អានតួអត្ថបទ
ភូមា-អូស្ត្រាលី

Human Rights Watch ថ្កោលទោសជំនួប​រវាង​​អគ្គរដ្ឋទូ​ត​អូស្ត្រាលី ជាមួយ​​មេ​ដឹកនាំ​​របបសិក​ភូមា

ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅភូមា ដែលត្រូវចប់អាណត្តិ បានជួប​ជាមួយ​មេដឹកនាំរបបសិក លោក មីន អ៊ុងឡាំង។ ជំនួប​នេះ ត្រូវបានតំណាងអង្គការ Human Rights Watch ថ្កោលទោស រិះគន់ ថាវាហាក់ដូចជា​បង្ហាញ​ភាពស្និទ្ធស្នាល និងការទទួលស្គាល់ជាផ្លូវការនូវរបបសិកភូមា ខណៈដែលរបបនេះបានធ្វើអំពើឧក្រិដ្ឋ រំលោភសិទ្ធិមនុស្ស និងសំលាប់​ប្រជាជនឯង។

លោក មីន អ៊ុងឡាំង ជិះរថយន្តត្រួតពល​ ក្នុងពិធីដង្ហែរព្យុហយាត្រាយោធាដ៏ធំ នៅក្រុងណៃពីដាវ ថ្ងៃទី ២៧ មេសា ២០២២
លោក មីន អ៊ុងឡាំង ជិះរថយន្តត្រួតពល​ ក្នុងពិធីដង្ហែរព្យុហយាត្រាយោធាដ៏ធំ នៅក្រុងណៃពីដាវ ថ្ងៃទី ២៧ មេសា ២០២២ AP - Aung Shine Oo
ផ្សាយពាណិជ្ជកម្ម

លោក Andrea Faulkner អគ្គរដ្ឋទូតអូស្ត្រាលីប្រចាំភូមា បានចូលទៅជួបលោកមីន អ៊ុងឡាំង កាលពីថ្ងៃពុធទី៦មេសា នៅក្រុងណៃពីដាវ។ យោងតាមការផ្សាយរបស់បណ្តាញព័ត៌មានរដ្ឋ​ភូមា Global New Light of Myanmar បានឲ្យ​ដឹងថា អ្នកទាំង២ បាននិយាយ​គ្នា អំពី​ការពង្រឹងសហប្រតិបត្តិការ​ ក្នុង​វិស័យ​ផ្សេងៗ។

លោកស្រី Katrina Cooper រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បាន​លើកឡើងថា ឯកអគ្គរដ្ឋទូតអូស្ត្រាលី បាន​និយាយអំពាវនាវជាថ្មីម្តងទៀត ឲ្យ​មេដឹកនាំរបប់សិកភូមា ត្រូវបញ្ឈប់​សកម្ម​ភាព​ហិង្សា​នានា និង​ត្រូវដោះលែងអ្នកទោសនយោបាយ​ទាំងអស់។

លោកស្រី Manny Maung អ្នកស្រាវជ្រាវភូមា ប្រចាំនៅអង្គការ Human Rights Watch បាន​លើកឡើងថា ជំនួប​រវាង​អគ្គរដ្ឋទូតអូស្ត្រាលី​ ជាមួយមេដឹកនាំរបបសិកភូមា​ វាគឺជា​រឿងមិនអាចទទួលយកបានទេ ព្រោះវា​មកបំផ្លាញការប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដែល​ព្យាយាម​ធ្វើឲ្យ​របបផ្តាច់ការនៅឯកោ លើឆាកអន្តរជាតិ។ លោកស្រីបន្ថែមថា តាមរយៈការថតរូបញញឹមញញែម និងទទួលយកអំណោយ​ពីមេដឹកនាំរបបសិកភូមា គឺលោកអគ្គរដ្ឋទូតអូស្ត្រាលី ហាក់លើកតម្លៃ ផ្តល់កិត្តិយសឲ្យ​របបសិកភូមា​ ដែលបានធ្វើអំពើឧក្រិដ្ឋ សម្លាប់ប្រជាជនឯង និង​ចាប់​មនុស្សជាច្រើន​ពាន់ ដាក់ឃុំដោយអយុត្តិធម៌។

ថ្លែងទៅកាន់សមាជិកសភាអូស្ត្រាលី នៅក្រុងកង់បេរ៉ា លោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី​ បានអះអាងថា ជំនួបរវាងអគ្គរដ្ឋទូតអូស្ត្រាលី ជាមួយលោក​មីន អ៊ុងឡាំង គឺមិនមែនមានន័យថា រដ្ឋាភិបាលអូស្ត្រាលី ទទួលស្គាល់របបសិកភូមាពេញសិទ្ធិនោះទេ។

យោងតាមមន្ត្រីអូស្ត្រាលី គិតចាប់ពី​មានរដ្ឋប្រហារយោធា នៅខែកុម្ភៈឆ្នាំ២០២១មក តំណាង​រដ្ឋាភិបាល​​អូស្ត្រាលីបានជួបប្រជុំដោយ​ផ្ទាល់ ជាមួយ​តំណាងកងទ័ពភូមា ចំនួន​៧ដង និង​មាន​ការនិយាយទូរសព័្ទជាមួយ​គ្នា ច្រើនលើកទៀត។ ក៏ប៉ុន្តែ អូស្ត្រាលីបានអះអាងថា គ្មានវិស័យណាមួយរបស់អូស្ត្រាលី ដែលសហការធ្វើការជាមួយរបបសិកភូមានោះទេ។ អូស្ត្រាលីថែមទាំងបាន​អំពាវនាវជាច្រើន​លើក​ ឲ្យរបបសិកភូមា ដោះលែង​លោក Sean Turnell ទីប្រឹក្សាសេដ្ឋកិច្ចរបស់​លោកស្រីអ៊ុងសាន ស៊ូជី ដែលត្រូវបាន​កងទ័ពភូមាចាប់ដាក់ឃុំ ប្រមាណមួយឆ្នាំមកហើយ ថែមទៀតផង។​

ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃព្រហស្បតិ៍ ទី​៧មេសា អង្គការ Human Rights Watch បានអំពាវនាវ ឲ្យ​រដ្ឋាភិបាលអូស្ត្រាលី ត្រូវកែតម្រូវសកម្ម​ភាព​ខ្លួន ឲ្យស្របជាមួយ​សម្ព័ន្ធមិត្ត​អន្តរជាតិ ដោយ​ចៀសវាងការជួបជាលក្ខណៈទ្វេភាគី ជាមួយ​ថ្នាក់ដឹកនាំកំពូល នៃរបបសិកភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ