អានតួអត្ថបទ
អឺរ៉ុប-ចិន-អ៊ុយហ្គួ

សហភាពអឺរ៉ុប​ដាក់ទណ្ឌកម្ម​ទៅលើ​ចិន ចំពោះ​ការ​​រំលោភ​សិទ្ធិមនុស្ស ធ្វើ​ទៅ​លើ​ជនជាតិ​អ៊ុយហ្គួ

ប្រទេសសមាជិកសហភាពអឺរ៉ុប បានត្រូវរ៉ូវគ្នា ថានឹងដាក់ទណ្ឌកម្មទៅលើចិន ក្រោមហេតុផលថា ចិនបានរំលោភសិទ្ធិមនុសធ្ងន់ធ្ងរ ធ្វើទៅលើសហគមប្រជាជនអ៊ុយហ្គួ ដែលកាន់សាសនាអ៊ីស្លាម រស់នៅក្នុងខេត្តស៊ីនជាំង។ នេះបើផ្អែកតាមប្រភព​ពី​មន្ត្រីទូត ប្រចាំនៅ​សហភាពអឺរ៉ុប។ តំណាងអង្គទូតចិនប្រចាំសហភាពអឺរ៉ុប បានលើកឡើងថា វាមិនជារឿងចំណេញសម្រាប់អឺរ៉ុបទេ បើអឺរ៉ុបជ្រើសយកការប្រឈមមុខជាមួយ​នឹងចិន។

ទីតាំងមួយ​កន្លែង ក្នុងចំណោមទីតាំងជាច្រើន ដែលចិនអះអាងថា ជាមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យ​ជនជាតិអ៊ុយហ្គួរ​ នៅក្នុងខេត្តស៊ីនជាំង។  រូបថតឯកសារ ថ្ងៃទី ៨ កញ្ញា ២០១៨
ទីតាំងមួយ​កន្លែង ក្នុងចំណោមទីតាំងជាច្រើន ដែលចិនអះអាងថា ជាមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យ​ជនជាតិអ៊ុយហ្គួរ​ នៅក្នុងខេត្តស៊ីនជាំង។ រូបថតឯកសារ ថ្ងៃទី ៨ កញ្ញា ២០១៨ REUTERS - Thomas Peter
ផ្សាយពាណិជ្ជកម្ម

យ៉ាងហោចណាស់ មានមនុស្ស​៤នាក់ និង​ស្ថាប័នរបស់ចិនមួយ ដែលត្រូវជាប់ក្នុងបញ្ជីទណ្ឌកម្ម របស់​សហភាពអឺរ៉ុប។ ប្រភពពីមន្ត្រីទូតនៅក្រុងព្រុចសែល បានអះអាងថា តំណាងអង្គទូតនៃ ប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧ បានស្រុះស្រួលគ្នារួចហើយ ថានឹងបញ្ជូនបញ្ជីនេះ ទៅឲ្យកិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេសអឺរ៉ុប ជាអ្នកសំរេច នៅថ្ងៃចន្ទ ដើមសប្តាហ៍ក្រោយ។ ឈ្មោះមនុស្សទាំង៤នាក់ និងឈ្មោះស្ថាប័នចិននេះ នឹងត្រូវទំលាយជាសាធារណៈនាពេលនោះ។

លោកZhang Ming ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅសហភាពអឺរ៉ុប បានបោះសំដីគំរាម​សហភាពអឺរ៉ុប ថាប្រសិនបើអឺរ៉ុប សម្រេចទណ្ឌកម្ម​មកលើចិន ដោយសារតែបញ្ហាជនជាតិអ៊ុយហ្គួនៅខេត្តស៊ីនជាំង​មែននោះ នោះអឺរ៉ុប និងចិន ច្បាស់ជាត្រូវប្រឈមមុខដាក់គ្នាហើយ។

សូមបញ្ជាក់ថា អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដែលសហភាពអឺរ៉ុប បាន​លើកឡើងថា អំពី បំណងចង់ដាក់ចុះនូវទណ្ឌកម្ម ពិន័យទៅលើចិន ទាក់ទិននឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ នៅខេត្តស៊ីនជាំង។ យោងតាមប្រភពពីអង្គារសិទ្ធិមនុស្សជាច្រើន បានរាយការណ៍ថា យ៉ាងហោចណាស់​មានជនជាតិអ៊ុយហ្គួ ប្រមាណ១លាននាក់ ដែលត្រូវបានអាជ្ញាធរចិន ចាប់បង្ឃាំងដាក់ក្នុងមណ្ឌលកែប្រែ លាងខួរក្បាល ធ្វើទារុណកម្ម និង​ ក្រៀវកុំឲ្យ​អាចបន្តពូជបាន​។ យ៉ាងណាមិញ រដ្ឋាភិបាលកាណាដា និង​ សហរដ្ឋអាមេរិក បានចាត់ទុកថា ចិនកំពុងតែធ្វើអំពើ​ប្រល័យពូជសាសន៍។

រដ្ឋាភិបាល​ចិន តែងតែប្រកែក បដិសេធមិនទទួលពាក្យ​ចោទទាំងអស់នេះទេ។ កាលពីឆ្នាំ​២០១៩ ចិន ធ្លាប់បានសន្យាថានឹងអញ្ជើញ​មន្ត្រីទូតបរទេស ព្រមទាំងតំណាងក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ឲ្យ​ទៅពិនិត្យដោយ​ផ្ទាល់នៅខេត្តស៊ីនជាំង។ តែយ៉ាងណារហូតមកទល់ពេលនេះ មិនទាន់មានការអនុញ្ញាតណាមួយ​ ឲ្យ​អ្នកជំនាញអន្តរជាតិចូលទៅដល់ខេត្តស៊ីនជាំងទេ។

ដោយឡែក កាលពីថ្ងៃទី​១៧មីនា ប្រភពពីមន្ត្រីទូតអឺរ៉ុបបានឲ្យ​ដឹងថា គំរោងធ្វើដំណើរទៅ​ខេត្តស៊ីនជាំង របស់តំណាងអង្គទូតសហភាព​អឺរ៉ុប ត្រូវបានបិទខ្ទប់វិញដោយ​អាជ្ញាធរចិន បន្ទាប់ពីភាគីអឺរ៉ុប​  បានស្នើសុំជួបលោកសាស្ត្រាចារ្យជនជាតិអ៊ុយហ្គួ ឈ្មោះ​ Ilham Tohti ដែលតុលាការចិនបានកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត កាលពីឆ្នាំ​២០១៤។ លោក Ilham Tohti ដែលបច្ចុប្បន្នមាន​អាយុ​៥១ឆ្នាំ ត្រូវបា​នសភាអឺរ៉ុប ប្រគល់ពានរង្វាន់ សិទ្ធិមនុស្ស Sakharov នៅឆ្នាំ២០១៩។ លោក Zhang Ming ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅសហភាពអឺរ៉ុប បានអះអាងថា ភាគីចិនបានរៀបចំបើកផ្លូវទទួលគណៈប្រតិភូអឺរ៉ុប ឲ្យចូលទៅខេត្តស៊ីនជាំងរួចអស់ហើយ តែការទាមទារចុងក្រោយរបស់គណៈប្រតិភូនេះ ដែលចង់ចូលទៅជួបជនឧក្រិដ្ឋ គឺជាការទាមទារហួសហេតុ ដែល​ភាគីចិនមិនអាចទទួលយល់ព្រមបានទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ