អានតួអត្ថបទ
ចិន-កូវីដ១៩

ខេត្ត​ស៊ីអាន​របស់​ចិន ទទួល​ស្គាល់​ថា​កំពុង​មាន​បញ្ហា​ខ្វះ​ស្បៀង​អាហារ

ដោយ​ហេតុ​តែ​បិទ​ខ្ទប់​ខេត្ត​ទាំងមូល ដើម្បី​ទប់​ស្កាត់​កូវីដ​១៩ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​ស៊ីអាន កំពុង​ជួប​គ្រោះ​ខ្វះ​ស្បៀង​អាហារ​ និង​ផលិតផលចាំបាច់​ប្រចាំ​ថ្ងៃ​សម្រាប់​រស់។ ប្រជាពលរដ្ឋ​បាន​ស្រែក​ថ្នូរ​តាម​ប្រព័ន្ធ​សង្គម ហើយ​​អាជ្ញាធរ​ខេត្ត​ក៏​​បាន​ប្រកាស​ទទួល​ស្គាល់​នៅ​ថ្ងៃពុធ​ទី ២៩​ធ្នូ អំពី​ភាព​ខ្វះ​ខាត​នេះ​ដែរ។

ខេត្ត​ស៊ីអាន ស្ថិត​ក្រោមការបិទ​ខ្ទប់​ ដើម្បី​ទប់ស្កាត់​កូវីដ​១៩
ខេត្ត​ស៊ីអាន ស្ថិត​ក្រោមការបិទ​ខ្ទប់​ ដើម្បី​ទប់ស្កាត់​កូវីដ​១៩ STR AFP
ផ្សាយពាណិជ្ជកម្ម

​ស៊ីអាន ខេត្ត​ដ៏​​ល្បី​ខាងមាន​រូប​សំណាក​ទាហាន​ធ្វើ​ដី​ឥដ្ឋ​ និង​ប្រជាជន​ជាង​១៣​លាន​នាក់ ត្រូវ​ជាប់​បម្រាមបិទខ្ទប់​តាំង​ពី​ថ្ងៃព្រហស្បតិ៍​ទី ២២ធ្នូ​សប្តាហ៍មុន​មក ក្រោយ​ពី​មាន​ផ្ទុះ​ករណី​ឆ្លង​រាលដាលកូវីដ​១៩។ ប្រជាពលរដ្ឋ​មានសិទ្ធិ​ចេញក្រៅផ្ទះ​រក​ទិញ​​ម្ហូប​អាហារ​ ជា​រៀង​រាល់​បី​ថ្ងៃ​ម្តង។ ប៉ុន្តែ​តាំង​ពី​ថ្ងៃ​ចន្ទទី ២៧​ធ្នូ អាជ្ញាធរ​បាន​រឹត​បន្តឹង​វិធានការ​បន្ថែម​ទៀត មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋដើរ​ចេញ​ពី​ផ្ទះ​សោះ លើក​លែង​តែ​ដើម្បី​ទៅ​ធ្វើ​តេស្ត។

ប្រឈម​នឹង​បម្រាម​យ៉ាង​តឹង​តែង​ដូច្នេះ តាំងពី​ថ្ងៃអង្គារ​ទី​២៨ធ្នូ​មក ប្រជាពលរដ្ឋ​ជា​ច្រើន​បាននាំ​គ្នា​​ស្រែករកជំនួយ​​តាម​ប្រព័ន្ធសង្គម​ ខ្លះ​សុំ​អាហារ ខ្លះ​សុំ​ផលិតផល​ចាំបាច់​សម្រាប់​រស់ ដោយ​ថ្ងូចថ្ងួរ​ថា ពួក​គេគ្មាន​អ្វី​ហូបទេ ពីរបី​ថ្ងៃមុន​ពួកគេ​អាច​ចេញ​ទៅ​ផ្សារ​បាន តែ​ឥលូវ​លែង​មាន​សិទ្ធិ​សោះ ហើយ​ហាង​ទំនិញ​​​ក៏​លែង​មាន​អ្វីលក់និងលែង​ទទួល​កុម្មង់​​ដឹកជញ្ជូន​តាម​អនឡាញ​ទៀត។

ក្រោមសម្រែក​របស់​ពលរដ្ឋ នៅ​ថ្ងៃពុធ​ទី​២៩​ធ្នូ​នេះ អាជ្ញាធរ​ខេត្ត​ស៊ីអាន បាន​ប្រកាស​ទទួល​ស្គាល់ នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន ថាអាជ្ញាធរ​ពិត​ជាខ្វះ បុគ្គលិក​ មធ្យោបាយ ហើយ​ប្រព័ន្ធ​​ចែក​ចាយ​ស្បៀង​អាហារ​ជូន​ប្រជាពលរដ្ឋ​ពិត​ជា​រអាក់​រអួលខ្លាំងមែន។ អាជ្ញាធរខេត្តកំពុងប្រឹងប្រែង​ ប្រមូល​ផ្តុំ​ក្រុមហ៊ុន​ បង្កើន​សកម្មភាពចែកចាយ​ស្បៀង​ និង​សម្រួល​ប្រព័ន្ធ​ផ្គត់ផ្គង់​គ្រឿង​ឧបភោគ​បរិភោគ និង​បរិក្ខារ​ចាំបាច់​ហើយ។

ជា​សរុប​ខេត្ត​ស៊ីអាន រាប់ឃើញ​មាន​អ្នកវិជ្ជមានកូវីដ​តែ​៩៦០​ករណី​ប៉ុណ្ណោះ ជា​ចំនួន​ដ៏​តិចតួច​ណាស់ បើ​ប្រៀប​ទៅនឹង​សហរដ្ឋ​អាមេរិក​ ឬ​អឺរ៉ុប ដែលមួយៗ​ថ្ងៃ​មាន​អ្នក​វិជ្ជមាន​កូវីដ​ដល់​ទៅ ជាង​២០ម៉ឺន​នាក់។ ប៉ុន្តែ​តាំងពី​ផ្ទុះ​កូវីដ​១៩មក​ ប៉េកាំង​បានប្រកាន់យកយុទ្ធសាស្ត្រ​ ហ្សេរ៉ូកូវីដ ដែល​តម្រូវ​ឱ្យ​អាជ្ញាធរ​តំបន់នីមួយៗ ត្រូវ​ចាត់​វិធានការបិទ​ខ្ទប់​​ដ៏​តឹង​តែង​ភ្លាម។ អាជ្ញាធរថែម​ទាំង​បាន​ចាប់​ខ្លួន​មនុស្ស​អស់​៧នាក់ ពីបទ​ធ្វើ​ឱ្យ​ខូច​សណ្តាប់​ធ្នាប់សាធារណៈ តាម​ការ​ប៉ុនប៉ង​ចង់​ពង្វាង​ច្បាប់​ចត្តាឡីស័ក។ ចិនមិន​អនុគ្រោះ​ឱ្យ​កូវីដ​រាលដាល​ឆ្លង​ពី​ខេត្តមួយ​ទៅ​ខេត្ត​មួយ​ទេ ព្រោះ​នៅខែ​កុម្ភៈ​ខាងមុខ ប៉េកាំង​ត្រូវ​ទទួល​រៀប​ចំ​កីឡាអូឡាំពិករដូវ​រងារ​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ