អានតួអត្ថបទ
វិបត្តិកូរ៉េ

កូរ៉េខាងត្បូងនិងអាមេរិកបាញ់មីស៊ីលបាលីស្ទិក៨ដើមតបកូរ៉េខាងជើង

កូរ៉េខាងត្បូង និង​អាមេរិក បាន​បាញ់​មីស៊ីល​បាលីស្ទិក​ចំនួន ៨ដើម នៅថ្ងៃចន្ទ​នេះ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅនឹង​ការ​បាញ់​មីស៊ីល​បាលីស្ទិក​ ៨ដើម​ដូចគ្នា ពី​សំណាក់​កូរ៉េ​ខាងជើង កាល​ពីថ្ងៃ​អាទិត្យ។ ការតបត​ទៅវិញទៅមក​នេះ គឺ​ជា​វដ្ត​ថ្មីមួយ នៅ​ក្នុង​វិបត្តិ​នៅ​ឧបទ្វីបកូរ៉េ ជាពិសេស ក្រោយ​ពី​ការឡើងកាន់តំណែង​របស់​ប្រធានាធិបតី​ថ្មី​របស់​កូរ៉េ​ខាង​ត្បូង ដែល​ប្រកាន់​ជំហរ​តឹងរ៉ឹង​ចំពោះ​កូរ៉េ​ខាងជើង។

កាលពីថ្ងៃទី២៥ឧសភា កូរ៉េ​ខាង​ត្បូង​និង​អាមេរិក​ក៏​ធ្លាប់​បាន​បាញ់សាកល្បង​មីស៊ីល​រួមគ្នាម្តងរួចមកហើយដែរ ដើម្បី​ឆ្លើយ​តប​នឹង​ការបាញ់សាកល្បងមីស៊ីល​របស់​កូរ៉េ​ខាងជើង​
កាលពីថ្ងៃទី២៥ឧសភា កូរ៉េ​ខាង​ត្បូង​និង​អាមេរិក​ក៏​ធ្លាប់​បាន​បាញ់សាកល្បង​មីស៊ីល​រួមគ្នាម្តងរួចមកហើយដែរ ដើម្បី​ឆ្លើយ​តប​នឹង​ការបាញ់សាកល្បងមីស៊ីល​របស់​កូរ៉េ​ខាងជើង​ AP
ផ្សាយពាណិជ្ជកម្ម

មីស៊ីល​ទាំង ៨ ដើម ដែលកូរ៉េ​ខាង​ត្បូង​និង​អាមេរិក​បាញ់​នៅថ្ងៃ​ចន្ទ​នេះ គឺ​ជា​ប្រភេទ​មីស៊ីល​បាលីស្ទិក​រយៈចម្ងាយ​ខ្លី ក្នុងនោះ ៧ដើម បាញ់​ដោយ​កូរ៉េ​ខាង​ត្បូង និង​១ដើម បាញ់​ដោយ​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោងតាម​ការ​អះអាង​របស់​​សេនាធិការចម្រុះ​កងទ័ព​កូរ៉េ​ខាង​ត្បូង ដែល​បាន​បញ្ជាក់ថា ការបាញ់មីស៊ីល​ទាំងនេះ គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​សមត្ថភាព និង​ការ​ប្រុងប្រៀបខ្លួន​​របស់​កូរ៉េខាង​ត្បូង​និង​អាមេរិក ក្នុងការ​វាយប្រហារ​តបវិញ​ភ្លាមៗ ទៅលើ​ទីតាំង​មីស៊ីល​របស់​កូរ៉េ​ខាងជើង។

នេះ​គឺ​ជា​លើកទីពីរហើយ ដែល​កូរ៉េ​ខាង​ត្បូង និង​អាមេរិក​​បាន​បាញ់មីស៊ីល​ឆ្លើយតប​ទៅនឹង​ការ​បាញ់មីស៊ីល​ពី​សំណាក់​កូរ៉េ​ខាងជើង ដោយ​កាល​ពី​សប្តាហ៍​មុន កូរ៉េ​ខាង​ត្បូង និង​អាមេរិក ក៏​បាន​ធ្វើ​សកម្មភាព​ប្រហាក់ប្រហែលគ្នា​នេះ​ដែរ ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​បាញ់សាកល្បងមីស៊ីល​បាលីស្ទិក​​​​របស់​កូរ៉េ​ខាងជើង។

ការតបត ម៉ាំងទៅម៉ាំងមក​បែបនេះ គឺ​ជា​រឿង​មួយ​ដ៏កម្រឃើញ នៅ​ក្រោម​អាណត្តិ​លោក​ប្រធានាធិបតី​មូន ចែអ៊ីន ក៏ប៉ុ​ន្តែ លោកយូន ស៊ុកយោល ដែលទើបនឹង​ចូល​កាន់តំណែង​ជាប្រធានាធិបតី​កូរ៉េខាងត្បូង កាល​ពី​ខែមុន បាន​សន្យាថា​នឹង​ប្រកាន់​ជំហរ​តឹងរ៉ឹង​ចំពោះ​របបដឹកនាំ​ក្រុង​ព្យុងយ៉ាង ហើយ​ថា ចាប់ពីពេលនេះ​ទៅ កូរ៉េ​ខាង​ត្បូងនឹង​ឆ្លើយតបខ្លាំងៗ ទៅនឹង​រាល់​សកម្មភាព​បង្ករហេតុ​របស់​កូរ៉េ​ខាងជើង។

គួរបញ្ជាក់ថា កាល​ពីថ្ងៃ​អាទិត្យ កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បងមីស៊ីល​រយៈចម្ងាយ​ខ្លី​ចំនួន ៨ដើម ដោយ​អះអាង​ថា ជា​ការ​ឆ្លើយ​តប​ទៅនឹង​ការ​ធ្វើ​សមយុទ្ធរួមគ្នា រវាង​កូរ៉េ​ខាង​ត្បូង និង​អាមេរិក។ សមយុទ្ធរយៈពេល ៣ថ្ងៃ ហើយ​ជា​សមយុទ្ធលើកទីមួយ​ ក្នុងរយៈពេល ៤ឆ្នាំកន្លងទៅនេះ ដែល​ធ្វើឡើង​​ដោយមាន​វត្តមាន​​នាវាផ្ទុក​យន្តហោះ​របស់​អាមេរិក។

កូរ៉េ​ខាងជើង​បាញ់មីស៊ីល​ថា​ជា​ការ​ឆ្លើយតប​នឹង​សមយុទ្ធកូរ៉េ​ខាងត្បូង​និង​អាមេរិក ចំណែក​កូរ៉េ​ខាង​ត្បូង​និង​អាមេរិក​បាញ់​មីស៊ីល​ថា​ជាការឆ្លើយតប​នឹង​ការបាញ់មីស៊ីល​របស់​កូរ៉េ​ខាងជើង។ នេះ​គឺ​ជា​ការបង្ហាញ​ឲ្យ​ឃើញ អំពី​​វដ្ត​ថ្មីមួយ ដែល​អាច​នឹង​ធ្វើ​ឲ្យ​​​វិបត្តិ​​នៅ​ឧបទ្វីបកូរ៉េ កាន់តែ​តានតឹង នៅក្នុងពេល​ដែលកូរ៉េ​ខាងជើង​ទំនង​កំពុង​ប្រុងប្រៀប​រៀបចំ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​​សាជាថ្មី ក្រោយ​ពី​បាន​ផ្អាក ចាប់តាំង​ពី​ឆ្នាំ២០១៧​កន្លងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ