អានតួអត្ថបទ
អូស្ត្រាលី-ចិន-បច្ចេកវិទ្យា

WeChat អះអាងថាមិនមានករណី​ចូលលុកលុយ ឬលុបគណនីរបស់​លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីទេ

កាលពីថ្ងៃចន្ទទី២៤មករា មានដំណឹងពីអ្នកនយោបាយ​អូស្ត្រាលី អះអាងថា គណនី WeChat របស់​លោកនាយករដ្ឋមន្ត្រី ស្កុត ម៉ូរីសុន ត្រូវបាន​គេលុបចោលនឹងប្តូរឈ្មោះថ្មី។ អ្នកនយោបាយ​អូស្ត្រាលី បានចោទភ្លាម​ៗថាវាជាសា្នដៃរបស់រដ្ឋអំណាចចិន ដែលបញ្ជាឲ្យ​គេបិទខ្ទប់គណនី របស់លោក​នាយករដ្ឋមន្ត្រីអូស្ត្រាលី។ ភ្លាមៗក្រោយ​ការចោទប្រកាន់នេះ ក្រុមហ៊ុន Tencent ដែលជា​ម្ចាស់បណ្តាញ WeChat បានអះអាងថា ពុំមានករណី​លុប​គណនី ដូចការចោទប្រកាន់​នេះទេ។

លោកនាយករដ្ឋមន្ត្រីអូស្រ្តាលី ស្កុត ម៉ូរីសុន ដែលតែងតែ​និយាយរិះគន់ចិន ជាសាធារណៈ។
លោកនាយករដ្ឋមន្ត្រីអូស្រ្តាលី ស្កុត ម៉ូរីសុន ដែលតែងតែ​និយាយរិះគន់ចិន ជាសាធារណៈ។ AP - Ian Forsyth
ផ្សាយពាណិជ្ជកម្ម

បើតាមការអះអាង របស់ក្រុមហ៊ុន Tencent គឺបញ្ហានេះទំនងជាបានកើតឡើង ដោយសារតែមានបញ្ហា​ទាក់ទិននឹងនឹងប្តូរម្ចាស់កម្ម​សិទ្ធិនៃគណនី WeChat របស់លោក​ ស្កុត ម៉ូរីសុន។ អ្នកនាំ​ពាក្យ​​ Tencent អះអាងថាដើមឡើយ​គណនីនេះ ត្រូវបានចុះឈ្មោះដោយ​មនុស្សម្នាក់ ដែលមានទីតាំងនៅ​ប្រទេសចិនដីគោក។ តែក្រោយ​មក​គណនីនេះ ត្រូវបានផ្ទេរទៅឲ្យ​ក្រុមហ៊ុនមួយផ្សេងទៀត ដើម្បីគ្រប់គ្រង។

យោងតាម​ទំព័រព័ត៌មាននៃគណនី ដែល​មាន​ឈ្មោះថ្មីហៅថា "Australian Chinese new life » ត្រូវបានគេប្តូរ និងចុះទុកនៅថ្ងៃទី២៨ តុលា ឆ្នាំ​២០២១ ដោយ​ក្រុមហ៊ុន Fuzhou 985 Technology Co, Ltd.។ យ៉ាងណាមិញ អ្នកតំណាងក្រុមហ៊ុននេះ ឈ្មោះ Huang Aipeng បានអះអាងថា ការទិញកម្មសិទ្ធិគណនី​របស់​ស្កុត ម៉ូរីសុនមកគ្រប់គ្រង គឺត្រូវបាន​ធ្វើតាមនីតិវិធីច្បាប់ដោយត្រឹមត្រូវ។​

គួរបញ្ជាក់ថា នៅថ្ងៃចន្ទ ទី​២៤មករា សមាជិកព្រឹទ្ធសភាអូស្ត្រាលីម្នាក់ ឈ្មោះ James Paterson បាន​ចោទប្រកាន់រដ្ឋាភិបាលចិន ថាជាអ្នកនៅពីក្រោយ​នៃការ​បិទខ្ទប់ និងប្តូរឈ្មោះគណនី​ WeChat របស់លោក​ ស្កុត ម៉ូរីសុន។ អ្នកនយោបាយ​រូបនេះ បានអំពាវនាវ ឲ្យ​គេធ្វើពហិកា ឈប់ប្រើប្រាស់​បណ្តាញWeChat នៅអូស្ត្រាលី។ មានអ្នកនយោបាយអូស្ត្រាលីមួយចំនួន បានចាប់ផ្តើមចូលរួម ជាមួយ​យុទ្ធនាការ​ពហិកានេះ។ ដោយឡែក លោក​នាយករដ្ឋមន្ត្រីស្កុត ម៉ូរីសុន មិន​បានប្រតិកម្មអ្វីទាំងអស់។​

សូមបញ្ជាក់ថា គណនី WeChat របស់លោកស្កុត ម៉ូរីសុន ត្រូវបាន​បង្កើតឡើង កាលពីឆ្នាំ២០១៩ ដើម្បី​ បង្ហោះដំណឹងផ្សេងៗ ទៅកាន់សហគម​ជនជាតិអូស្ត្រាលី ដើមកំណើតចិន ដែលនិយមប្រើប្រាស់បណ្តាញ​នេះបំផុត។ កាលពីខែ​ធ្នូ ឆ្នាំ​២០២០ បណ្តាញ​WeChat ធ្លាប់​បាន​លុប​សារមួយ​របស់​លោក ស្កុត ម៉ូរីសុន ដែលលោក​បានសរសេររិះគន់ អ្នក​នាំពាក្យ​ក្រសួងការបរទេសចិន ពីការផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិតក្លែងក្លាយ​។ យោងតាមការចុះផ្សាយ​របស់ Daily Telegraph លោកស្កុត ម៉ូរីសុន មិនអាចចូលទៅប្រើប្រាស់គណនី WeChat របស់​លោក តាំងតែពីថ្ងៃទី ៩ កក្កដា ឆ្នាំ​២០២១ម្លេះ។ យ៉ាងណាក៏ដោយ​ក្រុមហ៊ុន Tencent ដែល​ជាម្ចាស់កម្មសិទ្ធិនៃបណ្តាញWeChat បានអះអាងថា គេនឹងបន្តតាមដាន​បញ្ហានេះ បន្ថែមទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ