អានតួអត្ថបទ
អូស្រ្តាលី-កូវីដ១៩

កូវីដ១៩ ៖ អូស្ត្រាលី​សម្រេចភ្លាមៗបិទ​ក្រុង​មែលប៊ននិង​រដ្ឋ​វិចតូរីយ៉ា​ជា​លើកទីបួន

ប្រជាពលរដ្ឋ​អូស្ត្រាលី ទាំង​ជាង​៥​លាន​នាក់ ​នៅ​ក្រុង​មែលប៊ន ក្រុង​ធំ​ទីពីរ​របស់​អូស្ត្រាលី ត្រូវ​ជាប់បម្រាមបិទខ្ទប់​ឱ្យ​នៅ​តែ​ក្នុង​ផ្ទះ​ជា​ថ្មី សម្រាប់​រយៈ​ពេល​មួយ​សប្តាហ៍​ចាប់​ពី​ថ្ងៃទី ព្រាហស្បតិ៍​ទី ២៧​ឧសភា វេលា​ម៉ោង​១២​អាធ្រាត្រទៅ។ សេចក្តី​សម្រេច​បិទក្រុង​ជាបន្ទាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លេច​ករណី​ឆ្លង​កូវីដ​១៩​ជាថ្មី មួយ​កន្លែង។

អូស្ត្រាលី​បិទខ្ទប់​ក្រុង​មែលប៊ន​ជា​ថ្មី ក្រោយ​ការ​លេច​ករណី​ឆ្លង​កូវីដ​១៩​ជា​ថ្មី
អូស្ត្រាលី​បិទខ្ទប់​ក្រុង​មែលប៊ន​ជា​ថ្មី ក្រោយ​ការ​លេច​ករណី​ឆ្លង​កូវីដ​១៩​ជា​ថ្មី AP - Asanka Brendon Ratnayake
ផ្សាយពាណិជ្ជកម្ម

សាលា​រៀន បារ​រង្គសាល អាហារដ្ឋាន ត្រូវ​បិទ​ទាំង​អស់។ ហាម​មិន​ឱ្យ​មានការ​ប្រមូលផ្តុំ​និង​ជួប​ជុំ​គ្នា។ ត្រូវ​ពាក់​ម៉ាស់​វិញជា​ដាច់​ខាត។ ពលរដ្ឋ​នៅក្រុង​មែលប៊ន និង​រដ្ឋ​វិចតូរីយ៉ា​ អាច​ចេញ​ក្រៅ​ផ្ទះ​បាន​ តែ​ក្នុង​ករណី​ចាំ​បាច់​បំផុត ដូច​ជា​ទៅ​ចាក់​ថ្នាំ​បង្ការ​ប្រឆាំង​នឹងកូវីដ​១៩​តែ​ប៉ុណ្ណោះ។ ជើង​ហោះហើរ​ទៅ​នូវែលហ្សេឡង់​-មែលប៊ន ដែល​ជា​ចរាចរណ៍​ដ៏​ចំបង​ជាងគេ​របស់​អូស្ត្រាលី​ជាមួយ​ប្រទេស​ខាង​ក្រៅ​ក៏​ត្រូវផ្អាក និង​​ត្រូវ​កាត់​បន្ថយ​សម្រាប់​ជើង​ហោះហើរ​ភ្ជាប់​ពី​​ក្រុង​ផ្សេងៗជាមួយ​នូវែលហ្សេឡង់។​​ វិធានការ​បិទខ្ទប់ នេះ នឹង​ត្រូវ​ចូល​ជា​ធរមាន​ភ្លាម​ ចាប់​ពី​យប់​ថ្ងៃព្រហស្បតិ៍​ទី ២៧​ឧសភា​ វេលា​ម៉ោង​២៤​ទៅ។

បើ​តាម ​​នាយករដ្ឋមន្ត្រី​ស្តីទី​រដ្ឋ​វិចតូរីយ៉ា លោកJames Merlino ការ​បិទខ្ទប់​ក្រុង​និង​រដ្ឋ រយៈ​ពេលមួយ​សប្តាហ៍​នេះ គឺ​ដើម្បី​កាត់​ផ្តាច់​ការ​ចម្លង​មេរោគ​ និង​ដើម្បី​ឱ្យ​អាជ្ញាធរ​សុខាភិបាល​ងាយ​ធ្វើ​ស្រាវជ្រាវ​រក​អ្នក​ដែល​មានទំនាក់ទំនង​ជាមួយ​អ្នក​វិជ្ជមានកូវីដ១៩។ មេរោគកូវីដបំប្លែង​ខ្លួន​ B1.617 ដែល​រក​ឃើញ​ដំបូង​នៅ​ឥណ្ឌា បាន​ចូលមក​ដល់​ទឹក​ដី​អូស្ត្រាលី តាម​អ្នក​ដំណើរ​ត្រលប់​មក​ពី​បរទេស។ ជា​មេរោគ​ដែល​មានអំណាចចម្លង​លឿន​និងខ្លាំង​ជាងមេរោគបំប្លែងនៅ​អង់គ្លេសដល់​ទៅ​៥០%​។ គ្រាន់​តែ​ផ្ទុះ​ឡើង​ភ្លាម ចំនួន​អ្នក​ឆ្លង​បាន​កើន​ឡើង​មួយ​ទ្វេជា​ពីរ។ ១៣​នាក់នៅ​ថ្ងៃពុធ ២៦​នាក់​នៅថ្ងៃព្រហស្បតិ៍ និងមានអ្នកពាក់ព័ន្ធ​ដោយ​ផ្ទាល់និង​ដោយ​ប្រយោល​សរុប​ជាង​១ម៉ឺននាក់។

​ជាមួយ​សេចក្តីប្រកាសបិទ​ខ្ទប់​ក្រុង លោក Merlino បាន​បន្ទោស​រដ្ឋាភិបាលសហព័ន្ធអូស្ត្រាលីថា​ភាព​យឺតយ៉ាវ​ខ្លាំងក្នុង​យុទ្ធនាការចាក់​ថ្នាំ​បង្ការ​ប្រឆាំង​កូវីដបាន​ចំណែកមួយ​រុញច្រាន​មែលប៊នត្រូវ​​បិទ​ខ្ទប់​​ជាលើក​ទី​បួន ហើយ​វិធានការ​​ធ្វើ​ចត្តាឡីស័កអ្នក​ដំណើរ​មកពីបរទេស​មានចន្លោះ​ប្រហោង។

អូស្ត្រាលី​ត្រូវ​បានគេ​ចាត់​ទុក​ថា​ប្រទេសមួយ​ដែល​មាន​ចំណាត់ការ​ទប់​ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺកូវីដ​១៩​បាន​ជោគជ័យ។ អូស្ត្រាលីបានបន្ធូរ​បន្ថយ​បម្រាម​​ច្រើន តាំង​ពី​ប៉ុន្មាន​ខែ​ចុងមកហើយ តែ​យុទ្ធនាការ​ចាក់ថ្នាំបង្ការ​មាន​លក្ខណៈ​យឺតយ៉ាងខ្លាំងមែន។ អូស្ត្រាលី​​ទើប​ចាក់​វ៉ាក់សាំង​បាន​ប្រមាណ ​ជាង៣,៧​លានដូស ក្នុង​ចំណោម​ប្រជាជនសរុប​២៥​លាននាក់។ ​តាំងពី​ផ្ទុះ​ជំងឺរាតត្បាត​មក​ មានអូស្ត្រាលី​៣ម៉ឺននាក់​បាន​ឆ្លង​កូវីដ និង​ស្លាប់​ជិត​មួយពាន់​នាក់ ហើយ​ភាគ​ច្រើន​នៅ​រដ្ឋ​វិចតូរីយ៉ានេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ