អានតួអត្ថបទ
ចិន-អុយហ្គួរ

ចិនផ្តន្ទាទោសប្រហារជីវិតអតីតមន្រ្តីអ៊ុយហ្គួរនៅស៊ីនជាំង

មន្ត្រី​ជនជាតិ​អ៊ុយហ្គួ​រនៅ​ស៊ីនជាំង​ពីរ​នាក់ ត្រូវ​បាន​តុលាការ​ចិន​កាត់​ទោសប្រហារ​ជីវិត ពី​បទ​ ធ្វើ​សកម្មភាព​ចង់​ផ្តាច់​ទឹក​ដី។ នេះ​បើ​តាម​ព័ត៌មាន​ចុះ​ផ្សាយ​ក្នុង​ទំព័រវេបសាយ​របស់​អាជ្ញាធរ​ក្រុង​ស៊ីនជាំង។ ជា​ការ​កាត់​ទោស​ដែល​សម្រេច​ឡើង​ក្នុង​ខណៈ​ចិន​កំពុង​រងការ​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់សហគមន៍​អន្តរជាតិ​ ជាពិសេស​សហរដ្ឋ​អាមេរិក​និង​សហភាពអឺរ៉ុប ចំពោះ​ទង្វើ​បង្ក្រាប​ជនជាតិភាគ​តិច​កាន់​សាសនាអ៊ីស្លាម​នៅ​តំបន់​ស៊ីនជាំង។ សហរដ្ឋ​អាមេរិក​ គ្រោង​ទាំង​ចង់​ធ្វើ​ពហិការ​មិន​ចូល​រួម​កីឡាអូឡាំពិក​រដូវក្តៅ​នៅប៉េកាំង​​ផង ដើម្បី​ព្រមានចិន។

ប៉ូលិស​ចិន​ល្បាត​នៅ​មុខ​វិហារ​អ៊ីស្លាម​មួយ នៅ​តំបន់​ស៊ីនជាំង
ប៉ូលិស​ចិន​ល្បាត​នៅ​មុខ​វិហារ​អ៊ីស្លាម​មួយ នៅ​តំបន់​ស៊ីនជាំង AP - Ng Han Guan
ផ្សាយពាណិជ្ជកម្ម

មន្ត្រី​ទាំង​ពីរ​រូប​នេះ ម្នាក់ធ្វើការ​នៅ​​​​ក្រសួង​យុត្តិធម៌ និ​ង​ម្នាក់​ទៀត​នៅក្នុង​ក្រសួង​អប់រំ ដែល​សុទ្ធ​តែ​ជា​វិស័យ​ដ៏​រសើបៗ។ Shirzat Bawudun អតីត​អ្នក​ទទួល​ខុស​ត្រូវ​នៅ​នាយកដ្ឋានន​យុត្តិធម៌​ស៊ីនជាំង ត្រូវ​បាន​តុលាការ​ប្រជាជនជាន់ខ្ពស់​ស៊ីនជាំង​ កាត់ទោស​ប្រហារ​ជីវិត​ ដោយ​ព្យួរ​ទោស​ពីរ​ឆ្នាំ​ ពីបទ​ផ្សំ​គំនិត​ជាមួយ​ចលនា​អ៊ីស្លាម​តួគេស្ថាន​ខាង​កើត ដោយ​បាន​ទទួល​ប្រាក់​សំណូក​ និង​ដឹកនាំ​ធ្វើ​សកម្មភាពអបគមន៍។ នេះ​បើ​តាមការ​លម្អិត​របស់​អនុប្រធានចៅក្រម​។ ភ្នាក់ងារសារព័ត៌មាន​ចិន​ថ្មី បាន​បញ្ជាក់​បន្ថែម​ទៀត​ថា សម្រាប់​ក្រុមចៅក្រម អតីត​មន្ត្រី​អ៊ុយហ្គួរ​នេះ ថែម​ទាំង​បាន​ទៅ​ស្វែង​រក​ព័ត៌មាន​ពីកងកម្លាំង​ទ័ពបរទេស និង​បានធ្វើ​សកម្មភាព​បែប​សាសនាដោយ​ខុសច្បាប់​នៅក្នុង​ពិធី​មង្គលការ​កូនស្រី។ ​

ក្នុង​បទចោទ​​ប្រកាន់ ​ប្រព្រឹត្ត​អំពើ​​ពុករលួយ មាន​សកម្មភាព​ផ្តាច់​ទឹកដី​និយម និង​ដាក់​ទោស​ប្រហារ​ជីវិត នៅ​ពីរ​ឆ្នាំ​ខាង​មុខដូច​គ្នា តុលាការ​ក្រុង​ស៊ីនជាំង​បាន​បន្ទោស​​​លោក Sattar Sawut អតីត​ប្រធាន​នាយកដ្ឋាន​​អប់រំ តំបន់​​ស៊ីនជាំង ថា​បាន​បញ្ជ្រាប​ខ្លឹមសារ​អប់រំ​ដែល​មាន​ពាក់ព័ន្ធ​នឹង​ការ​បះបោរផ្តាច់ទឹកដី​ដល់​ក្រុមជនជាតិ​ភាគតិច បែប​ភេរវនិយម និង​អ៊ីស្លាមជ្រុលនិយម​ នៅក្នុង​សៀវភៅ​សិក្សា​ភាសាអ៊ុយហ្គួរ។ សៀវភៅ​សិក្សានោះ​ បាន​ជំរុញ​ឱ្យ​មានអំពើ​ហិង្សា​នៅ​អ៊ូរុំ​ជី Urumqi កាលពី​ឆ្នាំ​២០០៩។

ទន្ទឹម​ពេល​ជា​​មួយ​គ្នា​នេះ​ដែរ នៅ​ព្រឹក​ថ្ងៃពុធ​ទី ៧មេសា​នេះ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​លើកឡើង​អំពី​ការ​ចេញ ផ្សាយភាព​យន្ត​​ឯកសារ​ទីបួន​ ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្មនៅ​តំបន់​ស្វយ័ត​ ទៀតផង។

សូមបញ្ជាក់​ថា​ នៅ​ប្រទេស​ចិន​ ទោស​ប្រហារ​ជីវិត​ដោយ​ព្យួរ​ទោស​ ស្មើ​នឹង​ការ​ដាក់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ការកាត់​ទោស​ប្រហារ​ជីវិត​អតីត​មេដឹកនាំ​អ៊ុយហ្គូ​នៅ​ស៊ីនជាំងនេះ ធ្លាក់​មកជួន​ចំពេល​ដែល​សហគមន៍​អន្តរជាតិ មាន​អាទិ៍​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប បាន​រិះគន់និង​ដាក់​ទណ្ឌកម្ម​ចិន​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​រំលោភសិទ្ធិមនុស្ស​លើ​ជនជាតិ​ភាគតិច​កាន់​សាសនាអ៊ីស្លាម​អ៊ុយហ្គួរ។ សហរដ្ឋអាមេរិក តាមរយៈ​សំឡេង​របស់​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស បាន​អះអាង​នៅ​ថ្ងៃនេះ ថា​អាមេរិកកំពុង​ពិចារណា​ជាមួយ​សម្ព័ន្ធមិត្ត​ ចាត់​វិធានការ​​រួមដើម្បី​ព្រមានចិន ដោយ​មាន​​គម្រោង​ធ្វើ​ពហិការ​មិន​ចូល​រួម​​ប្រកួត​កីឡាអូឡាំពិក​ឆ្នាំ​២០២២​នៅ​ប៉េកាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ