អានតួអត្ថបទ
ភូមា

របបសឹក​ភូមា​ប្រកាស​កាត់ទោស​ប្រហារ​ជីវិត​សកម្មជន​ប្រឆាំងនឹង​រដ្ឋប្រហារ​ដោយការព្យួរក

របបសឹកភូមា​នឹង​អនុវត្ត​ទោសប្រហារ ឡើងវិញ បន្ទាប់ពីខកខាន ចាប់តាំង​ពី​ឆ្នាំ ១៩៩០។  កាលពីថ្ងៃ​សុក្រ ទី ៣​មិថុនា អ្នកនាំពាក្យ​របស់​របបសឹកភូមា​បាន​ប្រកាស​ថា គេ​នឹង​កាត់ទោស​ប្រហារជីវិត​មនុស្ស​៤នាក់ ដែលនៅក្នុងនោះ ១នាក់ ជា​អតីតសមាជិកសភា មកពីគណបក្ស​សម្ព័ន្ធជាតិប្រជាធិបតេយ្យ​របស់​លោកស្រី អ៊ុងសាន ស៊ូជី និង​១នាក់ទៀត ជា​អតីតមេដឹកនាំចលនានិស្សិតដ៏ល្បីឈ្មោះ ដែលធ្លាប់ចេញមុខ​ប្រឆាំង​របបសឹកភូមា កាលពី​ឆ្នាំ ១៩៨៨។

លោកមីន អ៊ុងឡាំង​នៅពេល​ត្រួតពល​យោធាភូមា នៅក្នុង​ ឱកាស​បុណ្យកងទ័ពភូមា
លោកមីន អ៊ុងឡាំង​នៅពេល​ត្រួតពល​យោធាភូមា នៅក្នុង​ ឱកាស​បុណ្យកងទ័ពភូមា © AP - Aung Shine Oo
ផ្សាយពាណិជ្ជកម្ម

អាក់ខាន​អស់​៣០ឆ្នាំ របបសឹកភូមា​បានត្រលប់​មក​អនុវត្ត​ទោសប្រហារជីវិត​ឡើងវិញ ជាមួយ អ្នកទោស​នយោបាយ ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ។ តាម​អ្នកនាំពាក្យ​របស់​របបសឹក​ភូមា លោក Zaw Min Tun មនុស្ស​៤នាក់ នឹង​ត្រូវគេប្រហារជីវិត ដោយការព្យួរក។ អ្នកនាំពាក្យ​របស់របបសឹក មិនបាន​បញ្ជាក់​កាលបរិច្ឆេទ​ប្រហារជីវិត​អ្នកទោស​ទាំងបួន​នាក់​ ប៉ុន្តែ បាន​បង្ហាញ​ឈ្មោះ​អ្នកទោស​ដែល​ត្រូវគេ​ប្រហារជីវិត ដូចជា​លោក​Phyo Zeya Thaw អតីត​សមាជិកសភា​មកពី​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បីប្រជាធិបតេយ្យ របស់​លោកស្រី​អ៊ុងសាន ស៊ូជី និង​លោក​Kyaw Min Yu អតីត​មេចលនានិស្សិតដ៏ល្បីឈ្មោះម្នាក់ នៅ​ភូមា។

ជាប់ឆ្នោត​ជា​សមាជិកសភា កាលពី​ឆ្នាំ ២០១៥ លោក​Phyo Zeya Thaw មកពីគណបក្ស​របស់​លោកស្រី​អ៊ុងសាន ស៊ូជី ត្រូវ​បាន​ក្រុមយោធាភូមា ឡោមព័ទ្ធចាប់ខ្លួន កាលពី​ចុងឆ្នាំ ២០២១។ លោកត្រូវបាន​តុលាការយោធាភូមា​កាត់ទោសប្រហារជីវិត ក្នុងបទរៀបចំ​ការវាយប្រហារ​ភេរវកម្ម​ទៅលើ​ខ្សែរថភ្លើង ដែលបាន​សម្លាប់​ប៉ូលិស​៥នាក់ នៅទីក្រុង​រ៉ង់ហ្គូន នៅក្រោយ​រដ្ឋប្រហារ។

ជា អតីត​អ្នកចម្រៀង Hip Hop លោក​Phyo Zeya Thaw​ធ្លាប់ត្រូវ​បាន​របបសឹក​ចាប់ដាក់ពន្ធនាគារ​ម្តងហើយ កាលពី​ឆ្នាំ ២០០៨ ក្នុង​បទចោទប្រកាន់​ថា សារ​បទចម្រៀង​របស់​លោក​មាន​លក្ខណៈញុះញង់​បង្កវិទ្ធង្សនា​ប្រឆាំង​របបយោធាភូមា។

តាមច្បាប់ប្រឆាំង​ភេរវកម្ម​នេះដែរ តុលាការ​ភូមា​បានកាត់ទោសប្រហារជីវិត​ សកម្មជនដើម្បី​លទ្ធិប្រជាធិបតេយ្យ​ លោក​Kyaw Min Yu ដែល​មាន​រហស្សនាម​ថា Ko Jimmy។ លោក​ត្រូវ​បាន​តុលាការ​កាត់ទោសប្រហារ​ជីវិតក្នុង​បទចោទប្រកាន់​ថាបាន​សរសេរចុះផ្សាយ នៅលើ​បណ្តាញសង្គម ដើម្បី ញុះញង់ឲ្យ​មាន​ចលនាបះបោរ​ប្រឆាំង​នឹង​ថ្នាក់ដឹកនាំ។

នៅភូមា លោក​Ko Jimmy ជាសកម្មជន​ល្បី​ឈ្មោះ ព្រោះ​លោក​ធ្លាប់​ស្ថិត​ក្នុង​ជំនាន់​និស្សិត​ដែល​ចេញមុខ ធ្វើ​បាតុកម្ម​ខ្លាំងក្លា ប្រឆាំង​នឹង​របបសឹកភូមា កាលពី​ឆ្នាំ ១៩៨៨។

បើតាម​អ្នកនាំពាកុ្យ​របស់​របបសឹកភូមា អតីត​អ្នកនយោបាយ និង​សកម្មជនប្រជាធិបតេយ្យ​ទាំងពីររូប​នឹង​ត្រូវ​គេ​កាត់ទោសប្រហារ​ជីវិត​ជាមួយ​បុរស​ពីររូបផ្សេងទៀត ដែល​តុលាការ​ចោទប្រកាន់​ពីបទមនុស្សឃាត​ទៅលើ​ស្រ្តីភូមា ម្នាក់ ដែលពួកគេ​ទាំងពីរចោទថា ជា​អ្នកស៊ើបការណ៍​ឲ្យ​របបសឹក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ