អានតួអត្ថបទ
ឥណ្ឌា-កូវីដ១៩

ឥណ្ឌា៖ ចំនួន​​មនុស្ស​ស្លាប់​ដោយ​​កូវីដ​១៩​ ឡើង​លើស​​៣សែន​នាក់

យោងតាមតួលេខផ្លូវការ នៅថ្ងៃទី​២៤ឧសភានេះ ប្រទេសឥណ្ឌា មានមនុស្សស្លាប់ដោយកូវីដ​១៩ ចំនួន​លើស ៣សែននាក់ហើយ។ ឥណ្ឌា គឺជាប្រទេសទី៣ ដែលមាន​មនុស្សស្លាប់ដោយ​កូវីដ​១៩ ច្រើនបំផុត បន្ទាប់ពី សហរដ្ឋអាេមរិក និង ប្រេស៊ីល។ តែអ្នកជំនាញសង្ស័យថា តួលេខផ្លូវការនៅឥណ្ឌា អាចទាបជាងការពិតជាក់ស្តែង។

សមាជិកគ្រួសារសព ក្នុងសម្លៀកបំពាក់ការពារ​ មកសំពះមុខភ្លើងបូជាសព ដែលស្លាប់ដោយកូវីដ​១៩។ ក្រុង ហ្គោហាទី ថ្ងៃទី ២៤ ឧសភា ២០២១
សមាជិកគ្រួសារសព ក្នុងសម្លៀកបំពាក់ការពារ​ មកសំពះមុខភ្លើងបូជាសព ដែលស្លាប់ដោយកូវីដ​១៩។ ក្រុង ហ្គោហាទី ថ្ងៃទី ២៤ ឧសភា ២០២១ AP - Anupam Nath
ផ្សាយពាណិជ្ជកម្ម

នៅ២៤ម៉ោងចុងក្រោយ នៅឥណ្ឌា មានអ្នកស្លាប់​ដោយ​កូវីដ​១៩ ចំនួន​៤៤៥៤នាក់។ ត្រឹមតែក្នុង២សប្តាហ៍ចុងក្រោយ ចំនួន​មនុស្សស្លាប់ដោយកូវីដ​១៩នៅឥណ្ឌា បាន​ឡើងចំនួនដល់ទៅ​៥ម៉ឺននាក់។ សរុបមកទល់ពេលនេះ អ្នកស្លាប់ដោយកូវីដ​១៩ នៅប្រទេសឥណ្ឌា មានចំនួនសរុប ៣០៣៧២០នាក់។ ឥណ្ឌាក្លាយជាប្រទេសទី៣ បន្ទាប់ពីសហរដ្ឋអាេមរិក និងប្រេស៊ីល ដែលមានមនុស្សស្លាប់ដោយកូវីដ​១៩ ច្រើនលើស៣សែននាក់។

ចំនួន​មនុស្សស្លាប់ កាន់តែកើនឡើង ចំនួន​អ្នកជម្ងឺ ដែលត្រូវការការព្យាបាល សង្គ្រោះបន្ទាន់ក៏ចេះតែកើន។ បើទោះបីទីក្រុងធំៗខ្លះនៅឥណ្ឌា ដូចជាញូដេលី និងបុបបៃ ជាដើម បាន​ដាក់ចុះនូវវិធានការបិទខ្ទប់ ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាលក្តី តែករណីវិជ្ជមានកូវីដ​១៩ នៅតែកើបជាលំដាប់​។​ ក្រៅពីតាមទីក្រុងធំៗ កូវីដ១៩ បានចូលជ្រាប តាមទីជនបទដាច់ស្រាយ៉ាល នៃប្រទេសឥណ្ឌា ដែលពុំមាន​សេវាសុខភាព​ល្អគ្រាប់គ្រាន់។

យ៉ាងណាមិញ អ្នកជំនាញជាច្រើន បានសង្ស័យថា ចំនួនតួលេខអ្នកឆ្លង និងអ្នកស្លាប់ ដោយកូវីដ​១៩ នៅក្នុងការពិតជាក់ស្តែង នៅឥណ្ឌា អាចមានច្រើនលើសពី​តួលេខផ្លូវការរបស់រដ្ឋាភិបាល។ លោក Gautam Menon សាស្ត្រាចារ្យជីវវិទ្យា នៅសកលវិទ្យាអាសូកា បាន​លើកឡើងថា គេបាន​ប្រទះឃើញសាកសពមនុស្សជាច្រើន ដែលត្រូវបានគេយកទៅចោលក្នុងទន្លេគង្គារ។ សាកសពទាំងនោះ​ មិនត្រូវបាន​គេចុះបញ្ជីរាប់ក្នុងស្ថិតិផ្លូវការទេ។

ពិធីបុណ្យសាសនាក្នុងរយៈពេល​ប្រមាណមួយខែមុននេះ ត្រូវបានគេជឿថា គឺជាកត្តាជំរុញការឆ្លងរាលដាល យ៉ាងឆាប់រហ័ស។ អ្នកជំនាញ​អះអាងថា មានតែការ​ចាក់វ៉ាក់សាំង ទ្រង់ទ្រាយធំទេ ទើបអាចជួយ​សង្គ្រោះជីវិតប្រជាជនឥណ្ឌាបាន។ គិតចាប់ពីដើមខែមករាមក ឥណ្ឌា បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ​១៩ ទៅឲ្យ​ប្រជាជនខ្លួន បានចំនួន​១៩៦លាននាក់ហើយ។ តែយ៉ាងណា ចំនួន​នេះគឺតិចណាស់ បើប្រៀបធៀបនឹងចំនួន​ប្រជាជនឥណ្ឌា ប្រមាណ​១៣០០លាននាក់។ ដើម្បីពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង រដ្ឋាភិបាលឥណ្ឌា បានហាមឃាត់រាល់ការនាំចេញវ៉ាក់សាំង ដែលផលិតនៅលើទឹកដីឥណ្ឌា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ