ងៃទី ១៥ មីនា ២០២១ AP - Rick Rycroft
ផ្សាយពាណិជ្ជកម្ម

បាតុកម្ម​ប្រឆាំង​នឹង​អំពើហិង្សា​ផ្លូវភេទ​ #March4Justice ដើម្បី​យុត្តិធម៌មាន​រៀប​ចំឡើង​នៅ​​ជា​ច្រើនកន្លែង​ ស៊ីននី មែលប៊ន កង់បេរ៉ា និង​តាំង​ពី​ថ្ងៃអាទិត្យ​ម្សិលមិញ នៅទីក្រុង​ភាគ​ខាង​ត្បូង​បំផុត Perth។ ជា​ការ​ប្រមូលផ្តុំ​ដែល​មាន​ស្ត្រី​ចូល​រួម​យ៉ាង​ច្រើន ខ្លះដល់​ចំនួន​ម៉ឺននាក់ និង​​ខ្លះ​ធ្វើ​ដំណើរ​មក​ក្រុង​ឆ្ងាយៗផង ប៉ុន្តែ ការ​ប្រមូល​ផ្តុំ​ជានិម្មិត្តរូប​​បំផុត ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង កង់បេរ៉ា ក្បែរស្ថាប័ន​​រដ្ឋសភា​សហព័ន្ធ​ ដែលមាន​សមាជិក​​ទើប​រង​ការ​ចោទ​ប្រកាន់​រំលោភ​បំពាន​ផ្លូវ​ភេទ​ថ្មីៗ។

ជាយុទ្ធនាការ​នៃ​ការប្រយុទ្ធប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្លូវ​ភេទលើ​ស្ត្រី និងការ​រើសអើង​ស្ត្រី​ភេទ ​អ្នក​រៀប​ចំបាតុកម្មបាន​បដិសេធមិន​ចូល​ចរចា​ជាមួយ​នាយករដ្ឋមន្ត្រី​តាមសំណើ​ទេ ដោយ​អះអាង​ថា​ ជំនួប​ដោយ​បិទ​ទ្វារ ជា​ទង្វើមិន​គោរព​ជន​រងគ្រោះ។ ប្រសិន​បើ​គោរព​និង​គិត​គូរ​ដល់​ស្ត្រី​ លោកនាយករដ្ឋមន្ត្រីScott Morrison ​ត្រូវ​បើក​ទ្វារ ដើរ​ចេញ​ឆ្លង​ទីធ្លា មកស្តាប់​សម្រែកទាមទារ​​របស់​ស្ត្រី។ នេះ​បើ​តាម​អះអាង​របស់តំណាង​បាតុករ​ម្នាក់ តាមកញ្ចក់​ទូរទស្សន៍​ABC។ យុទ្ធនាការដើម្បី​យុត្តិធម៌  #March4Justice ទាមទារច្រើនចំណុច​ ៖ បង្កើន​ថវិកាសាធារណៈ​សម្រាប់​ការពារ​ប្រឆាំងនឹងអំពើ​ហិង្សា​ផ្លូវ​ភេទ​លើ​ស្រ្តី​ ដាក់​ឱ្យ​ដំណើរការ​អនុសាសន៍​កាលពី ឆ្នាំ​២០០០ របស់​គណៈកម្មការអង្កេត​ជាតិ​ស្តី​ពី​អំពើ​ហិង្សា​ផ្លូវភេទ​លើ​ស្ត្រី នៅកន្លែង​ធ្វើ​ការ។

សូម​បញ្ជាក់​ថា​ សំឡេង​ស្ត្រី​ងើប​ឡើង​ប្រឆាំង និង​បរិហារ​​​ប្រពៃណី​​ប្រើ​អំពើ​ហិង្សា​ផ្លូវភេទ​ ​ បំពារបំពាន និង​ការ​រើសអើង​ម៉ាក់ងាយ​ស្ត្រី ក្នុង​រង្វង់​អ្នកនយោបាយអូស្ត្រាលី​ តាំង​ពីយូរយារ​មក បាន​លាន់​ឮ​កាន់​តែខ្លាំង​ឡើងៗ នារយៈ​ពេលប៉ុន្មានខែ​ចុងក្រោយ​នេះ ជាពិសេស​ក្រោយ​ធ្លាយ​រឿង​អាស្រូវ​មាន​រដ្ឋមន្ត្រី​ក្នុង​​​រដ្ឋាភិបាល​​អូស្ត្រាលី​ពីររូប​​រង​ការ​ចោទ​ប្រកាន់​រំលោភ​ផ្លូវ​ភេទ​លើ​ស្ត្រី។ មាន​បុគ្គលិកស្ត្រី ម្នាក់​ត្រូវ​បានអ្នករួម​ការងារចាប់​រំលោភ កាលពី​ឆ្នាំ​២០១៩ ​នៅក្នុង​ការិយាល័យ​សភា​​របស់​លោកស្រី លីនដា រ៉េណុល Linda Reynolds ដែល​ ​រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម​ការពារជាតិ។ បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ លោកស្រី​រដ្ឋមន្ត្រី​បានរិះគន់​ដោយ​ផ្ទាល់មាត់​ចំពោះ​ការ​ទទួលបណ្តឹង​របស់​ស្ត្រី​រងគ្រោះ​នៅ​ក្នុង​រង្វង់​ការិយាល័យ​នា​សម័យ​នោះ។ កាលពី​ដើមខែមីនា ទូរទស្សន៍​ABC​បាន​ទម្លាយ​ថា​ រដ្ឋមន្ត្រី​មន្ត្រី​ក្នុង​ការិយាល័យ​ទីប្រឹក្សា​ច្បាប់​របស់​រដ្ឋាភិបាលលោកChristian Porter ជាប់ចោទពី​បទ​រំលោភ​ក្មេងស្រី​ជំទង់​អាយុ​១៦​ឆ្នាំ កាលពី​ឆ្នាំ​១៩៨៨។ ក្មេងស្រី​រងគ្រោះទើប​បាន​ស្លាប់​កាលពី​ឆ្នាំ​ទៅ។ នៅ​ថ្ងៃចន្ទនេះលោក​ Porter បានបដិសេធ​ និង​បាន​ដាក់​ពាក្យ​បណ្តឹង​តប​វិញ​ពី​បទ​​មួលបង្កាច់​ព័ត៌មានវិញ បើ​ទោះ​បី​ទូរទស្សន៍​មិន​បាន​បញ្ចេញ​អត្តសញ្ញាណ​រដ្ឋមន្ត្រី​នោះ​ក៏ដោយ​។ យ៉ាង​ណាក៏​ដោយ​​ ក៏​រឿង​អាស្រូវ​ពីរ​នេះ​បាន​ធ្វើ​រដ្ឋាភិបាល​អូស្ត្រាលី​រង្គោះ​រង្គើ​ជំហរ​មិន​តិច​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ