អានតួអត្ថបទ
ពលកម្ម-សុខភាព

របាយការណ៍៖ ស្លាប់ប្រមាណ​​ជិត​២លាន​នាក់​ក្នុងមួយឆ្នាំ ដោយសារ​​គ្រោះថ្នាក់ និង​​ ជម្ងឺ​ពាក់ព័ន្ធ​នឹង​ការងារ

យ៉ាងហោចណាស់ មានមនុស្សជិត​២លាននាក់ ដែលស្លាប់ដោយសារគ្រោះថ្នាក់ការងារ ឬជំងឺផ្សេងៗដែលពាក់ព័ន្ធនឹងការងារ។ នេះបើផ្អែកតាមរបាយការណ៍ ស្រាវជ្រាវរួមគ្នាដោយអង្គការសុខភាព​ពិភពលោក និងអង្គការ​ពលកម្មអន្តរជាតិ នៅចន្លោះពីឆ្នាំ ២០០០ ដល់ ២០១៦។ របាយការណ៍ ដែលទើបតែចេញផ្សាយ កាលពីថ្ងៃសុក្រទី​១៧កញ្ញា បាន​សង្កត់ធ្ងន់ទំហំនៃករណីស្លាប់ ដែលពាក់ព័ន្ធនឹងការងារ បាន​កើនឡើងជាលំដាប់។ ​ជាងនេះទៀត របាយការណ៍នេះ បានធ្វើឡើង នៅមុនវិបត្តិជំងឺឆ្លងកូវីដ១៩ ថែមទៀតផង។ អង្គការអន្តរជាតិទាំង២អំពាវនាវ ឲ្យនយោជក សហគ្រាសក្រុមហ៊ុនទាំងអស់ ត្រូវតែ​គិតគូរពីសុខភាព​ និងសន្តិសុខរបស់​បុគ្គលិក​កម្មករ ឲ្យ​បានម៉ដ្ឋចត់បំផុត។

ថ្ងៃទី ២៥ មេសា ២០១៣ គ្រោះថ្នាក់រលំបាក់អាគាររោងចក្រ Rana Plaza នៅ​ប្រទេសបង់ក្លាដេស បសន្លាប់ជីវិត​មនុស្សជិត​ ១២០០នាក់ ដែល​ភាគច្រើនសុទ្ធតែជាស្ត្រីកម្មការនីរោងចក្រកាត់ដែរ។
ថ្ងៃទី ២៥ មេសា ២០១៣ គ្រោះថ្នាក់រលំបាក់អាគាររោងចក្រ Rana Plaza នៅ​ប្រទេសបង់ក្លាដេស បសន្លាប់ជីវិត​មនុស្សជិត​ ១២០០នាក់ ដែល​ភាគច្រើនសុទ្ធតែជាស្ត្រីកម្មការនីរោងចក្រកាត់ដែរ។ AP - A.M. Ahad
ផ្សាយពាណិជ្ជកម្ម

នៅក្នុងឆ្នាំ​២០០០ មានមនុស្សយ៉ាងហោច ១លាន៧សែននាក់ ដែលបានស្លាប់ ដោយ​គ្រោះថ្នាក់ការងារ និង​ដោយសារជម្ងឺ​ដង្កាត់ផ្សេងៗ បណ្តាលមក​ពី​កត្តាការងារ។ តួលេខនេះ បានកើនឡើង ដល់ ជិត១លាន៩សែននាក់ នៅក្នុងឆ្នាំ​២០១៦។ នេះបើផ្អែកតាម​របាយការណ៍ ដែលធ្វើឡើងរួមគ្នាជាលើកទីមួយ ដោយអង្គការសុខភាពពិភពលោក និងអង្គការពលកម្មអន្តរជាតិ។

ភាគច្រើនបំផុតនៃករណីស្លាប់ គឺមាននៅតាមប្រទេសអាស៊ីអាគ្នេយ៍ និងប្រទេសតំបន់ប៉ាស៊ីហ្វិកខាងលិច ព្រមទាំងក្នុងចំណោម​បុគ្គលិក​ ពលករ ដែលមានអាយុ​លើសពី​៥៤ឆ្នាំឡើងទៅ។ របាយការណ៍នេះ បាន​រំលេ​ចឲ្យឃើញ នូវកត្តា​ចំនួន​១៩ ដែល​ចូលរួម បង្កបញ្ហាសុខភាពជំងឺឈឺថ្កាត់ដល់នយោជិត។ កត្តាទាំងនោះមានដូចជា ការធ្វើការយូរខ្លាំង លើសកម្លាំង ការប្រឈមខ្លាំងនឹងខ្យល់បរិយាកាសមិនស្អាតបរិសុទ្ធ នៅកន្លែងការងារ ដូ​ចជាសារធាតុពុល ឧស្ម័នពុល ផ្សែងល្អងសារធាតុគីមី ដែលបង្កជាជម្ងឺផ្លូវដង្ហើម ជម្ងឺមហារីក ព្រមទាំងសម្លេងថ្លង់ខ្លាំងជាប្រចាំ ជាដើម ។ល។

យោងតាមអង្គការសុខភាពពិភពលោក ក្នុងឆ្នាំ​២០១៦ កត្តាធ្វើការយូរម៉ោង ហួសកម្លាំង ដល់ទៅ​៥៥ម៉ោងជាមធ្យមក្នុងមួយសប្តាហ៍ គឺជាមូលហេតុចំបង បណ្តាល​ឲ្យ​ស្លាប់មនុស្ស​ប្រមាណ​៧៥ម៉ឺននាក់ ដោយសារតែជំងឺដាច់សរសៃឈាម។ ចំណែកកត្តាបរិយាកាសពុល ផ្សែង ឧស្ម័ន សារធាតុគីមី វិញ បានបណ្តាលឲ្យ​មនុស្សស្លាប់ ប្រមាណ​៤៥ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ។ ក្នុងឆ្នាំ​២០១៦ ជម្ងឺដង្កាត់នានាបណ្តាលមកពីការងារ គឺជាមូលហេតុនៃករណីស្លាប់ដែលពាក់ព័ន្ធនឹងការងារ ប្រមាណ​៨០%។ ក្រៅពីនេះ នៅមាន​ករណី​គ្រោះថ្នាក់នៅកន្លែងធ្វើការងារ ដែល​បណ្តាល​ឲ្យស្លាប់មនុស្ស​ចំនួន ៣៦ម៉ឺននាក់ ក្នុងមួយឆ្នាំ។

លោកអគ្គលេខាធិការអង្គការសុខភាព​ពិភពលោក បាន​លើកឡើងថា មិនត្រូវឲ្យ​មាន​នរណាម្នាក់ ស្លាប់ ឬធ្លាក់ខ្លួនឈឺ ដោយ​សារបំពេញ​ការងារ ប្រកបរបរចិញ្ចឹមជីវិតនោះទេ។ លោក​បន្ថែមថា របាយការណ៍​នេះ គឺវាជាការទាញសញ្ញាអាសន្ន ផ្ញើទៅកាន់នយោជក សហគ្រាស រោងចក្រ ក្រុមហ៊ុនទាំងអស់ ឲ្យគិតគូរ កែលម្អលក្ខខណ្ឌការងារ ទាក់ទងនឹងផាសុខភាព ព្រមទាំងសុខភាព​ សន្តិសុខរបស់​បុគ្គលិក។

លិខិតប្រកាសរបស់​អង្គការសុខភាព​ពិភពលោក បាន​សង្កត់ធ្ងន់ថា ជម្ងឺដង្កាត់ និង បញ្ហាសុខភាព​របស់បុគ្គលិក ពលករ កម្មករ គឺវាអាចជះផលវិបាក ទំងន់បន្ទុកទៅលើវិស័យសុខាភិបាលទាំងមូល តាមប្រទេសនីមួយៗ។ ជាងនេះទៀត សុខភាពបុគ្គលិកចុះទ្រុធទ្រោម​ វាក៏ធ្វើ​ឲ្យខាតបង់​ផងដែរ ដល់​សង្វាក់ផលិតកម្ម ប៉ះពាល់ជីវភាពគ្រួសារ ព្រមទាំងបង្អាក់​ការរីកចម្រើនទូទៅ របស់សង្គមជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ