អានតួអត្ថបទ
ចិន-អ៊ុយហ្គួរ-អឺរ៉ុប

សំណុំរឿងអ៊ុយហ្គួរ៖ ចិនប្រាប់​ក្រុមហ៊ុន​សំលៀក​បំពាក់​អឺរ៉ុប កុំ​​យក​​នយោបាយ​​មក​បូកបល់​​នឹង​ជំនួញ​

ស្ថិតក្នុងបរិបទនៃបញ្ហាដែលប្រទេសលោក​ខាងលិច ចោទចិនថាបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ នៅខេត្តស៊ីនជាំង​ តំណាងរដ្ឋាភិបាលចិន បាន​លើកឡើងថា ក្រុមហ៊ុន​ផលិតសំលៀក​បំពាក់នៅអឺរ៉ុប មិនត្រូវ​យកបញ្ហា​នយោបាយ​​ ទៅលាយឡំនឹងការធ្វើជំនួញឡើយ។ ការលើកឡើងដូចនេះ គឺជាការឆ្លើយ​តបទៅនឹងសារព្រួយបារម្ភ របស់ក្រុមហ៊ុន​ម៉ាកសំលៀក​បំពាក់ មួយ​ចំនួន​នៅអឺរ៉ុប ទាក់ទិននឹងការ​ធ្វើទុក្ខបុកម្នេញ ធ្វើទៅលើជនជាតិអ៊ុយហ្គួរ ពីសំណាក់អាជ្ញាធរចិន។

ហាងសំលៀកបំពាក់ម៉ាក H&M នៅហុងកុង។ ថ្ងៃទី ២៧ មីនា ២០២១
ហាងសំលៀកបំពាក់ម៉ាក H&M នៅហុងកុង។ ថ្ងៃទី ២៧ មីនា ២០២១ AP - Kin Cheung
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្និសីទកាសែត កាលពីថ្ងៃចន្ទ ទី​២៩មីនា លោក Xu Guixiang អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តស៊ីនជាំង បាន​លើកឡើងថា ក្រុមហ៊ុន​ឯកជនមិនត្រូវ​ យកបញ្ហា​នយោបាយ មកបូកច្របល់ ធ្វើ​ឲ្យ​ប៉ះពាល់ដល់មុខជំនួញ​ឡើយ។ អ្នកនាំពាក្យ​រូបនេះ បាន​អះអាងថា ចាប់ពី​ពេលនេះទៅ ក្រុមហ៊ុនផលិតសំលៀកបំពាក់ស៊ុយអ៊ែត ម៉ាក H&M នឹងមិនអាចរកប្រាក់ចំណេញ​នៅប្រទេសចិនបានទៀតទេ។

ភ្លាមៗក្រោយ​ការ​លើកឡើងរបស់ភាគីចិននេះ ក្រុមហ៊ុន H&M មិនបាន​ចេញប្រតិកម្មអ្វីទាំងអស់។ គួរបញ្ជាក់ថា បញ្ហានេះ គឺវាស្ថិតក្នុងបរិបទជម្លោះ បោះសំដីឲ្យ​គ្នាទៅវិញទៅមក រវាងក្រុមប្រទេសលោកខាងលិច និង​ រដ្ឋាភិបាលចិន ទាក់ទិននឹងសំណុំរឿង​ជនជាតិអ៊ុយហ្គួររ។ សហភាពអឺរ៉ុប អង់គ្លេស អាមេរិក និងកាណាដា បាន​ចាត់វិធានការទណ្ឌកម្មទៅលើ​ចិន ដែលពួកគេចោទថាបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ទៅលើ​ប្រជាជនអ៊ុយហ្គួរ ក្នុងខេត្តស៊ីនជាំង។

បញ្ហានេះបានរាលដាល មកដល់​ក្រុមហ៊ុន​ផលិតសំលៀកបំពាក់មួយចំនួន​នៅអឺរ៉ុប ដែល​ប្រើ​ប្រាស់​វត្ថុធាតុដើមកប្បាស ដាំនៅក្នុងខេត្តស៊ីនជាំង។ ចាប់ពីថ្ងៃពុធសប្តាហ៍មុន អ្នកលេងបណ្តាញសង្គមនៅចិន បានចែកចាយ​តៗគ្នា នូវសារមួយ​របស់​ក្រុមហ៊ុន H&M កាលពី​ឆ្នាំ​២០២០ ថាខ្លួន​មានការព្រួយ​បារម្ភ អំពីដំណឹងដែលថា ប្រជាជនអ៊ុយហ្គួរ ត្រូវគេបង្ខំឲ្យ​ធ្វើជាទាសករ នៅតាមចំការកប្បាស ក្នុងខេត្តស៊ីនជាំង។ បញ្ហានេះ បានរាលដាលទៅដល់ម៉ាកផ្សេងៗទៀត ដូចជា Burberry Nike និង Adidas ជាដើម។ ​ប្រជាជនចិនបាន​អំពាវនាវ ឲ្យ​ធ្វើ​ពហិកា ឈប់ទិញផលិតផលម៉ាកទាំងនេះ ដោយចោទថាជាក្រុមហ៊ុន ដែលសំអុតកិត្តិយសកេរ្តិ៍ឈ្មោះ របស់​ប្រទេសចិន។

ដោយឡែក អ្នកនាំពាក្យ​ម្នាក់ទៀតនៅខេត្តស៊ីនជាំង បានឆ្លើយតបថា កម្មវត្ថុនៃនៃ​ពួករិះគន់ចិន គឺដើម្បី​បង្កអស្ថិរភាព​ដល់សង្គមចិន។ អ្នកនាំពាក្យ​រូបនេះ អះអាងថា គេចាំទទួលស្វាគមន៍តំណាងក្រុមហ៊ុន​ផលិត​សំលៀកបំពាក់ទាំងនេះ ឲ្យ​ចុះមកពិនិត្យ ដល់ចំការកប្បាសនៅខេត្តស៊ីនជាំង។

គួរកត់សំគាល់ថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ សំណុំរឿងប្រជាជនអ៊ុយហ្គួរខេត្តស៊ីនជាំង បាន​ក្លាយ​ជាកម្មវត្ថុជម្លោះ កាន់តែធំទៅរវាង ប្រទេសលោកខាងលិច និង ចិន។ កាណាដា និងអាមេរិក បាន​ហ៊ានដល់ទៅចាត់ទុក ថាចិនកំពុងតែធ្វើអំពើប្រល័យពូជសាសាន៍ បោសសំអាតប្រជាជនអ៊ុយហ្គួរ ពីខេត្តស៊ីនជាំង។ នៅថ្ងៃចន្ទទី​២៩មីនាដែរ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន​បញ្ជាក់ឲ្យដឹងថា ក្រុមប្រឹក្សាសិទ្ធិមនុស្ស​កំពុងតែចរចាជាមួយរដ្ឋាភិបាលចិន យ៉ាងម៉ដចត់បំផុត ដើម្បី​បញ្ជូនក្រុមអ្នកជំនាញ ឲ្យចុះទៅពិនិត្យស្រាវជ្រាវរកការពិត នៅខេត្តស៊ីនជាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ