អានតួអត្ថបទ
កូរ៉េខាងជើង

អ.ស.ប.៖ ចិននិងរុស្ស៊ីបោះឆ្នោតវ៉េតូលើការស្នើបង្កើនទណ្ឌកម្មលើកូរ៉េខាងជើង

ចិន និង​រុស្ស៊ី បាន​បោះឆ្នោត កាលពីថ្ងៃព្រហស្បតិ៍ ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ស្នើឡើង​ដោយ​សហរដ្ឋ​អាមេរិក ដើម្បី​បង្កើន​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង ក្រោយ​ការ​បាញ់សាកល្បង​មីស៊ីល​ជាច្រើន​លើក។ ការមិនចុះសម្រុងគ្នា​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​ ដែល​បណ្តា​ប្រទេស​លោកខាងលិច​បារម្ភ​ថា អាច​នឹង​ធ្វើ​ឲ្យ​កូរ៉េ​ខាងជើង​កាន់តែ​បាន​ចិត្ត ហើយ​អាច​នឹង​ធ្វើ​សកម្មភាព​យោធា​ជាច្រើន​បន្ថែម​ទៀត ជាពិសេស គឺ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ
ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ © John Minchillo/AP
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ការ​បោះឆ្នោត ដែល​ធ្វើឡើងកាលពីថ្ងៃ​ព្រហស្បតិ៍ សេចក្តីព្រាង​សេចក្តីសម្រេច​បង្កើន​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង​បាន​ទទួល​នូវ​ការគាំទ្រ​ពី​សំណាក់​ប្រទេស​ចំនួន ១៣ ពោលគឺ ​លើស​ពី​សំឡេងភាគច្រើន​ ដែល​តម្រូវ​ឲ្យមាន​ត្រឹមតែ ៩សំឡេងគាំទ្រ។ ក៏ប៉ុន្តែ សេចក្តីសម្រេច​នេះ​មិន​អាច​ចេញរួច ដោយសារ​តែ​ ចិន និង​រុស្ស៊ី ដែល​បោះឆ្នោត​ប្រឆាំង គឺ​ជា​ប្រទេស​សមាជិក​អចិន្រ្តៃយ៍ ដែល​មាន​សិទ្ធិវ៉េតូ។

នេះ​គឺ​ជា​លើកទីមួយ រាប់​ចាប់តាំង​ពី​ឆ្នាំ២០០៦ ដែល​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ត្រូវ​ជាប់គាំង​ដោយ​វ៉េតូ ហើយ​អាមេរិក និង​ប្រទេស​សម្ព័ន្ធមិត្ត ជាពិសេស កូរ៉េ​ខាង​ត្បូង អង់គ្លេស និង​បារាំង បាន​នាំគ្នា​បង្ហាញ​នូវ​ក្តីបារម្ភ​ថា ភាពមិនចុះសម្រុងគ្នា​ដែល​បង្ហាញ​ឲ្យ​ឃើញ​ជាសាធារណៈ នៅ​ក្រុមប្រឹក្សា​សន្តិសុខ​នៅពេលនេះ អាច​នឹង​ធ្វើ​ឲ្យ​កូរ៉េ​ខាងជើង​កាន់តែ​បានចិត្ត ហើយ​បាញ់សាកល្បង​គ្រឿងសព្វាវុធ​ជាច្រើន​បន្ថែម​ទៀត ជាពិសេស គឺ​អាច​នឹង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ដែល​ត្រូវ​បាន​ផ្អាក តាំង​ពី​ឆ្នាំ២០១៧​មក។

គួរបញ្ជាក់ថា គិត​ចាប់តាំង​ពី​ដើមឆ្នាំ២០២២​នេះមក កូរ៉េ​ខាងជើង​បាន​បាញ់សាកល្បង​មីស៊ីល រហូត​ដល់​ទៅ ២៣លើក ដោយ​នៅក្នុងនោះ​ក៏មាន​ដែរ ការ​សាកល្បង​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប រំលោភ​ទៅលើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ កាល​ពី​ឆ្នាំ​២០១៧ ដែល​កាលណោះ​ត្រូវ​បាន​អនុម័ត ដោយ​សំឡេង​​គាំទ្រ​ជា​ឯកច្ឆន្ទ ពោលគឺ មាន​ការ​សំឡេង​គាំទ្រ​ពី​សំណាក់​ចិន និង​រុស្ស៊ី។

ក៏ប៉ុន្តែ ទាំងចិន និង​រុស្ស៊ី ដែល​បោះឆ្នោត​វ៉េតូ​លើ​ការ​បន្ថែម​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង នៅពេលនេះ បាន​លើកហេតុផល​ថា ការផ្តោត​តែ​ទៅលើ​ការ​ដាក់ទណ្ឌកម្ម​មិនមែន​ជា​ដំណោះស្រាយ​នោះទេ ផ្ទុយ​ទៅវិញ វា​អាច​នឹង​រុញ​វិបត្តិ​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ ហើយ​បន្ថែម​ពីលើ​នេះ​ទៅទៀត វា​អាច​នឹង​បង្ក​ឲ្យ​មាន​វិបត្តិ​មនុស្សធម៌ ដល់​ប្រជាជន​កូរ៉េ​ខាងជើង​ធម្មតា​ទៅវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ