អាមេរិកដកទ័ពចេញពីមូលដ្ឋានដ៏ធំជាងគេនៅអាហ្វហ្កានីស្ថាន
អាមេរិកបានបង្ហាញសញ្ញាដកទ័ពចេញទាំងស្រុងចេញពីអាហ្វហ្កានីស្ថាន តាមរយៈការដកទ័ពចេញពីមូលដ្ឋានយោធា Bagram ដែលជាមូលដ្ឋានដ៏ធំជាងគេរបស់កងទ័ពបរទេស ក្នុងទឹកដីអាហ្វហ្កានីស្ថាន។ តាមមន្រ្តីយោធាជាន់ខ្ពស់អាមេរិក ដែលដកស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានReuters កងទ័ពអាមេរិកបានចាកចេញពីមូលដ្ឋានBagram កាលពីថ្ងៃសុក្រទី ២ កក្កដា។ ក្រុមតាលីបង់ដែលកំពុងប្រយុទ្ធធ្វើសង្រ្គាមជាមួយកងទ័ពរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ស្វាគមត្រេកអរការដកទ័ពអាមេរិកចេញពីមូលដ្ឋានទ័ព Bagram។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៥៣
ស្ថិតនៅចម្ងាយ ៥០គីឡូម៉ែត្រ ពីទីក្រុងកាប៊ូល មូលដ្ឋានកងទ័ព Bagram ជាទីតាំងយុទ្ធសាស្រ្ត និងជាកន្លែងផ្គត់ផ្គង់សព្វាវុធដ៏សំខាន់របស់កងទ័ពបរទេស សម្រាប់ធ្វើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងពួកតាលីបង់ ២០ឆ្នាំមកនេះ។ គឺចេញពីមូលដ្ឋានទ័ពអាកាស Bagramនេះហើយ ដែលកងទ័ពរបស់អាមេរិកនិងអូតង់តែងបញ្ជូនយន្តហោះចម្បាំងទៅវាយប្រហារពួកតាលីបង់។
ប៉ុន្តែ នៅថ្ងៃសុក្រ មូលដ្ឋានទ័ព Bagram ដែលធ្លាប់ជាកូនក្រុងរៀបចំតាមបែបប្រទេសលោកខាងលិច ព្រោះមានហាងBurger ឬអាងហែលទឹកសម្រាប់កងទ័ពបរទេស បានស្ងាត់បាត់កងទ័ពអាមេរិក។ នៅពេលមន្រ្តីជាន់ខ្ពស់អាមេរិកអះអាងថា កងទ័ពអាមេរិកបានចាកចេញពីមូលដ្ឋានទ័ពអាកាស Bagram កាលពីថ្ងៃសុក្រ អ្នកទទួលខុសត្រូវខាងផ្នែកសន្តិសុខអាមេរិកដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានReuters ថា កងទ័ពអាមេរិក និងកងកម្លាំងអូតង់ត្រូវបានដកចេញអស់ ទាំងស្រុងពីមូលដ្ឋាន Bagram។
នៅក្នុងសារទ្វីត កាលពីថ្ងៃសុក្រ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិអាហ្វហ្កានីស្ថានបានបញ្ជាក់ថា ព្រលានយន្តហោះយោធា Bagram ត្រូវបានប្រគល់ជាផ្លូវការទៅឲ្យក្រសួងការពារជាតិអាហ្វហ្កានីស្ថាន។ បន្ទាប់ពីកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តដកខ្លួនចេញអស់ពីមូលដ្ឋានBagram កងទ័ពអាហ្វហ្កានីស្ថានជាអ្នកការពារ និងប្រើមូលដ្ឋានទ័ព Bagram ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវនិយម។ សមត្ថភាពរបស់កងទ័ពអាហ្វហ្កានីស្ថានដើម្បីគ្រប់គ្រងមូលដ្ឋាន Bagram ជាចំណុចគន្លឹះសំខាន់ដើម្បីធានាសន្តិសុខឲ្យតំបន់ជុំវិញរដ្ឋធានីកាប៊ូល និងដើម្បីដាក់សម្ពាធលើពួកតាលីបង់។
នៅថ្ងៃសុក្រ អ្នកនាំពាក្យរបស់ក្រុមឧទ្ទាមតាលីបង់បានបង្ហាញការត្រេកអរ ដោយសង្ឃឹមថា ការដកទ័ពអាមេរិកជាដំណាក់កាលវិជ្ជមាន ដើម្បីជួយឲ្យប្រជាជនអាហ្វហ្កានីស្ថានអាចឈានចាប់យកបានស្ថិរភាព និងសន្តិភាព។
អាមេរិកបានចាប់ផ្តើមដកកងទ័ពរបស់ខ្លួន តាំងពីខែឧសភា ទៅតាមកិច្ចព្រមព្រៀងជាមួយពួកតាលីបង់ ដែលបានសន្យាថា នឹងមិនអនុញ្ញាតឲ្យពួកភេរវនិយមប្រើប្រាស់ទឹកដីអាហ្វហ្កានីស្ថានដើម្បីវាយប្រហារអាមេរិក។ ពួកតាលីបង់ត្រូវសន្យាផងដែរថា នឹងចរចាសន្តិភាពជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថាន។
នៅចំពោះមុខ ការដកទ័ពអាមេរិកពីអាហ្វហ្កានីស្ថាន ម៉ូស្គូ តាមរយៈរដ្ឋមន្រ្តីការបរទេសបានសំដែងក្តីបារម្ភ ពីគ្រោះថ្នាក់របស់ក្រុមជីហាតរដ្ឋអ៊ីស្លាម ដែលកំពុងពង្រីកដែនឥទ្ធិពលរបស់ខ្លួននៅភាគខាងជើងអាហ្វហ្កានីស្ថាន។ ក្រៅពីក្រុមជីហាត កងទ័ពរដ្ឋាភិបាលអាហ្វហ្កានីស្ថានកំពុងរងការវាយប្រហារផងដែរពីក្រុមតាលីបង់ដែលបានបង្កើនការប្រយុទ្ធដណ្តើមយកស្រុក និងប៉ុស្តត្រួតពិនិត្យពីកងទ័ពរដ្ឋាភិបាលនៅភាគខាងជើងប្រទេស។
ទាត់ចោលយោបល់របស់មេបញ្ជាការអាមេរិកដែលទាមទារឲ្យ រក្សាទ័ពអាមេរិក រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពរវាងពួកតាលីបង់ និងកងទ័ពអាហ្វហ្កានីស្ថាន ប្រធានាធិបតីអាមេរិក លោកចូ បៃដិននៅតែអះអាងថា កងទ័ពអាមេរិកត្រូវត្រលប់ទៅផ្ទះវិញ ពីពេលនេះ រហូតដល់ខែ កញ្ញា។ ប៉ុន្តែ តាមការចុះផ្សាយរបស់កាសែតអាមេរិក ក្រសួងការពារជាតិអាមេរិកត្រូវបន្តទុក កងទ័ពអាមេរិកប្រមាណ ៦០០នាក់ សម្រាប់បន្តរក្សាការពារសន្តិសុខឲ្យស្ថានទូតអាមេរិក នៅទីក្រុងកាប៊ូល។ នៅក្នុងសេចក្តីថ្លែងការណ៍ នៅសប្តាហ៍នេះ ស្ថានទូតអាមេរិក នៅអាហ្វហ្កានីស្ថានបានប្រកាសថា អាមេរិកបានប្តេជ្ញាជួយប្រជាជនអាហ្វហ្កានីស្ថាន និងបន្តផ្តល់ជំនួយផ្នែកសន្តិសុខ ដល់អាហ្វហ្កានីស្ថាន ក្នុងទំហំទឹកប្រាក់៣ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២២៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ