អានតួអត្ថបទ

ឥណ្ឌូណេស៊ី៖សភាយល់ព្រមឲ្យប្តូរ និង​ផ្ទេរទីក្រុងរដ្ឋបាល​ហ្សាការតា​ទៅទីក្រុងរដ្ឋបាលថ្មី « នូសានតារ៉ា »

នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី សភា​បាន​អនុម័ត​ច្បាប់​មួយ​នា​ថ្ងៃ​អង្គារ ទី១៨ មករា​ស្តីពី​ការ​ប្តូរ និង​ផ្ទេរ​ទីក្រុង​រដ្ឋបាល​បច្ចុប្បន្ន​ឈ្មោះ « ហ្សាការតា » ទៅ​ទីក្រុង​រដ្ឋបាល​ថ្មី​ឈ្មោះ « នូសានតារ៉ា »។ ទីក្រុង​រដ្ឋបាល​ថ្មី « នូសានតារ៉ា » មាន​ចម្ងាយ​ប្រមាណ​ជា ២ ០០០គីឡូម៉ែត្រ​ពី​ទីក្រុង​ហ្សាការតា និង​ត្រូវ​សាងសង់​លើ​ផ្ទៃដី​ទំហំ​ជាង ៥៦ ០០០ហិចតា​ស្ថិត​លើ​កោះ​ប័រណេអូ​ក្នុង​ខេត្ត​កាលីម៉ានតាន។ ចំណែក​ទឹកប្រាក់​ចំណាយ​ក្នុង​ការ​សាងសង់​ទីក្រុង​រដ្ឋបាល​ថ្មី​នេះ​មាន​ប្រមាណ​ជា ៣៣ ០០០លានដុល្លារ។

​ប្រធានាធិបតីឥណ្ឌូណេស៊ី ​លោក​ចូកូ វីដូដូ
​ប្រធានាធិបតីឥណ្ឌូណេស៊ី ​លោក​ចូកូ វីដូដូ AP - Indonesian Presidential Palace
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​ការ​បំពាក់​អនាគត​ទីក្រុង​រដ្ឋបាល​ថ្មី​ឈ្មោះ « នូសានតារ៉ា » ទីក្រុង​រដ្ឋបាល « ហ្សាការតា » សព្វថ្ងៃ​ត្រូវ​បាន​រដ្ឋាភិបាល​រក្សា​ទុក​ត្រឹម​ជា​ទីក្រុង​សេដ្ឋកិច្ច។ តាម​ពិត គម្រោង និង​គំនិត​នៃ​ការ​បង្កើត​ឲ្យ​មាន​ទីក្រុង​រដ្ឋបាល​ថ្មី​ត្រូវ​បាន​ប្រធានាធិបតី​លោក​ចូកូ វីដូដូ​ប្រកាស​តាំង​ពី​ឆ្នាំ ២០១៩ មក​ម្ល៉េះ។ ជម្រើស និង​ការ​សម្រេច​របស់​លោក​វីដូដូ​បាន​ធ្វើ​ឡើង​ក្រោម​ហេតុផល​សំខាន់​ចំនួន​ពីរ ទី១ ក្រុង​ហ្សាការតា​ដែល​មាន​ប្រជាជន​រស់នៅ​ជាង ៣០លាននាក់​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ កកស្ទះ​ខ្លាំង និង​មាន​កម្រិតខ្យល់​ពុល​ខ្ពស់ ហើយ​ហេតុផល​ទី២ ក្រុង​ហ្សាការតា​ឧស្សាហ៍​លិចទឹក។

នៅ​ក្នុង​សំណើ​ទីតាំង​សាងសង់​ទីក្រុង​រដ្ឋបាល​ថ្មី​ចំនួន ៨០កន្លែង រដ្ឋាភិបាល​បាន​សម្រេច​ជ្រើស​យក​កោះ​ប័រណេអូ​ដែល​ជា​ជម្រក​ព្រៃត្រូពិក​មួយ​ដ៏​ធំ​ក្នុង​លោក។ មួយ​វិញ​ទៀត ទីក្រុង​រដ្ឋបាល​ថ្មី « នូសានតារ៉ា » ដែល​មាន​ចម្ងាយ​ប្រមាណ ២ ០០០គីឡូម៉ែត្រ​ពី​ទីក្រុង​ហ្សាការតា​ត្រូវ​សាងសង់​លើ​ផ្ទៃដី​ទំហំ​ជាង ៥៦ ០០០ហិចតា និង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជា ៣៣ ០០០លានដុល្លារ។ គម្រោង​សាងសង់​ទីក្រុង​រដ្ឋបាល​ថ្មី​ដែល​ត្រូវ​ចាប់​ផ្តើម​ពី​ឆ្នាំ ២០២០ ត្រូវ​បាន​ជួប​ភាព​រអាក់រអួល​ដោយ​វិបត្តិ​កូវីដ១៩។ ការ​សាងសង់ទីក្រុង​ថ្មី​ត្រូវ​ធ្វើ​ជា​ដំណាក់ការចាប់​ពី​ពេល​នេះ​រហូតដល់​ឆ្នាំ ២០៤៥។

ក​វីដូដូ​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​ចន្ទ ទី១៧ មករា​ថា ទីក្រុង​រដ្ឋបាល​ថ្មី​ដែល​សាងសង់​នៅ​កណ្តាល​ព្រៃ​លើ​កោះ​ប័រណេអូ​មិនមែន​ត្រឹម​ជា​ទីក្រុង​គ្មាន​ឧស្ម័ន​ផ្ទះកញ្ចក់​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​មជ្ឈមណ្ឌល​នវានុវត្តន៍ និង​ជា​ទីក្រុង​ឆ្លាតវៃ​ដែល​អាច​ទាក់ទាញ​អ្នក​មាន​ទេពកោសល្យ​បរទេស។ គួរ​បញ្ជាក់​ថា​នៅ​អាស៊ី ឥណ្ឌូណេស៊ី​មិនមែន​ជា​ប្រទេស​ទី១ ដែល​បាន​ប្តូរ​ទីតាំង និង​ប្តូរ​ឈ្មោះ​ទីក្រុង​រដ្ឋបាល​ទេ។ ម៉ាឡេស៊ី​បាន​រើ​ទីក្រុង​រដ្ឋបាល​ពី​គូឡាឡាំពួរ​ទៅ​ដាក់​នៅ​ទីក្រុង​ពូត្រាយ៉ាយ៉ា ហើយ​ភូមា​បាន​រើ​ទីក្រុង​រដ្ឋបាល​ពី​រ៉ង់ហ្គូន​ទៅ​ដាក់​នៅ​ទីក្រុង​ណៃពីដ៏៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ