អានតួអត្ថបទ
កូរ៉េខាងត្បូង-កូរ៉េខាងជើង

លោក​ យូន ស៊ុកយោល ប្រធានាធិបតីថ្មី​កូរ៉េខាងត្បូង សន្យា​​អនុវត្ត​គោល​នយោបាយ​​រឹងរូស​ជាមួយ​កូរ៉េខាងជើង

ក្រោយ​ការបោះឆ្នោត​ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃពុធទី៩មីនា លទ្ធផល​បានផ្តល់ជ័យ​ជំនះ យ៉ាងប្រផិតប្រផោយ ទៅឲ្យ​លោក លោក យូន ស៊ុកយោល។ មានអាយុ​៦១ឆ្នាំ លោក យូន ស៊ុកយោល គឺជាមនុស្សមកពីបក្ស​ស្តាំអភិរក្សនិយម ហើយដែលបានបង្ហាញគោលជំហររឹងរូសខ្លាំង ជាមួយកូរ៉េខាងជើង។ តាមការវិភាគ ក្នុងអាណត្តិប្រធានាធិបតីថ្មីនេះ កូរ៉េខាងត្បូង និង​ខាងជើងប្រាកដជាគ្មាន​លទ្ធភាព​អាចចរចា សម្រុះសម្រួលគ្នាបានទេ។

លោក យូន ស៊ុកយោល ( Yoon Suk Yeol ) និយាយនៅក្នុងសន្និសីទកាសែត នៅ​សភាជាតិ បន្ទាប់ពីបាន​ជ័យជំនះ ក្លាយជាប្រធានាធិបតី​ថ្មីកូរ៉េខាងត្បូង។ សេអ៊ូល ថ្ងៃ ១០ មីនា ២០២២
លោក យូន ស៊ុកយោល ( Yoon Suk Yeol ) និយាយនៅក្នុងសន្និសីទកាសែត នៅ​សភាជាតិ បន្ទាប់ពីបាន​ជ័យជំនះ ក្លាយជាប្រធានាធិបតី​ថ្មីកូរ៉េខាងត្បូង។ សេអ៊ូល ថ្ងៃ ១០ មីនា ២០២២ AP - Kim Hong-ji
ផ្សាយពាណិជ្ជកម្ម

យោងតាមលទ្ធផល​ផ្លូវការ ផ្សាយ​នៅព្រឹកថ្ងៃព្រសហ្បតិ៍ ទី​១០​មីនា លោក យូន ស៊ុកយោល បានទទួលសំឡេងឆ្នោត ចំនួន ៤៨.៥៦%  ចំណែក​លោក លី ចែម្ញុង បានទទួលចំនួន ៤៧.៨៣%។ លោក យូន ស៊ុកយោល អតីត​រដ្ឋអាជ្ញា មកពី​គណបក្ស​ស្តាំអភិរក្សនិយម ឡើងជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង។

សម្រាប់​អ្នកវិភាគ អាណត្តិថ្មីនេះ គឺនឹងគ្មានទៀតឡើយ ទំនាក់ទំនងអន្តរកូរ៉េទាំង២ ព្រោះលោក យូន ស៊ុកយោល ជាមនុស្ស​ដែល​មានគោលជំហររឹងរូសបំផុត ជាមួយ​របបផ្តាច់ការកូរ៉េខាងជើង។ ក្នុងពេលឃោសនាបោះឆ្នោត លោក យូន ស៊ុកយោល ធ្លាប់បាន​ហៅ​ គីម ជុងអ៊ុន ថាជាក្មេងឈ្លើយ ហើយ​ធ្លាប់អះអាងថាបើមានឱកាស លោក​នឹងប្រដៅ គីម ជុងអ៊ុន​ ឲ្យ​ទន់សំបកខ្លះ។​

លោក​ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង ធ្លាប់​បានអះអាងថា បើចាំបាច់ កូរ៉េខាងត្បូងត្រូវតែវាយ​ប្រហារទៅលើកូរ៉េខាងជើងឲ្យ​បានមុន ដើម្បីជាការបង្ការ។​ លោក យូន ស៊ុលយោល បានរិះគន់ គោលជំហរទន់ជ្រាយជ្រុលពេល​ របស់​រដ្ឋាភិបាល​មុន ដែលដឹកនាំដោយ​លោក មូន ចែអ៊ីន។ នៅក្នុងសន្ទរកថាជាលើកទី១ ក្នុងនាមជាប្រធានាធិបតី លោក យូន ស៊ុកយោល បាន​សន្យាថា នឹង​ចាត់វិធានការ​ឲ្យចាស់ដៃ​ ចំពោះសកម្មភាព​ខុសច្បាប់ និង​គ្មាន​ការពិចារណាត្រឹមត្រូវ របស់កូរ៉េខាងជើង​។​

លោកស្រី Soo Kim អ្នកវិភាគនៅ RAND Corporation បានលើកឡើងថា ការប្រឹងប្រែងស្តារទំនាក់ទំនងអន្តរកូរ៉េ ប្រហែលជា​ត្រូវធ្លាក់ដល់ចំណុចសូន្យ នៅក្នុងអាណត្តិថ្មីនេះ។ លោកប្រធានាធិបតីថ្មី បានលើកឡើងថា ចង់ទិញបន្ថែមអាវុធមីស៊ីលរបស់អាមេរិក។ រដ្ឋាភិបាលថ្មីក៏អាច​បន្ថែមការធ្វើសមយុទ្ធយោធាជាមួយកងទ័ពអាមេរិក ឲ្យ​បានកាន់តែញឹកញាប់។

លោក Hong Min អ្នកស្រាវជ្រាវនៅវិទ្យាស្ថានដើម្បីការបង្រួបបង្រួមកូរ៉េ បាន​លើកឡើងថា លោក​ យូន ស៊ុកយោល មិន​បាន​ផាត់ចោលគំនិតចង់ចរចា និយាយជាមួយកូរ៉េខាងជើងមែន ក៏ប៉ុន្តែគោលជំហររឹងរូសជ្រុលខ្លាំងរបស់គាត់ នឹងធ្វើឲ្យ​កូរ៉េខាងជើងកាន់តែ​រឹងរូសដែរ។ លោកអះអាងថាកូរ៉េខាងជើងគ្មានហេតុផលអ្វី មកចរចាជាមួយ​កូរ៉េខាងត្បូង ដែលរឹងទទឹង មិនផ្តល់សម្បទានឲ្យ​ខ្លួននោះទេ។ ទន្ទឹមគ្នានេះ កូរ៉េខាងជើងនឹងងាកទៅប្រឹងពង្រឹងអភិវឌ្ឍន៍សព្វាវុធបន្ថែមទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ