ក្រុមអ្នកតវ៉ាអូស្ត្រាលីប៉ះទង្គិចគ្នាជាមួយប៉ូលិសក្នុងពេលធ្វើបាតុកម្មប្រឆាំងវិធានការរឹតត្បិត
ប្រជាជនអូស្ត្រាលីរាប់ពាន់នាក់ នៅថ្ងៃសៅរ៍ ២៤ កក្កដា បាននាំគ្នាចេញផ្លូវធ្វើបាតុកម្មប្រឆាំងនឹងវិធានការរឹតត្បិតរបស់រដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដនៅក្នុងទីក្រុងស៊ីដនីនិងទីក្រុងធំៗផ្សេងទៀត។ នៅស៊ីដនី មនុស្សជាច្រើននាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានការប៉ះទង្គិចគ្នាហិង្សាជាមួយប៉ូលិសរួចមក។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៥៩
បាតុករអូស្ត្រាលីចំនួនរាប់សិបនាក់ត្រូវបានចាប់ខ្លួន ក្រោយពីបានទៅជួបជុំប្រមូលផ្តុំគ្នាដង្ហែក្បួនតវ៉ាដោយគ្មានការអនុញ្ញាត។ នៅទីក្រុងស៊ីដនី កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រុមបាតុករដែលចេញតវ៉ាទាំងមិនមានពាក់ម៉ាស់ផងនោះ ថែមទាំងបានជួបប្រឈមមុខដាក់គ្នាជាច្រើនដង ជាមួយប៉ូលិស ក្នុងអំឡុងពេលធ្វើបាតុកម្មជាច្រើនម៉ោង។
ហ្វូងបាតុករបានយកថូដាំរុក្ខជាតិផ្សេងៗ និងដបទឹកសុទ្ធគប់លើមន្ត្រីប៉ូលិសក្រុងស៊ីដនីដើម្បីបង្ហាញការពេញចិត្តចំពោះការរឹតបន្តឹងដែលតម្រូវឲ្យពួកគេស្នាក់នៅតែក្នុងផ្ទះអស់រយៈពេលប្រមាណជា ១ ខែមកហើយ។
មនុស្សរាប់ពាន់នាក់ក៏បានប្រមូលផ្តុំគ្នាផងដែរនៅតាមដងផ្លូវជាច្រើនក្នុងទីក្រុងម៊ែលប៊ន។ ក្រុមបាតុករបានបះបោរមិនគោរពតាមឡើយនូវវិធានការដែលតម្រូវឲ្យពួកគេអាចធ្វើដំណើរតែក្នុងករណីចាំបាច់ និងការហាមប្រាមនូវការជួបជុំគ្នាជាសាធារណៈ នៅមួយថ្ងៃបន្ទាប់ពីអាជ្ញាធរអូស្ត្រាលី បានលើកឡើងថាវិធានការខាងលើនេះអាចនឹងបន្តមានរហូតដល់ខែតុលាខាងមុខ។
ប៉ូលិសនៅទីក្រុងម៊ែលប៊នបានឲ្យដឹងថាមានមនុស្ស ៦ នាក់ត្រូវបានចាប់ខ្លួន ហើយពីខាងទីក្រុងស៊ីដនីវិញ អាជ្ញាធរបានប្រាប់ថាមានមនុស្សខ្ទង់ពី ៦ ទៅ៧ នាក់ត្រូវបានចាប់ដាក់ខ្នោះដៃ មនុស្សជិត ១០០ នាក់ត្រូវបានផាកពិន័យ និងមាន ៥៧ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។
យ៉ាងណាក៏ដោយ ក្រុមអ្នករៀបចំបាតុកម្មបានហៅការរបស់តវ៉ារបស់ពួកគេនេះថា ជាការប្រមូលផ្តុំដោយសេរី និងបានផ្សព្វផ្សាយវានៅលើទំព័របណ្តាញសង្គមជាច្រើន។ ពួកគេបានលើកបដាជាដាក់ថាសេរីភាពនិងមានបដាខ្លះសរសេរថាមេរោគកូវីដមិនមែនជាបញ្ហា តែបញ្ហាពិតប្រាកដនោះគឺការគ្រប់គ្រងរបស់រដ្ឋាភិបាលអូស្ត្រាលីមកលើប្រជាពលរដ្ឋ។
ដោយឡែក ប៉ូលិសអូស្ត្រាលីបាននិយាយថាពួកគេគាំទ្រចំពោះសេរីភាពក្នុងការបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធី។ ក៏ប៉ុន្តែការតវ៉ាថ្ងៃកាលពីថ្ងៃសៅរ៍ម្សិលមិញនេះគឺរំលោភលើបទបញ្ជាសុខភាពសាធារណៈដើម្បីគ្រប់គ្រង់ជំងឺកូវីដ ១៩។
គួរជ្រាបថា ដើម្បីទប់ស្កាត់រលកឆ្លងកូវីដជាពិសេសបណ្តាលមកពីមេរោគបំប្លែងខ្លួនដែលតាដែលឆ្លងខ្លាំងនិងលឿនរហ័ស រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចដាក់ចេញវិធានការរឹតត្បិត ដោយតម្រូវឲ្យប្រជាជនចំនួនប្រមាណ ១២ លាន ៥ សែន ក្នុងទីក្រុងមួយចំនួនស្នាក់នៅតែក្នុងផ្ទះ។
ប្រជាជនអូស្ត្រាលីដែលរស់នៅក្រោមវិធានការរឹតបន្តឹងកាន់តែយូរ កាន់តែមានកំហឹងខ្លាំងឡើង ចំពោះការរឹតត្បិតនិងបរាជ័យរបស់រដ្ឋាភិបាលក្នុងការផ្គត់ផ្គង់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់។ មានប្រជាជនអូស្ត្រាលីតែ ១១ %ប៉ុណ្ណោះទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ បានពេញលេញ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ