អានតួអត្ថបទ
អាស៊ាន-ភូមា

អាស៊ាន​ពិចារណា​ចង់​ផាត់​មេដឹកនាំ​យោធា​ភូមា មិន​ឱ្យ​ចូលរួម​ក្នុង​ជំនួប​កំពូល

ក្រុមប្រទេសជា​សមាជិកប្រជាអាស៊ីអាគ្នេយ៍​ ហៅកាត់​ថា​អាស៊ាន កំពុង​ពិភាក្សា​គ្នា​​អំពី​លទ្ធភាព​ មិន​អញ្ជើញ​ មេដឹកនាំ​យោធា​ភូមា ចូល​រួម​ក្នុង​ជំនួប​កំពូល​អាស៊ាន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ចុង​ខែ​តុលា​ខាង​មុខ​នេះ។ មិនឱ្យលោក មីន អ៊ុងឡាំង ចូល​ក្នុង​ក្រុម​ ដើម្បី​ជា​ការ​ព្រមាន​ចំពោះ​ទង្វើ​បិទ​ខ្ទប់​ផែនការ​នាំ​ភូមា​ទៅ​សន្តិភាព។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ទទូល​ខុស​ត្រូវ​ការទូត​អាស៊ាន នៅ​ថ្ងៃពុធទី ៦​ តុលា ២០២១។

អាស៊ាន​ពិចារណា​ចង់​ផាត់​មេដឹកនាំ​យោធា​ភូមា មិន​ឱ្យ​ចូល​ក្នុង​ជំនួប​កំពូល
អាស៊ាន​ពិចារណា​ចង់​ផាត់​មេដឹកនាំ​យោធា​ភូមា មិន​ឱ្យ​ចូល​ក្នុង​ជំនួប​កំពូល Alexander Zemlianichenko POOL/AFP/File
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ជំនួប​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន តាម​វីដេអូ ម៉ាឡេស៊ី​និង​បណ្តា​ប្រទេស​ផ្សេង​ទៀត ​បាន​លើក​សំណើ​អំពី​លទ្ធភាព​មិន​អញ្ជើញមេដឹកនាំ​ភូមា​ឱ្យ​មក​ចូល​រួម​ក្នុង​ជំនួប​កំពូល​អាស៊ាន​លើក​នេះទេ។ ហើយ​អាស៊ាន​កំពុង​ពិចារណាអំពី​បញ្ហា​នេះយ៉ាង​​ស៊ីជម្រៅ​ដែរ​​។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់​លោក អេរីវ៉ាន់ យូស៊ុហ្វ Eriwan Yosof អន្តរការីអាស៊ាន​​ទទួល​បន្ទុក​ដោះស្រាយ​វិបត្តិ​ភូមា។

សម្រាប់​លោក​អេរីវ៉ាន៉ យូស៊ុហ្វ អាស៊ាន​បាន​អនុម័ត​ផែនការ​៥​ចំណុច ដោយ​មាន​ការ​ព្រមព្រៀង​ពី​ភូមាផ្ទាល់ កាលពី​ខែ​មេសា​២០២១ ដើម្បី​ស្តារ​និង​ស្ថាបនា​ផ្លូវ​ចរចា​នាំ​ភូមាចេញ​ពី​វិបត្តិ និង​សម្រួល​ការ​នាំជំនួយ​មនុស្ស​ធម៌ទៅ​ជួយ​ប្រជាពលរដ្ឋ​ភូមា​ ប៉ុន្តែ​របប​សឹកភូមា បែរ​ជា​រារាំង​ការ​អនុវត្ត​ផែនការ​សន្តិភាព និង​ពន្យឺត​ដំណើរ​ទស្សនកិច្ច​​របស់​អន្តរការី​អាស៊ាន​នៅ​ក្នុង​ទឹក​ដី​ភូមា​ទៅ​វិញ។ ដូច្នេះ​តើ​មាន​ប្រយោជន៍​អ្វី​ដែល​មេ​ដឹកនាំ​ភូមា​ត្រូវ​មក​ចូល​រួម​ក្នុង​ជំនួប​កំពូល ដែល​ចង់​ឃើញ​វឌ្ឍនភាព​នៃ​ផែនការ​៥​ចំណុច​នោះ។ ប៉ុន្តែ​អាស៊ាន​មិន​ទាន់​ ពិចារណា​អំពី​ការ​ព្យួរ​បេក្ខភាព​ភូមា​ពី​អង្គការ​សមាគមន៍​ប្រជាជាតិ​អាគ្នេយ៍​ នៅ​ឡើយ​ទេ​សម្រាប់​ពេល​នេះ។ នេះបើ​តាមចម្លើយ​របស់​លោក​អេរីវ៉ាន់ យូស៊ុហ្វ ទៅកាន់​អ្នក​សារព័ត៌មាន​។

អាស៊ាន​ដែល​មាន​សមាជិក​១០​ប្រទេស រាប់​ទាំង​ភូមា​មួយ​ផង ស្ថិត​ក្រោម​សម្ពាធ​យ៉ាង​ខ្លាំង តាំងពីភូមា​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ដ៏​ធ្ងន់ធ្ងរ​​ ផ្តើម​ដោយ​ការ​ធ្វើ​​​រដ្ឋប្រហារ​យោធា​ទម្លាក់រដ្ឋាភិបាល​ស៊ីវិលនៅ​​ថ្ងៃទី ១​កុម្ភៈ​២០២១ និងបន្ត​ដោយ​​ការ​បង្ក្រាប​បង្ហូរ​ឈាម​ចលនា​បាតុកម្ម​ប្រឆាំង។ ​ក្រោយការ​ចរចា​អស់​ជា​ច្រើន​ខែ នៅ​ទីបំផុត អាស៊ាន​បាន​តែង​តាំង​អនុ​រដ្ឋមន្ត្រីក្រសួងការបរទេស​ព្រុយណេលោក អេរីវ៉ាន់ យូស៊ុហ្វ ​ជា​អន្តរការី​ទទួល​បន្ទុក​ដោះស្រាយ​វិបត្តិភូមា។

​លោក​យូស៊ុហ្វ ត្រៀមជា​ស្រេច​នឹង​​ធ្វើ​ដំណើរ​​ទៅ​ប្រទេសភូមា​ និង​កំពុង​រង់ចាំ​មើលរបៀបវារៈនៃ​​ទស្សនកិច្ច ថា​តើ​​​លោកអាច​​ធ្វើ​ដំណើរ​ទៅ​ទីណា​ខ្លះ និង​មាន​ជំនួប​ជាមួយ​ឥស្សរជនណាខ្លះ។ ប៉ុន្តែ​កាលពី​ថ្ងៃទី​១​តុលា អ្នក​នាំពាក្យ​របប​សឹក​ភូមា​បាន​ព្រលយ​ថា គេ​មិន​ទាន់​អាច​អនុញ្ញាត​ឱ្យ​​អន្តរការីអាស៊ាន​​ មាន​ជំនួប​ជាមួយ​អ្នក​ដែល​តុលាការ​កំពុង​កាត់​ទោស​ទេ ពោល​គឺ​ ​លោកស្រី​អ៊ុងសានស៊ូជី បាន​ទេ។ អ្នកនាំពាក្យ​របប​សឹក​បាន​ត្រឹម​អះអាង​ថា ភូមា​នឹង​បើក​ទ្វារ​ឱ្យ​អន្តរការី​អាស៊ាន​ចូល​ជួប​គ្រប់​ភាគី នៅ​ពេល​វេលា​ដ៏​សមស្រប​មួយ។ តើ​ជា​ពេលណា ? គ្មាន​ចម្លើយ​បញ្ជាក់ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ