អានតួអត្ថបទ
កុមារ-ថ្នាំបង្ការ

ថ្នាំ​បង្ការ​កុមារ ៖ អង្គការ​សហប្រជាជាតិ​ស្រែក​​អាសន្នអំពីគ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ

រវល់​គិត​តែ​អំពីបញ្ហា​កូវីដ និង​ការ​ចាក់​ថ្នាំ​បង្ការ​ប្រឆាំងកូវីដ​១៩ ការ​ចាក់​ថ្នាំ​បង្ការ​ដ៏​ចាំ​បាច់ផ្សេង​ទៀត ជា​ពិសេស​ថ្នាំ​បង្ការ​​សម្រាប់​កុមារ​មាន​ការ​យឺត​យ៉ាវ​យ៉ាង​ខ្លាំង។ បើ​តាម​អង្គការ​សុខភាពពិភពលោក ដោយហេតុ​កូវីដ​១៩ មាន​កុមារ​ប្រមាណ​២៣​លាន​នាក់​ មិនបានទៅ​ចាក់​ថ្នាំបង្ការ​ចាំបាច់ តាម​កម្មវិធី​ជាតិ​ទេ​កាលពី​ឆ្នាំ​ទៅ។ ការ​នេះ​ជា​គ្រោះ​ហានិភ័យ​នាំឱ្យ​ជំងឺ​គ្រុន​ស្វិតដៃជើង កញ្ជ្រិល​ ... លេច​ឡើង​មក​រាតត្បាត​​វិញ។

អង្គការ​សុខភាពពិភពលោក​ មានកុមារ​២៣​លាន​នាក់ មិន​បាន​ចាក់​ថ្នាំបង្ការ​ចាំ​បាច់ គ្រប់​ចំនួន
អង្គការ​សុខភាពពិភពលោក​ មានកុមារ​២៣​លាន​នាក់ មិន​បាន​ចាក់​ថ្នាំបង្ការ​ចាំ​បាច់ គ្រប់​ចំនួន Unicef
ផ្សាយពាណិជ្ជកម្ម

ការចាក់​​ថ្នាំ​បង្ការ​គោល ដែល​មាន​ចែង​ក្នុង​កម្មវិធី​ជាតិ​ស្ទើរ​គ្រប់​ប្រទេសនៅ​លើ​ពិភពលោក សម្រាប់​លុប​បំបាត់​ជំងឺ​ខាន់​ស្លាក់ ក្អកមាន់ តេតាណូស ​គ្រុន​ស្វិត​ដៃជើង និងកញ្ជ្រិល​ ជា​ដើម​ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ពី ៨៦មក៨៣% ពោល​គឺមាន​កុមារ​ដល់២៣លាននាក់ មិន​បានមក​ចាក់​ថ្នាំ​បង្ការ​ ឱ្យ​បាន​គ្រប់​បី​ដូស តាម​ការ​កំណត់។ ចំណែក​១៧​លាន​នាក់​ផ្សេង​ទៀត មិន​បានទទួល​ថ្នាំ​បង្ការ​ចាំបាច់​នេះ​សោះ។ នេះ​ជា​ចំនួន​ដ៏​ច្រើនបំផុត​ គិត​ចាប់​តាំងពី​ឆ្នាំ​២០០៩មក និង​ច្រើន​ជាង​ឆ្នាំ​២០១៩ ប្រមាណ​៣,៧​លាននាក់។

ជា​សរុប ដោយ​ហេតុ​តែ​កូវីដ១៩ ការ​ចាក់​ថ្នាំបង្ការ​​កុមារ ត្រលប់​ទៅ​មាន​សភាព​ដូច​កាលពី​១០​ឆ្នាំ​មុន។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ទទួល​ខុស​ត្រូវ​នៃការិយាល័យ​ចាក់​ថ្នាំបង្ការ​អង្គការ​សុខភាពពិភពលោក លោកស្រី Kate O'Brien។ បើ​តាម​លោកស្រី មូលហេតុ​នៃ​ការ​អាក់ខាន​មិន​មក​ចាក់​ថ្នាំ​បង្ការ​ឱ្យ​កុមារ ដោយឪពុកម្តាយ​ខ្លាច​ឆ្លង​កូវីដ​ពេល​មកមណ្ឌលសុខភាព។ ម្យ៉ាង​ទៀត សេវា​សុខភាព​សាធារណៈ​ក៏​ជួប​នឹង​ភាព​រអាក់រអួល​ខ្លាំង ហើយ​ត្រូវ​រារាំង​ដោយ​​វិធានការ​បិទ​ខ្ទប់​ប្រទេស​ ដើម្បី​ទប់​ស្កាត់​ការ​រីករាលដាល​នៃកូវីដ១៩ទៀត។

ក្រៅ​អំពី​ការ​ភ័យ​ខ្លាច​ពាក់ព័ន្ធ​ផ្ទាល់នឹង​ជំងឺ​រាតត្បាត នៅ​មានមូលហេតុ​ចំបង​មួយ​ទៀត គឺ​កង្វះ​វត្ថុធាតុ​ដើម​ ដោយ​ត្រូវ​ប្រមូល​ និង​បំរុង​ទុក​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​១៩។ ប្រទេស​ដែល​រងគ្រោះ​ មាន​ដំណើរការ​ចាក់​ថ្នាំបង្ការ​កុមារ​ធ្លាក់​ចុះ​ខ្លាំង​គេ គឺ​ឥណ្ឌា ពី ៩១%​ទៅ ៨៥%។ ការចាក់ថ្នាំបង្ការ​ប្រឆាំងនឹងជំងឺ​កញ្ជ្រិល​ត្រូវ​បាន​គាំង​ឈប់​ទាំង​ស្រុង នៅ​ប្រទេស​សាធារណរដ្ឋ​កុងហ្គោ ដែល​​ធ្លាប់រង​​ការ​រាតត្បាត​យ៉ាង​ខ្លាំង។ នៅចន្លោះ​ពី ឆ្នាំ​ ២០១៨-២០២០ កញ្ជ្រិល​បាន​សម្លាប់ជីវិត​មនុស្ស​អស់​ជាង​៨ពាន់​នាក់ ភាគ​ច្រើន​ជា​កុមារ។

ហេតុ​ដូច្នេះហើយ​បាន​ជា​សម្រាប់​អង្គការ​សុខភាពពិភពលោកប្រមើល​ឃើញ​ថា​ ​ នៅ​ឆ្នាំ​២០២១ ពិភពលោក​​នឹង​ត្រូវ​ជួប​គ្រោះ​មហន្តរាយកាន់តែខ្លាំង​ និង​ធ្ងន់ធ្ងរមែន​ទែន ជាមួយ​នឹង​ ​​ ហានិភ័យ​នៃការលេច​ឡើង​វិញ​ នៃ​ជំងឺ​គ្រុន​ស្វិត​ដៃជើង ជំងឺ​កញ្ជ្រិល ...។ នេះ​បើ​តាម​ការព្រមាន​របស់​លោកស្រី​ Kate O'Brien ដដែល។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ