អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-ស្ត្រី

តាលីបង់​ហាមមិន​ឱ្យ​ស្ត្រីធ្វើ​ដំណើរ​​ឆ្ងាយ​តែម្នាក់ឯង

សិទ្ធិ​និង​សេរីភាព​របស់​ស្ត្រី រួច​កាន់​តែ​តូចទៅៗ​ហើយ នៅ​អាហ្វហ្កានីស្ថាន។ ខុស​ពី​ពាក្យ​សន្យា តាលីបង់​បាន​ចាប់ផ្តើម​​រឹតវិធានការ​ប្រឆាំង​នឹងស្ត្រីភេទ។ ​នៅ​ថ្ងៃ​អាទិត្យ​ទី ២៦ ធ្នូ​២០២១ ​រដ្ឋាភិបាល​​តាលីបង់​បាន​ប្រកាសហាមឃាត់​មិន​ឱ្យ​ស្ត្រី​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​តែម្នាក់ឯង ដោយ​គ្មានបុរស​ក្នុង​គ្រួសារ​ជា​​អ្នក​ជូន​ទេ។

តាលីបង់​ហាមមិន​ឱ្យ​ស្ត្រីធ្វើ​ដំណើរ​​តែម្នាក់ឯង
តាលីបង់​ហាមមិន​ឱ្យ​ស្ត្រីធ្វើ​ដំណើរ​​តែម្នាក់ឯង Hector RETAMAL AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុងអនុសាសន៍​ ដែល​ចេញ​ផ្សាយ​តាមប្រព័ន្ធសង្គម ​តាលីបង់បានថែម​ទាំងអំពាវនាវ​ឱ្យ​អ្នក​បើក​បររថយន្តទាំងអស់​ ទទួល​ដឹក​ស្ត្រី​ដែល​រុំស្បៃ​ក្បាល​តាមប្រពៃណីអ៊ីស្លាម។ តើ​ជា​ការ​រុំ​ស្បៃ​ក្បាល​ គ្រប​ជិតមុខ​​ឈឹង ឬ​គ្រាន់​តែជា​ការ​ពាក់​កន្សែង​គ្រប​​សក់ ដូច​ដែល​ស្ត្រី​អាហ្វហ្កានីស្ថាន​ភាគ​ច្រើន​ពាក់សព្វថ្ងៃ ? តាលីបង់​មិន​បាន​បញ្ជាក់លម្អិត​ត្រង់​ចំណុច​នេះទេ។

ប៉ុន្តែ​នៅក្នុងបទ​បញ្ញត្តិ តាលីបង់ បាន​ដាក់​បម្រាមយ៉ាង​ច្បាស់លាស់ថា ​ស្ត្រី​អាច​ធ្វើ​ដំណើរលើស​ពី៧២គីឡូម៉ែត្រពី​ផ្ទះ​​បាន​ ដរាបណា​តែ​មានសមាជិក​ក្នុង​គ្រួសារ​ណា​ម្នាក់​ជូន។ អ្នក​ជូន​នោះ​ត្រូវ​មាន​ភេទប្រុស​ទៀត។ នេះ​បើ​តាមការ​គូស​បញ្ជាក់​របស់​អ្នក​នាំពាក្យ​នៃក្រសួង​ថែរក្សា​និង​ការពារ​សីលធម៌​តាលីបង់។

សេចក្តី​សម្រេចថ្មី​ហាមឃាត់​មិន​ឱ្យ​ស្រ្តី​ធ្វើ​ដំណើរឆ្ងាយ​​តែម្នាក់ឯង​ ធ្លាក់​មក​ក្រោយ​ពី​ក្រសួង​ទូរទស្សន៍​ទើប​បាន​ស្នើ​សុំ​ឱ្យ​ឈប់​បញ្ចាំង​ភាព​យន្ត​ភាគ ដែល​មាន​ស្ត្រី​សម្តែង​ និង​ក្រោយ​ពី​មាន​ការ​ស្នើ​សុំ​ឱ្យ​អ្នក​កាសែត​ភេទ​ស្រី ពាក់​ស្បៃ​អ៊ីស្លាម​ នៅពេល​ចេញ​​និយាយតាម​កញ្ចក់​ទូរទស្សន៍​។

ទោះបី​ជា​បាន​ទន្ទេញ​ពាក្យ​ដដែលៗ​​ថា​​មិន​អនុវត្ត​នយោបាយ​បែបជ្រុលនិយម​ដូច សម័យ​កាន់​អំណាច​​លើក​ទីមួយ ពី​ឆ្នាំ ១៩៩៦-២០០១មែន តែ​តាំង​ពី​ដណ្តើម​ក្រុង​កាប៊ុលវិញបាន​ នៅ​ខែ​សីហា​មក តាលីបង់​បាន​ចេញបម្រាមជាច្រើន​កំរិត​សេរីភាព​ស្ត្រី និងក្មេង​ស្រី។ កាលពីដើម​ខែ​ធ្នូ អគ្គមគ្គុទេសក៏​របស់ចលនា​តាលីបង់​​​បាន​ចេញ​ក្រិត្យ​មួយ​បញ្ជា​ឱ្យ​រដ្ឋាភិបាលគោរព​សិទ្ធិ​ស្ត្រី តែ​ក្រិត្យនោះ​ពុំមានចែង​​អំពី​សិទ្ធិ​ទទួល​ការ​សិក្សា​អប់​រំទេ​។

សកម្មជន​ការពារ​សិទ្ធិ​ស្ត្រី និង​កុមារ សង្ឃឹម​ថា តាលីបង់​នឹង​ប្រឹង​ធ្វើ​សម្បទាន​ខ្លះ ដើម្បី​ឱ្យ​សហគមន៍​អន្តរជាតិ​ព្រមទទួល​ស្គាល់​រដ្ឋាភិបាលរបស់ខ្លួន​ផង និងដើម្បី​បាន​​​ទទួល​ជំនួយ​ដ៏​ចាំបាច់​​សម្រាប់​ប្រទេស ពី​អន្តរជាតិ​ផង។

សូម​បញ្ជាក់​ថា ក្នុង​សម័យ​តាលីបង់​កាន់​អំណាច​​លើក​ដំបូង ​ស្ត្រីត្រូវ​ពាក់​Burqa បាំង​មុខ​ជិត​ឈឹង និង​មិន​អាច​ដើរ​ចេញពី​ផ្ទះ​ដោយ​គ្មានបុរសជូន​ទេ។ ស្ត្រីនិងក្មេង​ស្រី គ្មាន​សិទ្ធិ​ធ្វើការ​និង​សិក្សា​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ