អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើង​​​បាញ់​​​​​មីស៊ីល​​មួយ​​គ្រាប់​ទៀត ខណៈ​​កូរ៉េ​​ខាងត្បូង​​ជិត​​បោះឆ្នោត​​​ប្រធានាធិបតី

នៅថ្ងៃទី​៥មីនានេះ បើផ្អែក​តាមប្រភពពីក្រសួងការពារជាតិ​កូរ៉េខាងត្បូង គឺ​កូរ៉េខាងជើងបានបាញ់មីស៊ីល​​បាលីស្ទីក​​មួយគ្រាប់ទៀត។ នេះជាការបាញ់សាកល្បងមីស៊ីល លើកទី​៩ហើយ បើគិត​ចាប់ពីដើម​ឆ្នាំ​២០២២មក។ ការបាញ់មីស៊ីលជាថ្មីនេះ បានធ្វើ​ឡើង​ខណៈការបោះឆ្នោត​ប្រធានាធិបតីថ្មី នៅកូរ៉េខាងត្បូង កំពុងតែខិតជិតមកដល់ នៅថ្ងៃពុធ សប្តាហ៍ក្រោយ​។

ស្ថានីយ៍រថភ្លើងក្រុងសេអ៊ូល ទូរទស្សន័កូរ៉េខាងត្បូង ផ្សាយរូបភាពនៃ​ការបាញ់​​មីស៊ីល​មួយគ្រាប់ទៀត របស់​កូរ៉េខាងជើង នៅព្រឹកថ្ងៃទី ៥ មីនា ២០២២ ។
ស្ថានីយ៍រថភ្លើងក្រុងសេអ៊ូល ទូរទស្សន័កូរ៉េខាងត្បូង ផ្សាយរូបភាពនៃ​ការបាញ់​​មីស៊ីល​មួយគ្រាប់ទៀត របស់​កូរ៉េខាងជើង នៅព្រឹកថ្ងៃទី ៥ មីនា ២០២២ ។ AP - Ahn Young-joon
ផ្សាយពាណិជ្ជកម្ម

ក្រសួងការពារជាតិកូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើង បានបាញ់មីស៊ីល​បាលីស្ទីកមួយគ្រាប់ នៅ​ថ្ងៃ​ព្រឹក​​ថ្ងៃសៅរ៍ ទី​៥មីនា វេលាម៉ោង ៨ និង​៤៨នាទី ចេញពីតំបន់ Sunan ឆ្ពោះទៅទិស​ខាង​កើត​។ ក្រុមប្រឹក្សាសន្តិសុខជាតិ កូរ៉េខាងត្បូង បាន​ថ្កោលទោសការបាញ់មីស៊ីលជាបន្តបន្ទាប់ របស់កូរ៉េខាងជើង ដោយចាត់ទុកថាវ​ាជាការគំរាម​ មកលើសន្តិភាពតំបន់ និងអន្តរជាតិ។ ក្រុមប្រឹក្សា​នេះ បានអះអាងថា នឹង​បន្ថែម​ការសង្កេតតាមដាន ឲ្យ​បានជាប់ជាប្រចាំ ទៅលើ​មូលដ្ឋាន​បាញ់សាកល្បង​ទាំងអស់ របស់​កូរ៉េខាងជើង​។

ដោយ​ឡែក ប្រភពពី​ក្រសួង​ការពារជាតិជប៉ុន បានអះអាងថា មីស៊ីលដែលកូរ៉េខាងជើង ទើបតែ​បានបាញ់សាក​ល្បងនេះ គឺហោះបានកំពស់ប្រមាណ ​៥៥០គីឡូម៉ែត្រ និង​បានចំងាយ​ប្រមាណ​៣០០គីឡូម៉ែត្រ។ លោក Nobuo Kishi រដ្ឋមន្ត្រីការពារជាតិជប៉ុន បាន​លើកឡើងថា កម្រឹតយ៉ាងលឿនរហ័ស នៃការ​អភិវឌ្ឍន៍សព្វាវុធរបស់​កូរ៉េខាងជើងបែបនេះ គឺជារឿងដែល​មិន​អាចធ្វើឲ្យ​ប្រទេសផ្សេងទៀតក្នុងតំបន់នៅស្ងៀម និង​មិន​ប្រុងប្រយ័ត្ន​បាន​ឡើយ។

គួរបញ្ជាក់ដែរថា នៅថ្ងៃពុធសប្តាហ៍ក្រោយនេះ កូរ៉េខាងត្បូងនឹងត្រូវរៀបចំការបោះឆ្នោត​ប្រធានាធិបតី​អាណត្តិថ្មី។ បញ្ហា​កូរ៉េខាងជើង ហាក់​មិនមែនជាការ​ចាប់អារម្មណ៍ខ្លាំង របស់​មតិ​សាធារណៈកូរ៉េខាងត្បូងទេ នៅក្នុង​ការបោះឆ្នោត ខណៈកង្វល់​មានខ្លាំងទៅលើ​បញ្ហា គ្មានការងារធ្វើរបស់​យុវជន និង​បញ្ហា​វសមភាព​ប្រាក់ចំណូលរបស់​ប្រជាជន​ជាដើម។ យ៉ាងណាក៏ដោយ បេក្ខជនឈរស្តាំនិយមម្នាក់ ឈ្មោះ​Yoon Suk-yeol មកពីបក្សអំណាចប្រជាជន បាន​ប្រកាសថាចង់បើក​​ការវាយ​ប្រហារ ជាលក្ខណៈបង្ការ ទៅលើ​កូរ៉េខាងជើង ក្នុងករណីដែលចាំបាច់។

​លោក Ahn Chan-il អ្នកជំនាញ​សិក្សាកូរ៉េ បានលើកឡើងថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនាពេលនេះ អាចជាសញ្ញាបង្ហាញ​ការស្តីបន្ទោស ទៅលើ​លោកប្រធានាធិបតីចប់អាណត្តិ មូន ចែអ៊ីន ថាមិនបានធ្វើអ្វី​សោះ​ ដើម្បី​ដោះស្រាយ​វិបត្តិ​។ សម្រាប់​លោកសាស្ត្រាចារ្យ Yang Moo-jin វិញ គឺកូរ៉េខាងជើង កំពុងតែផ្ញើសារទៅកាន់សហរដ្ឋអាមេរិក ថាត្រូវតែឈប់ប្រើគោល​នយោបាយ​​កៀបសង្កត់ រករឿងកូរ៉េខាងជើងតទៅទៀត ព្រោះ​អំណេះ​តទៅកូរ៉េខាងជើងមាន​ប្រព័ន្ធ​សព្វាវុធ​បាលីស្ទិក និង​នុយក្លេអ៊ែរផ្ទាល់ខ្លួន។

ដោយឡែក លោក Cheong Seong-chang អ្នកវិភាគនៅវិទ្យាស្ថាន Sejong បានលើកឡើងថា​ពីនេះរហូតដល់ខែមេសា កូរ៉េខាងជើងអាចនឹងបន្ថែម​ក​ារធ្វើតេស្ត ប្រព័ន្ធផ្កាយរណប និង​មីស៊ីល​បាលីស្ទីកឆ្លងទ្វីប​ថែមទៀត។ ថ្ងៃទី​១៥ មេសា ដែលជាថ្ងៃបុណ្យខួប​ ១១០ឆ្នាំ នៃកំណើតរបស់ គីម អ៊ីលស៊ុង ដែល​កូរ៉េខាងជើងអាចធ្វើតេស្តបាញ់មីស៊ីលធុនធំ ដើម្បីអបអរ។ យ៉ាងណាមិញរបបនេះ បាន​បង្ហើប​ឲ្យ​ដឹងថ្មីៗនេះ ថាចង់ចាប់ផ្តើម​ ធ្វើតេស្តមីស៊ីលឆ្លងទ្វីប​ឡើងវិញ បន្ទាប់ពី​បាន​ផ្អាក​កាលពីឆ្នាំ​២០១៧​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ