អានតួអត្ថបទ
ហុងកុង-ច្បាប់-ភាពយន្ត

ហុងកុង​អនុម័ត​ច្បាប់​ថ្មី​ដើម្បី​រឹត​បន្តឹង​លើ​ការ​ចាក់​បញ្ចាំង​ភាព​យន្ត

សភា​ហុងកុង​ នៅ​ថ្ងៃ​ពុធ​ ទី​២៧​ តុលា​ បាន​អនុម័ត​ច្បាប់​ថ្មី​មួយ​ដើម្បី​រឹត​បន្តឹង​លើ​ការចាក់បញ្ចាំង​កុន​។ ច្បាប់ថ្មីនេះ​នឹង​ផ្តល់​សិទ្ធិ​អំណាច​ឲ្យ​អាជ្ញាធរ​ក្នុង​ការ​ហាមប្រាម​ភាពយន្ត​ដែល​បង្កប់​ន័យ​ឬសារ​គំរាម​កំហែង​ដល់​ផល​ប្រយោជន៍​សន្តិសុខជាតិ​​ចិន​។ ចំណាត់ការ​ចុងក្រោយ​របស់​រដ្ឋអំណាចហុងកុង​នេះ​ ត្រូវ​បាន​អ្នករិះគន់​ប្រដូច​ទៅ​នឹង​ខ្យល់​ដែល​កំពុង​បក់បោក​សេរីភាព​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត​​ហុងកុង​។

នៅថ្ងៃពុធ ទី២៧ តុលា ឆ្នាំ២០២១ សភាហុងកុងបានអនុម័តច្បាប់ថ្មីមួយដើម្បីរឹតបន្តឹងលើការចាក់បញ្ចាំងភាពយន្ត។
នៅថ្ងៃពុធ ទី២៧ តុលា ឆ្នាំ២០២១ សភាហុងកុងបានអនុម័តច្បាប់ថ្មីមួយដើម្បីរឹតបន្តឹងលើការចាក់បញ្ចាំងភាពយន្ត។ ISAAC LAWRENCE AFP
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ការ​តវ៉ា​ដ៏ធំ​ និង​ជាញឹកញាប់​ពី​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ធ្វើឲ្យ​ដែនដី​ហុងកុង​ជួប​ភាពច្របូកច្របល់ខ្លាំង​កាលពី​ពីរឆ្នាំមុន​ អាជ្ញាធរ​ហុងកុងបាន​ផ្តើម​ចាត់​វិធានការ​រឹតបន្តឹង​ផ្សេងៗ​ដើម្បី​ការពារ​កុំឲ្យ​មាន​ចលនា​ប្រឆាំង​ទល់​នឹង​ទីក្រុង​ប៉េកាំង​តទៅទៀត​។

វិស័យ​ភាពយន្ត​និង​វីដេអូ​ឯកសារ​គឺ​ជា​ផ្នែក​មួយ​ដែល​អាជ្ញាធរ​ហុងកុង​ដាក់​បញ្ចូល​ក្នុងបញ្ជី​ដែល​ត្រូវ​ត្រួតពិនិត្យ​តឹងរឹងដែរ​។ កាលពីខែមិថុនាកន្លងទៅ​ អាជ្ញាធរបានប្រកាស​ថា​នឹង​មាន​ការ​ត្រួតពិនិត្យ​លើ​ភាពយន្ត​ថ្មី​ដើម្បី​ការពារកុំឲ្យ​មាន​ខ្លឹមសារ​បង្កប់​ន័យ​បំពាន​ច្បាប់​សន្តិសុខជាតិ​ត្រូវបាន​គេ​យក​ទៅចាក់​បញ្ចាំងផ្សាយ​។

ប៉ុន្តែ​ច្បាប់​ថ្មី​ដែល​ទើប​បាន​អនុម័ត​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ដោយ​សភាហុងកុង​ ក៏​អនុញ្ញាត​ផងដែរឲ្យ​អាជ្ញាធរ​អាច​ត្រួតពិនិត្យ​លើ​ភាពយន្តឬកុន​ចាស់ៗ​ដែល​ធ្លាប់ទទួលបាន​ភ្លើង​ខៀវ​រួច​ពី​មុន​មក​ហើយ​។ និយាយជា​រួមមក​ រដ្ឋអំណាច​ហុងកុង​មាន​សិទ្ធិ​ក្នុង​ការ​ដក​អាជ្ញាប័ណ្ឌ​ចាក់បញ្ចាំងទាំងភាពយន្ត​ថ្មី​និង​ភាពយន្តចាស់​ឲ្យតែពួកគេចាត់ទុកថា​ខ្លឹមសារ​រឿងដើរ​ផ្ទុយ​ពី​ផល​ប្រយោជន៍សន្តិសុខជាតិចិន​។

យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP ទង្វើ​បំពាន​ច្បាប់​រឹត​បន្តឹង​លើ​ការចាក់​បញ្ចាំងកុន​របស់ហុងកុង​រួមមាន​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​រយៈពេល ៣ ឆ្នាំ​ និង​អាច​រង​ពិន័យ​ជា​ប្រាក់ចំនួន​ ១ លានដុល្លារហុងកុង​ ឬស្មើនឹង​ប្រមាណ​ជា​ ១៣ ម៉ឺន​ដុល្លារ​។

ទាក់ទងរឿងនេះ​ មន្ត្រី​ទទួល​បន្ទុក​ខាង​ពាណិជ្ជកម្ម​ហុងកុង​ លោក Edward Yau បាន​លើកឡើងថា​ច្បាប់ថ្មី​នឹង​អនុវត្ត​ផងដែរលើភាពយន្តដែលចាក់​បញ្ចាំង​តាម​អ៊ីនធ័រនែត​។

ចំណែកក្រុមអ្នក​រិះគន់​វិញ​និយាយថា​ ច្បាប់​របស់​ហុងកុង​ខាងលើ​នឹង​ទៅ​បង្អាក់​ភាព​រស់រវើក​របស់​ឧស្សាហកម្ម​ភាព​យន្តក្នុងស្រុក​ ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ និង​នាំហុងកុង​ឲ្យកាន់​តែខិតទៅជិត​ចិនដីគោក​។ ចិនដីគោក​ដែល​ជា​កន្លែង​ ភាពយន្ត​ត្រូវបាន​ត្រួត​ពិនិត្យ​យ៉ាងម៉ត់ចត់​ ហើយ​មាន​តែ​ភាពយន្ត​ឬ​វីដេអូឯកសារ​លោកខាងលិច​មួយចំនួន​ប៉ុណ្ណោះ​ដែលគេឃើញផ្សព្វផ្សាយ​នៅទីនោះ​ជារៀងរាល់ឆ្នាំ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ