អានតួអត្ថបទ
វៀតណាម-ចិន-អាមេរិក

លោកស្រី​អនុប្រធានាធិបតី​អាេមរិក​ប្រាប់ទៅ​វៀតណាម​ថា ត្រូវរួមគ្នា​ដាក់សំពាធចិន​​ឲ្យ​បញ្ឈប់​ការរំលោភ​បំពាន

លោកស្រីកាម៉ាឡា ហារីស អនុប្រធានាធិបតី​សហរដ្ឋអាេមរិក បានទៅដល់ទីក្រុងហាណូយ កាលពី​យប់ថ្ងៃអង្គារ​ ២៤សីហាម្សិលមិញ។ នៅព្រឹក​ថ្ងៃពុធ លោកស្រីបាន​ជួប​ ជាមួយ​លោក​ប្រធានាធិបតី​វៀតណាម ង្វៀន ស៊ាន់ភុក។ នៅក្នុងជំនួប​នោះ លោកស្រីបាន​ប្រាប់ទៅភាគីវៀតណាម​ថា ត្រូវតែរួមគ្នារកវិធីដាក់សំពាធទៅលើចិនឲ្យខ្លាំង ដើម្បីឲ្យចិនបញ្ឈប់សកម្មសភាព​រំលោភបំពាន​ ជ្រុលទាំងឡាយ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។

លោកស្រី កាម៉ាឡា ហារីស ពេលជួបជាមួយ​លោក ផាំ មីញឈីញ នាយករដ្ឋមន្ត្រីវៀតណាម នៅវិមាន​រដ្ឋាភិបាល​ក្រុងហាណូយ ថ្ងៃទី ២៥ សីហា ២០២១
លោកស្រី កាម៉ាឡា ហារីស ពេលជួបជាមួយ​លោក ផាំ មីញឈីញ នាយករដ្ឋមន្ត្រីវៀតណាម នៅវិមាន​រដ្ឋាភិបាល​ក្រុងហាណូយ ថ្ងៃទី ២៥ សីហា ២០២១ AP - Evelyn Hockstein
ផ្សាយពាណិជ្ជកម្ម

ក្នុងឱកាសជួប​សំណេះសំណាល ជាមួយ​លោក ង្វៀន ស៊ាន់ភុក​ (Nguyen Xuan Phuc) ប្រធានាធិបបតី​វៀតណាម លោកស្រីកាម៉ាឡា ហារីស បានលើកឡើងថា វៀតណាម និងអាមេរិក ត្រូវតែរួមគ្នា រកវិធីដាក់សំពាធឲ្យខ្លាំងទៅលើចិន ដើម្បីឲ្យចិនគិតពិចារណាឡើងវិញ ទាក់ទិននឹងសកម្មភាព​រំលោភបំពាន ជ្រុលហួសហេតុទាំងឡាយ ដែលខ្លួនបានធ្វើ​ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ លោកស្រីអនុប្រធានាធិបតីអាមេរិក បានធានាប្រាប់ទៅវៀតណាមដែរថា កងទ័ពជើងទឹកអាមេរិក នឹងបន្ត​មានវត្តមាន​ជាប្រចាំ នៅក្នុងតំបន់នេះ ហើយ​ព្រមទាំង​អាចចូលរួម​ជួយ​ពង្រឹងសមត្ថភាព​ ដល់កងទ័ពជើងទឹកវៀតណាម ថែមទៀតផង។

ក្រៅពីសំណុំរឿងចិន ដំណើរទៅដល់វៀតណាម របស់លោកស្រី​អនុប្រធានាធិបតីអាមេរិក ក៏បាន​ផ្តោតការយកចិត្តទុកដាក់ លើបញ្ហាសុខភាពដែរ ខណៈដែលវៀតណាម​កំពុងរងនូវរលកឆ្លងរាលដាល​កូវីដ​១៩ ធ្ងន់ធ្ងរបំផុត។ មជ្ឈមណ្ឌល​តាមដាន​ជំងឺ​អាមេរិក មួយកន្លែងក្នុងក្រុងហាណូយ ត្រូវបាន​បើកសម្ភោធនៅក្នុងឱនេះដែរ។ លោកស្រីបានប្រកាសប្រគល់អំណោយ​វ៉ាក់សាំង​ ចំនួន​១លានដូស បន្ថែមពីលើចំនួន​៥លានដូស ដែល​អាមេរិកបានប្រគល់ជូនវៀតណាម។

សូមបញ្ជាក់ថា មុនពេលទៅដល់វៀតណាម លោកស្រីកាម៉ាឡា ហារីស បានទៅប្រទេសសិង្ហបុរី ជាទីដែលលោកស្រីបាន​ថ្លែងសន្ទរកថា រិះគន់ចិនចំៗ ថាចិនកំពុងតែធ្វើសកម្មភាព​ គំរាមសំឡុត ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ តែយ៉ាងណា លោកស្រីបានបញ្ជាក់ថា កម្មវត្ថុរបស់អាមេរិក នៅតំបន់អាស៊ីអាគ្នេយ៍ ឬតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺមិនមែនទៅបង្ខិតបង្ខំ​ប្រទេសណាមួយ​​ ឲ្យ​ជ្រើស​យករវាង​​អាមេរិក និងចិន​នោះទេ។

ដោយឡែក នៅថ្ងៃពុធនេះ កាសែតចិន China Daily បានចុះផ្សាយថា ដំណើរទស្សនកិច្ច របស់​លោកស្រី​អនុប្រធានាធិបតីអាមេរិក នៅតំបន់អាស៊ីអាគ្នេយ៍ គឺដើម្បីតែជីកព្រែក បំបែកចិន ពីប្រទេស​អាស៊ាន​តែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា វៀតណាម ត្រូ​វបាន​គេសម្លឹងឃើញថា គឺអាចក្លាយ​ជាដៃគូរយុទ្ធសាស្ត្រ​​ដ៏សំខាន់ សម្រាប់​អាមេរិក ដើម្បី​​បន្សាបឥទ្ធិពល​របស់​ចិន​ មិនថា​ក្នុងផ្នែក​យុទ្ធសាស្ត្រការទូត និងផ្នែកពាណិជ្ជកម្ម។ តែយ៉ាងណា ថ្នាក់ដឹកនាំ​នយោបាយ​​វៀតណាម មាន​ការ​ប្រុងប្រយ័ត្ន​ ដោយមិនផ្អៀងផ្អង​ទៅខាងណា​ជ្រុលនោះទេ។ ជាក់ស្តែង កាលពីថ្ងៃអង្គារទី​២៤សីហា មុនពេលលោកស្រីកាម៉ាឡា ហារីស​ទៅដល់ហាណូយ លោក​​ ផាំ មិញឈីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី​វៀតណាម បានជួប​ជាមួយ​​លោក​​អគ្គរដ្ឋទូត​ចិន​ប្រចាំនៅវៀតណាម ដើម្បីធានា​ប្រាប់ថា វៀតណាម​មិនបាន​ដើរលើ​បន្ទាត់គូសវាសដោយអាមេរិកនោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ