អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-ស្ត្រី

តាលីបង់​ហាម​មិន​ឱ្យ​ស្ត្រីអាហ្វហ្កានីស្ថាន​​ជិះយន្តហោះ​ម្នាក់ឯង

តាលីបង់​បាន​ដាក់​បញ្ជា​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​អាហ្វហ្កានីស្ថាន ​ឱ្យ​ទទួល​អ្នក​ដំណើរ​ភេទ​ស្រី​​ ​ ឡើង​ជិះ​យន្តហោះ តែ​ដរាបណាតែ​ស្ត្រីអាហ្វហ្កានីស្ថាន​នោះ មាន​បុរស​ជា​សមាជិក​​ក្រុមគ្រួសារ​ជូន។ នេះ​ជា​សេចក្តី​សម្រេច​របស់​តាលីបង់ ក្នុង​ជំនួប​ប្រជុំ​កាលពី ពាក់កណ្តាល​សប្តាហ៍ និងដែល​ក្រុមហ៊ុន​អាកាសចរណ៍​ ព្រមទាំង​អាជ្ញាធរ​អន្តោប្រវេសន៍​នៅ​អាកាសយានដ្ឋាន​ ទើប​ជូន​ដំណឹង​មក​ភ្នាក់ងារ​សារព័ត៌មាន​បារាំង​នាពេល​នេះ។

តាលីបង់ហាមមិនឱ្យស្ត្រីអាហ្វហ្កានីស្ថានជិះយន្តហោះម្នាក់ឯង
តាលីបង់ហាមមិនឱ្យស្ត្រីអាហ្វហ្កានីស្ថានជិះយន្តហោះម្នាក់ឯង AP - Rahmat Gul
ផ្សាយពាណិជ្ជកម្ម

“មិន​អនុញ្ញាត​ឱ្យ​ស្ត្រី​ណាម្នាក់ជិះ​យន្តហោះ​ ធ្វើ​ដំណើរ​ ក្នុង​ស្រុក​ ឬ​ទៅ​បរទេស ដោយ​គ្មាន​បុរស​ក្នុង​គ្រួសារជូន​ទេ” នេះ​ជា​លិខិត​បញ្ជា​របស់​តាលីបង់​ដែល​ផ្ញើ​ទៅ​ឱ្យ​ភ្នាក់ងារ​អាកាសចរណ៍ទាំង​ពីរ​របស់​អាហ្វហ្កានីស្ថាន។ អ្នកទទួល​ខុស​ត្រូវក្រុមហ៊ុន​អាកាសចរណ៍​ Ariana Afghan Airlines និង Kam Air ក៏​បាន​អះអាង​បញ្ជាក់​ថា​ពិត​ជា​បាន​ទទួល​លិខិត​បញ្ជា​ពី អាជ្ញាធរ​តាលីបង់​ ហើយក៏​បាន​​បញ្ឈប់​ការ​លក់​សំបុត្រ​យន្តហោះ​ឱ្យ​ស្ត្រី​ដែល​គ្មាន​បុរស​ជា​មេគ្រួសារ​ធ្វើដំណើរ​ជាមួយរួច​មក​ហើយ​ដែរ។

​អ្នក​ដំណើរ​ម្នាក់ បាន​បញ្ជាក់​បា្រប់​ភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា ​ក្រុមហ៊ុន​អាកាសចរណ៍Kam Air​​បានហាមឃាត់​​​ស្រ្តី​ដែល​គ្មាន​អាណាព្យាបាល​ភេទ​ប្រុស​ជូន​ ជា​ច្រើន​នាក់​ កាលពី​ថ្ងៃ​សុក្រ​ទី ២៥មីនា​២០២២ មិន​ឱ្យ​ឡើង​យន្តហោះ​ធ្វើ​ដំណើរ​ពីទីក្រុង​កាប៊ុល ទៅ​ក្រុង​អ៊ីស្លាម៉ាបាត ប្រទេស​ប៉ាគីស្ថាន។ ស្រ្តី​អាហ្វហ្កានីស្ថាន​ម្នាក់ កាន់​លិខិត​ឆ្លង​ដែន​អាមេរិក ក៏​មិន​អាច​ឡើង​ជិះយន្តហោះទៅ​ក្រុង​ឌូបៃ​​បាន​ដែរ ព្រោះ​គ្មានបុរសជូន។ នេះ​បើ​តាម​ប្រភពមួយ​ផ្សេងទៀត។

ក្នុង​ថ្ងៃអាទិត្យ​ទី ២៧​មីនា​នេះ​ដែរ ក្រសួងលើក​តម្កើង​​គុណធម៌​និង​ការពារកុំ​ឱ្យ​មានអំពើ​អាក្រក់​តាលីបង់​បានចេញ​ច្បាប់​បែង​ចែក​មិន​ឱ្យ​ស្ត្រី និង​បុរស​ ដើរ​លេង​ក្នុង​សួន​ឧទ្យាន ក្នុង​ពេល​តែមួយ​ទេ។ អំណើះ​តទៅ ស្ត្រី​អាច​ទៅ​លំហែ​នៅ​សួនសាធារណៈ នៅ​រៀង​រាល់​ថ្ងៃអាទិត្យ ចន្ទ​និងអង្គារ ចំណែកបុរស​ពី​ថ្ងៃ​ពុធ​ ព្រហស្បតិ៍ ​ថ្ងៃសុក្រ និង​​ដល់ថ្ងៃ​សៅរ៍។

សេចក្តីសម្រេច ​នេះធ្លាក់​មក​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​តាលីបង់សម្រេច​បិទ​សាលា​រៀនអនុវិទ្យាល័យ​​មិន​ឱ្យ​ក្មេងស្រី និង​យុវតី​ចូល​រៀន។ តាំងពី​ត្រលប់​មកកាន់​អំណាច​នៅ​អាហ្វហ្កានីស្ថាន កាលពីខែសីហា​២០២១​មក តាលីបង់​បានដាក់​បម្រាម​បំបិទសិទ្ធិ​ស្ត្រី​កាន់​តែ​ច្រើន​ឡើងៗ ដូច​ជា​ផាត់​​ចេញ​ពី​តួនាទី​សាធារណៈមួយ​ចំនួន​ធំ  ត្រួតពិនិត្យតាំងពី​របៀប​ស្លៀកពាក់ និង​ ​ហាមឃាត់​រួច​មក​ហើយ​មិន​ឱ្យ​ស្ត្រី​ ធ្វើ​ដំណើរ​តែម្នាក់​ឯង​លើស​ពី​៧២គីឡូម៉ែត្រ​ពី​ផ្ទះ​ដោយ​គ្មាន​បុរសជូន តាំង​ពី​ចុង​ខែ​ធ្នូ​២០២១មក។ ​ឥលូវស្ត្រី​អាហ្វហ្កានីស្ថាន លែង​អាច​​ជិះ​យន្តហោះ​តែម្នាក់ឯងបាន​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ