អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើង​គំរាមថា នឹង​ចាប់ផ្តើម​ធ្វើការ​សាកល្បង មីស៊ីល​នុយក្លេអ៊ែរ​ និង​​បាលីស្ទីក​ចំងាយ​ឆ្ងា​យ​​ឡើងវិញ

របបផ្តាច់ការកូរ៉េខាងជើង បាន​ប្រកាសគំរាមនៅថ្ងៃព្រហស្បតិ៍ទី២០មករានេះថា ខ្លួនអាចនឹងចាប់ផ្តើម ធ្វើតេស្តសាកល្បងមីស៊ីលនុយក្លេអ៊ែរ និង​មីស៊ីល​បាលីស្ទីកចំងាយ​ឆ្ងាយឡើងវិញ។ ការសាកល្បងអាវុធទាំង២ប្រភេទនេះ ត្រូវបាន​កូរ៉េខាងជើងផ្អាក តាំងតែពីឆ្នាំ​២០១៧មក ដើម្បី​ផ្តល់លទ្ធភាពដល់ការចរចា។ ការចាប់ផ្តើមសាកល្បងឡើងវិញនេះ គឺជាសញ្ញាបញ្ជាក់ថា កូរ៉េខាងជើងកំពុងត្រៀមបើកទំព័រថ្មីនៃការ​ប្រឈមមុខដាក់គ្នាខ្លាំងឡើងវិញ ជាមួយ​សហរដ្ឋអាមេរិក​។

មេដឹកនាំផ្តាច់ការកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងពេលថ្លៃងការណ៍ នៅថ្ងៃទី​២៧ ធ្នូ ២០២១
មេដឹកនាំផ្តាច់ការកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងពេលថ្លៃងការណ៍ នៅថ្ងៃទី​២៧ ធ្នូ ២០២១ AP
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​កិច្ចប្រជុំការិយាល័យ​នយោបាយ​ មេដឹកនាំផ្តាច់ការកូរ៉េខាងជើង គីម ជុងអ៊ុន បាន​ប្រកាសថា នឹងចាប់​ផ្តើម​ការធ្វើតេស្តសាកល្បងឡើងវិញ នូវមីស៊ីល​នុយក្លេអ៊ែរ និង​ មីស៊ីល​បាលីស្ទីកចំងាយ​ឆ្ងាយ​។

បណ្តាញ​ព័ត៌មានផ្លូវការ​កូរ៉េខាងជើង KCNA បានចុះផ្សាយ​នៅថ្ងៃព្រហស្បតិ៍នេះថា គោល​នយោបាយ​​សំឡុត គំរាមកំហែងផ្នែកយោធារបស់​អាមេរិក បានឈាន​ដល់ចំណុចបន្ទាត់គ្រោះថ្នាក់​ ដែល​កូរ៉េខាងជើង មិនអាចព្រងើយ​កន្តើយ​បានតទៅទៀតឡើយ។ គឺដោយ​ឈរលើហេតុផលនេះហើយ ​បានជា​ការិយាល័យ​នយោបាយ​ នៃ​គណកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តិកូរ៉េខាងជើង បានសម្រេចចេញបញ្ជា ឲ្យ​ពិនិត្យ​ឡើងវិញ ឲ្យ​បានរហ័សបំផុត នូវលទ្ធភាពចាប់ផ្តើម ធ្វើការសាកល្បង​អាវុធមីស៊ីលឡើងវិញ។

គួររំលឹកថា ចាប់ពីឆ្នាំ​២០១៧មក កូរ៉េខាងជើង​បានផ្អាកការធ្វើតេស្តសាកល្បងអាវុធធន់ធំទាំង​២នេះ ដើម្បី​បើកផ្លូវដល់ការចរចាជាមួយសហរដ្ឋអាមេរិក។ តែយ៉ាងណា ការចរចារវាងគូសត្រូវ​ទាំង២នេះ បានជាប់គាំងមិនទៅមុខឡើយ តាំងតែពីឆ្នាំ​២០១៩មក បើទោះបីជាលោកដូណាល់ ត្រាំ និង​ គីម ជុងអ៊ុន បានជួប​គ្នា​ដល់ទៅ​៣លើក​ក្តី។​

ចាប់តាំងពីលោកចូ បៃដិន បានឡើងកាន់តំណែងមក កូរ៉េខាងជើង បានបដិសេធរាល់សំណើរបើកផ្លូវចរចាឡើងវិញទាំងអស់ ពីសំណាក់អាមេរិក។ មិនត្រឹមតែប៉ុណ្ណោះ កូរ៉េ​ខាងជើង បានធ្វើការសាកល្បងអាវុធជាច្រើនលើក ក្នុងនោះមាន​មីស៊ីលអ៊ីពែរសូនិក  និង​មីស៊ីលតាក់ទិកអាចបញ្ជាពីចំងាយ​បានថែមទៀតផង។

លោក Hong Min អ្នកវិភាគនៅ វិទ្យាស្ថានដើម្បី​ការបង្រួបបង្រួមជាតិកូរ៉េ បានលើកឡើងថា ស្ថានការណ៍បច្ចុប្បន្ននេះ គឺបានវិលត្រលប់ទៅរកភាពតានតឹងខ្លាំង ដូចក្នុងសម័យដែល​លោកដូណាល់ ត្រាំ បានហៅ គីម ជុងអ៊ុន ថាជាមនុស្ស​គ្រាប់ប្លោង ហើយ​គីម ជុងអ៊ុន ហៅលោកដូណាល់​ត្រាំ ថាជាមនុស្សវិកលចរិក ឆ្កួតនឹងអំនួតខ្លួនឯង។ អ្នកវិភាគនេះ បន្ថែមថា ក្នុងពេលដ៏ឆាប់ខាងមុខ កូរ៉េខាងជើង ប្រាកដជានឹងបាញ់សាកល្បងមីស៊ីលចំងាយ​ឆ្ងាយ​ ជាក់ជាមិនខាន។

គួរកត់សំគាល់ថា ការដែលកូរ៉េខាងជើង សម្រេច​ចាប់ផ្តើម​ធ្វើតេស្តមីស៊ីលចំងាយ​ឆ្ងាយ​ឡើងវិញនេះ គឺវាជួនចំពេលដែល កូរ៉េខាងត្បូងកំពុង​ត្រៀម​រៀបចំ ការបោះឆ្នោត​ប្រធានាធិបតីអាណត្តិថ្មី នៅខែមីនាខាងមុខ ព្រមទាំងកម្មវិធីប្រកួតកីឡា​អូឡាំពិករដូវរងារ នៅ​ទីក្រុង​ប៉េកាំងផងដែរ។

យ៉ាងណាក៏ដោយ លោកស្រី Rachel Minyoung Lee អ្នកវិភាគនៅ Stimson Center លើកឡើង​ថា របបព្យុងយ៉ាង ប្រហែលជាមិនបិទទ្វារទាំងស្រុងទេ ដោយទុកផ្លូវឲ្យ​រដ្ឋបាល​របស់​លោក​ចូ បៃដិន ដែលអាចជាការដកចេញខ្លះ នូវទណ្ឌកម្មសេដ្ឋកិច្ច។ ទណ្ឌកម្មសេដ្ឋកិច្ច ដែលបាន​កៀបសង្កត់លើកូរ៉េខាងជើង បូកបន្ថែមជាមួយ​វិបត្តិកូវីដ ដែល​បានបង្ខំឲ្យ​កូរ៉េខាងជើងបិទទ្វារព្រំដែនទាំងស្រុងចាប់ពីឆ្នាំ​២០២០មក។ កាលពីចុង​សប្តាហ៍កន្លងទៅ រថភ្លើងដឹកទំនិញមួយរបស់​កូរ៉េខាងជើង បានបើកសំដៅ​ទៅក្រុង Dandong របស់ចិន ដែលជាសញ្ញានៃការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយចិនឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ