អានតួអត្ថបទ

ភេរវកម្មបំផ្ទុះគ្រាប់បែក នៅអាហ្វហ្កានីស្ថាន ស្លាប់១២នាក់ ហើយ៥៨នាក់រងរបួស

ប្រទេស​អាហ្វហ្កានីស្ថាន នៅថ្ងៃព្រហស្បតិ៍ទី​២១មេសា ​មាន​ភេរវ​កម្ម​បំផ្ទុះ​គ្រាប់បែក សម្លាប់​មនុស្ស​យ៉ាងហោច​១២នាក់​ ​ ហើយ​ច្រើន​សិប​នាក់​រង​របួស នៅ​វិហារអ៊ីស្លាម​មួយកន្លែង​​​។ ភ្លាមៗ​ ​ពួក​អង្គការ​រដ្ឋអ៊ីស្លាម​ជីហាត ប្រកាស​ថា​ ជាស្នាដៃ​របស់ក្រុម​ខ្លួន។  ការ​វាយប្រហារ​ភេរវ​កម្មនេះ​ គឺ​ធ្វើ​ឡើង​តែ​២​ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី​ការ​វាយប្រហារ​ទៅលើ​​សាលា​រៀន​មួយ ​​នៅក្រុង​កាបូល។

ភេវរកម្មបំផ្ទុះគ្រាប់បែក នៅអាហ្វហ្កានីស្ថាន
ភេវរកម្មបំផ្ទុះគ្រាប់បែក នៅអាហ្វហ្កានីស្ថាន Anadolu Agency via AFP - SAYED KHODAIBERDI SADAT
ផ្សាយពាណិជ្ជកម្ម

រឿង​ហេតុ​អាក្រក់​នេះ កើតឡើង​ទៅលើ​វិហារ​អ៊ីស្លាម​និកាយ​ស៊ីអ៊ីត​ ក្នុង​ក្រុង​ Mazar-i-Sharif។ តាម​រយៈ​ប្រព័ន្ធតេលេក្រាម ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត បាន​ប្រកាសទទួល​ស្គាល់ថា ការ​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់បែក​នេះ គឺធ្វើ​ឡើង​ដោយ​ការ​ចុច​បញ្ជា​ពីចម្ងាយ​។ ពួក​ភេរវជន​ ជា​អ៊ីស្លាម​ជីហាត​និកាយ​ស៊ុននីត​ដ៏​ជ្រុល​ងប់​ងល់​ បាន​ឲ្យដឹងទៀត​ថា គ្នីគ្នា​របស់​គេ​បានយក​​កញ្ចប់​គ្រាប់​បែក​ផ្ទុះ ​​ទៅដាក់​ផ្លុង​ក្នុង​វិហារ​អ៊ីស្លាម​និ​កាយ​​ស៊ីអ៊ីត ហើយចុច​​បំផ្ទុះឡើង​នៅខណៈពេល​ដែល​ពួក​ស៊ីអ៊ីត​ជួប​ជុំគ្នា​ច្រើន។​

នៅក្នុង​រូប​ភាពវីដេអូ​ដែល​ទីភ្នាក់​ងារ​ព័ត៌មា​ន​បារាំង​ទទួល​បាន​ គេ​ឃើញ​ហ្វូង​មនុស្ស​បានស្ទុះស្ទា​ជួយ​នាំ​យក​អ្នក​របួស​​ទៅ​មន្ទីរពេទ្យ​ ហើយ​អ្នក​នាំពាក្យ​ផ្នែក​សុខាភិបាល​ប្រចាំ​ក្រុង បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​​ឪពុក​ម្តាយ​បងប្អូន​ជន​រងគ្រោះ​ជាច្រើន​នាក់​ បាន​​រត់​ទៅ​ជួយ​បរិច្ចាគ​ឈាម​​។​​

នៅ​អាហ្វហ្កានីស្ថាន មិនទាន់​សុវត្ថិភាពស្រួល​បួល​​​ទេ។ ពីថ្ងៃ​ព្រហស្បតិ៍ អ្នក​នាំពាក្យ​ប៉ូលីស​ ខេត្ត​ Kunduz បញ្ជាក់ថា នៅ​ប៉ែក​ឥសាន ក៏​មាន​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​ដែរ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៤នាក់ ហើយ​១៨នាក់​ទៀត រងរបួស។​ រីឯ​នៅ​កណ្តាល​រដ្ឋធានី​កាបូល​វិញ នគរ​បាលស្នងការក្រុង​​ឲ្យដឹង​ថាមាន​ការ​ដាក់​ឧបករណ៍​ផ្ទុះ ធ្វើ​ឲ្យ​ក្មេងៗ​២នាក់​របួស​ដែរ។​

ចំណែក​កាលពីថ្ងៃ​អង្គារ​កន្លងទៅ ក៏​មាន​ការ​ផ្ទុះ​គ្រាប់​បែកពីរ​ ទៅលើ​សាលារៀន​មួយ​កន្លែង ធ្វើ​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​៦នាក់ និងរបួស​ជាង​២០នាក់​។​ ហេតុការណ៍អប្រិយនេះ ​កើតនៅក្រុង​កាបូល ​ក្នុង​​សង្កាត់​ដែល​មាន​ក្រុម​អ៊ីស្លាម​ស៊ីអ៊ីត​ រស់​នៅ​ច្រើន​​។​ ពួក​ស៊ីអ៊ីត​ក្នុង​ប្រទេស​នេះ ឧស្សាហ៍​ត្រូវ​គេ​សម្លាប់​ ហើយសាលា​រៀន មន្ទីរពេទ្យ និងវិហារ​សាសនា គឺច្រើន​តែជា​ផ្ទាំងស៊ីប​នៃ​អំពើ​ភេវរកម្ម​។​

ជាក់ស្តែង ខែ​ឧសភា​ឆ្នាំ​២០២១ មានការ​បំផ្ទុះគ្រាប់បែក​ជាស៊េរី ទៅលើ​សាលា​រៀន​របស់​ក្មេងស្រី​មួយ​កន្លែង ធ្វើ​ឲ្យ​កូនសិស្ស​​៨៥នាក់​ស្លាប់​ ភាគច្រើន​ជា​សិស្ស​ស្រី ហើយ​ជាង​៣០០នាក់​ទៀត រង​របួស​។​ ខែ​តុលា​ឆ្នាំ២០២០ ឡានមួយ​គ្រឿង​ត្រូវ​បំផ្ទុះ​ នៅ​មជ្ឈមណ្ឌល​​អប់រំ​បណ្តុះ​បណ្តាលមួយ​ ធ្វើ​ឲ្យ​ផ្តាច់​ជីវិត​មនុស្ស​​២៤នាក់​។ ចំណែក​ខែឧសភា​ឆ្នាំ​២០២០​ដែរ ពួក​យោធា​បាន​វាយប្រហារ​ទៅលើ​មន្ទីរ​សម្ភព​មួយ​កន្លែង សម្លាប់​មនុស្ស​២៥នាក់ ក្នុងនោះ​១៦នាក់​ជា​ស្រី​​ពពោះ​ជិត​ឆ្លងទន្លេ​។ សហរដ្ឋអាមេរិក​ កាលពីគ្រានោះ បាន​ចោទប្រកាន់​ចង្អុរ​មុខ​​ពួក​អង្គការ​រដ្ឋអ៊ីស្លាម​ជីហាត ថាជាអ្នក​នៅពីក្រោយ​អំពើ​ព្រៃផ្សៃ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ