អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

អាហ្វហ្កានីស្ថាន ៖ កាប៊ូល​រង​​ភេរវក​ម្មពីរ​​ផ្ទួន​គ្នា ក្នុង​ពេលរៀបផែនការ​​វាយបកលើ​ពួក​​តាលីបង់

មាន​ស្លាប់​យ៉ាង​ហោច​ណាស់ ៨​នាក់ និង​របួស​ជាង​២០​នាក់​នៅ​ក្នុង​ភេរវកម្មពីរ កើត​ឡើង​នៅ​កណ្តាល​ក្រុង​កាប៊ូល កាលពី​ល្ងាច​ថ្ងៃអង្គារ​ទី ៣​សីហា២០២១។ ស្នូរ​ផ្ទុះ​ទី​មួយ គឺ​ជា​​បំផ្ទុះ​រថយន្តបង្កៃ នៅមុខ​ផ្ទះ​តំណាង​រាស្ត្រ​ម្នាក់ដែល​នៅ​ជាប់​របង​នឹង​​ផ្ទះ​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិតែ​ម្តង។ ស្នូរ​បំផ្ទុះ​ទាំង​ពីរ​ បាន​កើត​ឡើង​នៅ​មុន​ក្រោយ​គ្នា​តែ​ប្រមាណ​២​ម៉ោង​ប៉ុណ្ណោះ និង​សុទ្ធ​តែ​បន្ត​ដោយ​ការ​បាញ់​តប​ត​គ្នា​ទៀត។ តាលីបង់​បាន​ចេញ​មុខអះអាង​ថា​នេះ​ជា​ស្នាដៃ​របស់​ពួក​គេ។

ទិដ្ឋភាព​កន្លែង​រង​ភេរវកម្ម​តាលីបង់​ នៅក្រុង​កាប៊ូល ថ្ងៃទី ៤ សីហា ២០២១
ទិដ្ឋភាព​កន្លែង​រង​ភេរវកម្ម​តាលីបង់​ នៅក្រុង​កាប៊ូល ថ្ងៃទី ៤ សីហា ២០២១ AP - Rahmat Gul
ផ្សាយពាណិជ្ជកម្ម

នៅ​វេលា​ម៉ោង​៨​យប់​ ម៉ោង​នៅអាហ្វហ្កានីស្ថាន​ ថ្ងៃទី ៣​សីហា ភេរវជន​ម្នាក់​បាន​ចុះ​បំផ្ទុះ​រថយន្តផ្ទុក​ពេញ​ទៅ​ដោយ​ជាតិ​រំសេវ ឱ្យ​ផ្ទុះ​លាន់​ឡើង​ បន្ទាប់​មក​ក្រុម​ភេរវជនអត្តឃាត​​ជា​ច្រើន​បាន​សម្រុក​ចូល​ក្នុងផ្ទះ​សមាជិក​សភា​ ហើយ​​ពើប​ប្រទះ​នឹង​កង​រក្សា​សន្តិសុខ ទើប​មាន​ការ​បាញ់​តប​ត​គ្នា​ឡើង។ កង​កម្លាំង​ពិសេស​បាន​ចូល​មក​ធ្វើ​អន្តរាគមន៍តាមក្រោយ។​  នេះ​បើ​តាម​ការ​រៀប​រាប់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃអាហ្វហ្កានីស្ថាន លោក Mirwais Stanekzai។

​ស្នូរ​កាំភ្លើង​មិនទាន់​ស្ងាត់ផង នៅ​វេលា​ម៉ោង​ប្រហែល​១០យប់ មាន​ការ​បំផ្ទុះ​គ្រាប់​មួយ​កន្លែង​ទៀត នៅ​កណ្តាល​ក្រុង​កាប៊ូល​។ មិន​ខ្លាំង​ដូច​បំផ្ទុះ​លើក​ទីមួយ​មែន ប៉ុន្តែ​ការ​ផ្ទុះ​នេះ​​ មាន​អម​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​តូចៗ​ជា​ច្រើន និង​ ការ​បាញ់​រះ​ដោយ​ប្រើ​កាំភ្លើង​ស្វ័យ​ប្រវត្តិ​ តគ្នា​ ជា​ច្រើន​ទៀត។

កង​កម្លាំង​ប៉ូលិស និង​ជើង​ឆើត​​អាហ្វហ្កានីស្ថាន បាន​ចំណាយ​ពេល​ប្រយុទ្ធ​ត​តាំង​អស់​ជិត​៥​ម៉ោង​ ទើប​អាច​យក​ឈ្នះ​ ​ ហើយ​បិទ​បញ្ចប់​ប្រតិបត្តិការ​កម្ចាត់​​ពួក​ភេរវជនបាន​។

សហរដ្ឋ​អាមេរិក​ បាន​ចង្អុល​មុខ​ភ្លាម​ថា​នេះ​ជា​ស្នាដៃ​របស់​ពួក​តាលីបង់ ដែល​ក៏​បាន​ចេញថ្លែងការណ៍​លម្អិត​អំពី​សកម្មភាព​​ភេរវកម្ម​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃពុធ​ទី ៤​សីហា​នេះ។ បើ​តាម​អ្នក​នាំពាក្យ​តាលីបង់ ភេរវកម្មអត្តឃាត​ប្រឆាំង​នឹង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​​ដឹកនាំ​ដោយ​​ក្រុមយុទ្ធជន​មាន​បំពាក់​អាវុធធុន​ស្រាល​និង​ធ្ងន់ ក្នុង​ពេលដែល​កំពុង​មាន​ការ​ប្រជុំ​ដ៏​សំខាន់​នោះ ជា​ការ​សង​សឹកនឹង​ទង្វើ​របស់​​រដ្ឋបាល​អាហ្វហ្កានីស្ថាន​​ដែល​បាន​បើក​ប្រតិបត្តិការ​និង​ទម្លាក់​គ្រាប់​បែក​សម្លាប់​ជនស៊ីវិល។ តាលីបង់​បាន​ព្រមាន​ទៀត​ថា​នឹង​មាន​ការ​វាយប្រហារថ្មី​ទៀត​​សំដៅ​លើ​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ជួររដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​។

នៅ​ព្រឹក​ថ្ងៃពុធ​នេះ​ មាន​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​ទៀត​បាន​កើត​ឡើង​នៅ​ក្រុង​កាប៊ូល​បណ្តាល​ឱ្យ​ជនស៊ីវិល​ពី​រនាក់ និង​ភ្នាក់ងារ​សន្តិសុខ​ម្នាក់​រង​របួស។

នេះ​ជា​ការ​វាយប្រហារ​ទ្រង់ទ្រង់​ធំ​ពី​សំណាក់​ពួក​តាលីបង់​ ដែល​ដណ្តើ​ម​គ្រប់គ្រង​ប្រទេស​កាន់​តែ​ធំឡើងៗ។ នៅ​មួយ​ខែ​មុន​ការ​ដក​កងទ័ព​បរទេស​ចេញ​ទាំង​ស្រុង​ពី​អាហ្វហ្កានីស្ថាន រដ្ឋាភិបាល​កាប៊ូល គ្រប់គ្រង​បាន​តែ​រដ្ឋធានី​និង​ទី​រួម​ខេត្ត​ធំៗ​តែប៉ុណ្ណោះ។ ហើយ​កាប៊ូល​បាន​ក្លាយ​ជា​ទិសដៅ​វាយប្រហារ​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​កាន់តែ​ច្រើន​ឡើង​តាំង​ពី​ខែ​ឧសភា​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ