អានតួអត្ថបទ
ហុងកុង-សេរីភាព​សារព័ត៌មាន

តុលាការហុងកុង កាត់​ទោស​​អ្នកទទួល​ខុស​​កាសែត Apple Daily ​ ពីរនាក់ពីបទ​ឃុបឃិត​ជាមួយបរទេស

នេះ​គឺ​ជាលើក​ទីមួយហើយ ដែល​ហុងកុង​ប្រើ​ច្បាប់​សន្តិសុខ​ជាតិ ប្រឆាំង​នឹង​សេរីភាព​សារព័ត៌មាន ដើម្បី​បំបិទ​សំឡេង​បះបោរ។ ​បន្ទាប់​ពី​ត្រូវ​បាន​ប៉ូលិស​ហុងកុង​​​ចោទ​ប្រកាន់​ជា​ផ្លូវការ​ពី​បទ​ឃុបឃិត​ជាមួយ​បរទេស​ប៉ះពាល់​ដល់​សន្តិសុខជាតិ កាលពី​ថ្ងៃ​សុក្រ​ទី ១៨មិថុនា​ម្សិលមិញ​មក អ្នកទទួល​ខុសត្រូវ​​សារព័ត៌មាន​ Apple Daily ពីរ​រូប​ត្រូវ​បានបញ្ជូន​ទៅ​កាត់​ទោស​​នៅ​តុលាការ នាថ្ងៃ​សៅរ៍​ទី ១៩​មិថុនា​នេះ។

អ្នក​ទទួល​ខុស​ត្រូវ​កាសែត Apple Daily ចាប់​ខ្លួន​កាលពី​ថ្ងៃទី ១៧ មិថុនា ២០២១
អ្នក​ទទួល​ខុស​ត្រូវ​កាសែត Apple Daily ចាប់​ខ្លួន​កាលពី​ថ្ងៃទី ១៧ មិថុនា ២០២១ © 本文作者供图
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃព្រហស្បតិ៍​ទី ១៧​មិថុនា ប៉ូលិស​ហុងកុង​ជាង​៥០០​នាក់​បាន​ចុះ​ទៅ​ដល់​ទីស្នាក់ការ​កាសែត ដើម្បី​ធ្វើការឆែកឆេរ និង​រឹប​អូស​យក​កុំព្យូទ័រ ឌីសមេម៉ូរី និងកំណត់​ហេតុ​ផ្សេងៗ​របស់​អ្នក​កាសែត។ ថ្នាក់ដឹកនាំ​កាសែត​ចំនួន​៥​រូប​ ត្រូវ​បាន​ចាប់ខ្លួន។ ពីរ​នាក់​រង​ការ​ចោទ​ប្រកាន់​ភ្លាម ចំណែក​​​បី​នាក់​ផ្សេង​ទៀត ត្រូវ​បានដោះលែង​ជា​បណ្តោះ​អាសន្ន​ក្នុង​ពេល​រង់ចាំ​លទ្ធផលអង្កេត​បន្ថែម។

ដោយ​មិន​បញ្ជាក់​អំពី​អត្តសញ្ញា​ប៉ូលិស​ហុងកុង​បាន​ចេញសេចក្តី​ថ្លែងការណ៍​ខ្លី​មួយនៅ​សុក្រ​ម្សិលមិញ ​បញ្ជាក់អំពី​ការ​ចោទប្រកាន់​​ជា​ផ្លូវការ​បុគ្គលពីរ​រូប អាយុ ៤៧​និង​៥៩​ឆ្នាំ ពីបទ​ឃុបឃិត​ជាមួយ​បរទេស ឬ​ចរន្ត​នៅក្រៅ​ប្រទេស ដែល​នាំ​គ្រោះ​ថ្នាក់​ដល់​សន្តិសុខ​ជាតិ។ បុគ្គល​ពីរ​រូប​នោះ​គឺ​ និពន្ធនាយកលោក​ Ryan Law និង​អគ្គនាយក​សារព័ត៌មាន​ Apple Daily លោក Cheung Kim-hung ដែល​តុលាការ​ហុងកុង​បាន​បើក​សវនាការ​កាត់​ទោស​ភ្លាម​នៅ​ថ្ងៃ​សៅរ៍ទី ១៩មិថុនា​នេះ។

តាំង​ពី​ព្រលឹម​ ពលរដ្ឋ​ហុងកុង​រាប់​សិប​នាក់​ ក្នុង​នោះ​ខ្លះជា​បុគ្គលិក​កំពុងនិងធ្លាប់​ធ្វើការ​ឱ្យ​កាសែត​ផង បានមកប្រជុំ​គ្នា​នៅ​មុខ​តុលាការក្រុង​ហុងកុង ដើម្បី​ផ្តល់​ការគាំទ្រ​ដល់​ថ្នាក់​ដឹកនាំ​ទាំង​ពីរ។ អ្វី​ដែលបាន​កើ​ត​ឡើង​ចំពោះ​កាសែត​​Apple Daily ពេល​នេះ​នឹងអាច​កើត​មាន​លើ​កាសែតផ្សេងៗ​នៅហុងកុង​ជាក់​ជាមិនខាន។ នេះ​បើ​តាមការ​អះអាង​របស់​បុគ្គលិកApple Dailyម្នាក់​សុំមិន​មិន​បញ្ចេញឈ្មោះ។

សម្រាប់​​អាជ្ញាធរ​ហុងកុង និង​ចិន ការ​ចាប់​ខ្លួន​អ្នក​ទទួលខុស​ត្រូវ​និង​កាសែត​Apple Daily នេះមិន​មែន​ជា​ការវាយប្រហារ​ប្រឆាំង​សារព័ត៌មាន​ឡើយ តែ Apple Daily​ បានក្លាយ​ជាសហជីពឧក្រិដ្ឋ។ ​​រិះគន់អាជ្ញាធរ​ចិនដោយ​​​មិនសំចៃ និងដោយ​​ចំៗ Apple Daily ដែល​ជា​សំរាមក្នុង​ភ្នែកប៉េកាំង​យូរ​មកហើយ ទំនង​ជា​មិន​អាច​ត្រដរ​រស់​បានទៀត​ទេ។ ​​ម្ចាស់​សារព័ត៌មាន​ Apple Daily លោកមហាសេដ្ឋី​ ជីមី​ លេ អាយុ​៧៣​ឆ្នាំ ក៏ត្រូវ​បាន​តុលាការ​ហុងកុង​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ជាច្រើន ពី​បទ​មានពាក់ព័ន្ធ​នឹង​បាតុកម្ម​ឆ្នាំ​២០១៩។ ទ្រព្យ​សម្បត្តិ​និង​ភាគហ៊ុន​របស់​លោក​ និង​ទឹកប្រាក់​២,៣​លាន​ដុល្លារ​របស់​កាសែត ត្រូវ​បានអាជ្ញាធរ​​បង្កក​​អស់​ហើយ។ ក្រុមហ៊ុន​បី​ទៀត​របស់​កាសែត​ក៏កំពុងអង្កេត​ដោយ​អាច​​រង​​ពិន័យ​ ឬ​ត្រូវ​​​បិទតែម្តង​ផង។

នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​វិស័យ​សារព័ត៌មាន​នៅហុងកុង​រង​ការ​វាយប្រហារ​តាម​រយៈ​ច្បាប់​សន្តិសុខ​ជាតិ​តាក់តែង​ឡើង​ដោយ​ចិន។ សារព័ត៌មាន​អន្តរជាតិ​​មាន​ទីស្នាក់ការ​នៅ​ហុងកុង​កំពុង​ពិចារណា​​ចង់​ដក​ខ្លួន​ទៅ​រក​ទីតាំង​ផ្សេង។ ចំណែក​សារព័ត៌មាន​នៅ​ក្នុង​ស្រុក ត្រូវ​បង្ខំ​ចិត្ត​ដាក់បម្រាមលើ​ខ្លួនឯង។ នៅក្នុង​ចំណាត់​ថ្នាក់​ស្តី​ពី​សេរីភាព​សារព័ត៌មាន​ ផ្តល់ដោយ​ទីភ្នាក់ងារ​អ្នកយកការណ៍​គ្មាន​ព្រំដែន ហុងកុង​បានធ្លាក់​ចំណាត់​ថ្នាក់​ពីលេខ​១៨នៅ​ឆ្នាំ​២០០២ ទៅ​លេខ​៨០នៅ​ឆ្នាំនេះ។ ឯ​ចិនជាប់លេខ​១១៧​ក្នុង​ចំណោមចំណាត់​ថ្នាក់​ទាំង​​១៨០​ប្រទេស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ