អានតួអត្ថបទ
បារាំង-អូស្រា្តលី

បារាំង និងអូស្រា្តលីពង្រឹងកិច្ចសហប្រតិបត្តិការយោធានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

ប្រទេស​បារាំង និង​អូស្រា្តលី​កំពុង​បញ្ចប់​កិច្ចចរចា​ស្តីពី​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​គ្នា។ កម្មវត្ថុ​នៃ​ការ​បង្កើន​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំង​ពីរ​នេះ គឺ​ដើម្បី​ធានា​សន្តិសុខ​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ដែល​មហិច្ឆតា​របស់​ប្រទេស​ចិន​នៅ​ទីនោះ​កំពុង​បង្ក​ឲ្យ​មាន​ក្តីបារម្ភ​កាន់​តែ​ខ្លាំង​ឡើងៗ។ លោក Peter Jennings នាយក​វិទ្យាស្ថាន​នយោបាយ​យុទ្ធសាស្រ្ត​នៅ​អូស្រ្តាលី​បាន​ពន្យល់​ថា គឺ​កំណើន​ឥទ្ធិពល​របស់​ចិន​ដែល​បាន​ជំរុញ​ឲ្យ​ក្រុង​កង់បេរ៉ា​បោះ​ដៃ​រក​ក្រុង​ប៉ារីស​នៅ​ពេល​នេះ។

រូបភាព​សមយុទ្ធ​រវាង​ទ័ព​អាមេរិក និង​អូស្រា្តលី​នៅ Queensland ក្នុង​ប្រទេស​អូស្រា្តលី ថ្ងៃទី១៣ កក្កដា ឆ្នាំ ២០១៧។
រូបភាព​សមយុទ្ធ​រវាង​ទ័ព​អាមេរិក និង​អូស្រា្តលី​នៅ Queensland ក្នុង​ប្រទេស​អូស្រា្តលី ថ្ងៃទី១៣ កក្កដា ឆ្នាំ ២០១៧។ REUTERS - JASON REED
ផ្សាយពាណិជ្ជកម្ម

វា​ពិត​ជា​រឿង​ដែល​នឹង​អាច​កើត​មាន​ឡើង​នា​ពេល​ឆាប់ៗ​ខាង​មុខ​ដែល​ថា បារាំង​នឹង​មាន​វត្តមាន​កងទាហាន និង​កងនាវា​ចម្បាំង​ឈរ​ជើង​​នៅ​លើ​មូលដ្ឋាន​ទ័ព​អូស្រា្តលី។ វា​អាច​នឹង​មាន​រូបភាព​នេះ ព្រោះ​បារាំង និង​អូស្រា្តលី​កំពុង​ចរចា​បញ្ចប់​លើ​របៀប​វារៈ​នៃ​កិច្ចព្រមព្រៀង​មួយ​ដែល​នឹង​អាច​ធ្វើ​ឲ្យ​បារាំង​ក្លាយ​ជា​សម្ព័ន្ធមិត្តជិតស្និទ្ធ​បំផុត​របស់​អូស្ត្រាលី បន្ទាប់​ពី​អាមេរិក។ ការ​រំកិល​ខិត​ចូល​ជិត​គ្នា​រវាង​បារាំង និង​អូស្រា្តលី​ពេល​នេះ​បាន​កើត​មាន​ឡើង ខណៈ​ដែល​ចិន​ដែល​ជា​ដៃគូពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​អូស្រ្តាលី​កំពុង​បង្កើន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​នៅ​ក្នុង​តំបន់។

លោក Peter Jennings នាយក​វិទ្យាស្ថាន​នយោបាយ​យុទ្ធសាស្រ្ត​នៅ​អូស្រ្តាលី​បាន​ពន្យល់​បកស្រាយ​ថា គឺ​កំណើន​ឥទ្ធិពល​របស់​ចិន​ដែល​បាន​ជំរុញ​ឲ្យ​អូស្រ្តាលី​បង្កើន​ទំនាក់ទំនង​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​បណ្តា​ប្រទេស​អឺរ៉ុប​សំខាន់ៗ ដូច​យ៉ាង​ប្រទេស​បារាំង​ជា​ដើម។ ត្រង់​ចំណុច​នេះ​ត្រូវ​បាន​លោក Peter Jennings លើក​យក​ហេតុផល​ចំនួន​ពីរ​ទៅ​បញ្ជាក់ ទី១ បណ្តា​ប្រទេស​អឺរ៉ុប​សំខាន់ៗ​ទាំង​នោះ​តំណាង​ឲ្យ​ជម្រើស​សេដ្ឋកិច្ច​របស់​អូស្រា្តលី ហើយ​ទី២ បណ្តា​ប្រទេស​អឺរ៉ុប​សំខាន់ៗ​ទាំង​នោះ និង​អូស្រា្តលី​បាន​ចែករំលែក​តម្លៃ​ដូច​គ្នា។

គួរ​បញ្ជាក់​ថា ការ​ដែល​បារាំង​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​សម្ព័ន្ធមិត្ត​រឹងមាំ​របស់​អូស្រា្តលី​ក៏​ព្រោះ​តែ​បារាំង​កំពុង​មាន​វត្តមាន​ស្រាប់​នៅ​ក្នុង​តំបន់ ពិសេស​នៅ Nouvelle-Calédonie និង​នៅ Polynésie ដែល​ជា​ដែនដី​របស់​ខ្លួន។ មួយ​វិញ​ទៀត អូស្រា្តលី​បាន​ទិញ​នាវាមុជទឹក​បារាំង​ចំនួន ១២គ្រឿង។ ចំណែក​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​ចង់​បង្កើន​ការ​ចូលរួម​របស់​បារាំង​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ ខណៈ​នេះ ទ័ពថ្មើរជើង​បារាំង និង​អូស្រា្តលី​កំពុង​ធ្វើ​សមយុទ្ធ​រួម​គ្នា​នៅ​ក្នុង​ទីក្រុង Queensland។

នៅ​ឆ្នាំ ២០២២ គឺ​ជា​សមយុទ្ធ​របស់​ទ័ព​អាកាស​ដែល​បារាំង និង​អូស្រ្តាលី​គ្រោង​រៀបចំ​រួម​គ្នា។ បន្ទាប់​មក​នៅ​ឆ្នាំ ២០២៣ គឺ​ជា​គម្រោង​ធ្វើ​សមយុទ្ធ​របស់​ទ័ពជើង​អាកាស​ដែល​នឹង​មាន​ការ​ចូល​រួម​ពី​អាមេរិក​ម្នាក់​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ