អានតួអត្ថបទ
ជប៉ុន-អាហ្វ្រិក

ជប៉ុន បើកសន្និសីទវិនិយោគលើកទី៨ ដើម្បីពង្រឹងវត្តមានខ្លួននៅទ្វីបអាហ្រ្វិក

ប្រទេសទុយនីស៊ី និងជប៉ុនបានបើកសន្និសីទអន្តរជាតិ ជប៉ុន-អាហ្វ្រិកកាលពីម្សិលមិញនេះ ក្នុងគោលបំណងឆ្លើយតប ក៏ដូចជាទប់ទល់នឹង ការកើនឡើងជាលំដាប់ នៃឥទ្ធិពលរបស់ចិន ទៅលើសេដ្ឋកិច្ចរបស់ទ្វីបអាហ្រ្វិក។ យោងតាមក្រសួងការបរទេសជប៉ុន​ សន្និសីទនេះបានរៀបចំឡើងខណៈពេលដែលបរិយាកាសអន្តរជាតិ មានភាពស្មុគ្រស្មាញ បណ្តាលមកពីការរាតត្បាតនៃជំងឺកូវីត១៩ និងសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ចូលរួមពីចម្ងាយ សន្និសីទ ជប៉ុន-អាហ្វ្រិកស្តីពីការវិនិយោគ លើកទី៨នៅទីក្រុងទុយនីស ថ្ងៃ២៧ ខែសីហា ២០២២
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ចូលរួមពីចម្ងាយ សន្និសីទ ជប៉ុន-អាហ្វ្រិកស្តីពីការវិនិយោគ លើកទី៨នៅទីក្រុងទុយនីស ថ្ងៃ២៧ ខែសីហា ២០២២ via REUTERS - TUNISIAN PRESIDENCY
ផ្សាយពាណិជ្ជកម្ម

នៅទីក្រុងទុយនីស ក្រុមគណៈប្រតិភូជប៉ុន ដឹកនាំដោយលោក Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេសបានចូលរួមដោយផ្ទាល់ការក្នុងការបើកទ្វារសន្និសីទអន្តរជាតិ ជប៉ុន-អាហ្វ្រិក លើកទី​៨​។ រីឯនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានចូលរួមសន្និសីទនេះពីចម្ងាយ ព្រោះលោកបានធ្វើតេស្តវិជ្ជមានពីជំងឺកូវីត១៩។

ប្រមុខរដ្ឋ និងរដ្ឋាភិបាលបណ្តាប្រទេសអាហ្រ្វិកប្រហែល ៣០នាក់ បានចូលរួមការបើកកម្មវិធីកាលពីថ្ងៃសៅរ៍នេះផងដែរ។ នៅក្នុងសុន្ទរកថាបើកកម្មវិធី លោកប្រធានាធិបតីទុយនីស៊ី បានជំរុញគណៈប្រតិភូដែលបានចូលរួម ឲ្យជួយស្វែងរកនូវមធ្យោបាយណា ដែលអាចជំរុញប្រជាជនអាហ្វ្រិក អោយសម្រេចបាននូវក្តីសង្ឃឹម និងក្តីសុបិនរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍ប្រទេសពួកគេ ឲ្យចាកចេញពីភាពក្រីក្រ។ លោកក៏បានកោតសរសើរផងដែរ ចំពោះភាពជោគជ័យរបស់ប្រទេសជប៉ុន ក្នុងការសម្រេចបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ស្របជាមួយនឹងមានការថែរក្សាវប្បធម៌ និងប្រពៃណីរបស់ខ្លួនអោយនៅគង់វង្សដដែល។

សូមបញ្ជាក់ថា សន្និសីទ ជប៉ុន-អាហ្វ្រិកស្តីពីការវិនិយោគ លើកទី៨នេះ នឹងផ្តោតលើចំនុចធំៗចំនួនបី មានដូចជា សេដ្ឋកិច្ច សង្គម និងសន្តិភាព-ស្ថិរភាព ក្នុងគោលបំណងលើកកម្ពស់ ការអភិវឌ្ឍន៍ទ្វីបអាហ្វ្រិក ដោយដៃប្រជាជនអាហ្វ្រិកផ្ទាល់។

គួរកត់សម្គាល់ថា ទី្វបអាហ្វ្រិកក្នុងកំឡុងប៉ុន្មានឆ្នាំមកនេះ​ ត្រូវបានក្លាយជាតំបន់សំខាន់នៃការវិនិយោគរបស់ចិន​ ស្របពេលដែល ជប៉ុនមិនសូវមានវត្តមាន។​​ ក្នុងន័យនេះ រដ្ឋាភិបាលជប៉ុនបានសន្យានៅក្នុង ឱកាសសន្និសីទជប៉ុន-អាហ្រ្វិកលើកទី៨នេះ ថានឹងផ្តល់ជំនួយជាទឹកប្រាក់សរុបចំនួន៣០ពាន់លានដុល្លា ទៅឲ្យទ្វីបអាហ្រិ្វកក្នុងកំឡុងពេល៣ឆ្នាំខាងមុខ​។

គួររំលឹកថា កាលពីសន្និសីទឆ្នាំ២០១៩ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស្ហីនហ្សូ អាបេ បានក្រើនរំលឹកទៅកាន់បណ្តាប្រទេសដែលមកវិនិយោគនៅអាហ្រ្វិក ថាអោយគួរប្រយ័ត្ន កុំដាក់បន្ទុកបំណុលច្រើនលើសលុប​ទៅឲ្យអាហ្រ្វិក។ ពាក្យក្រើនរំលឹកនេះ គឺលោកស្ហីនហ្សូ អាបេ ចង់សំដៅដោយប្រយោលទៅលើចិន ដែលបានផ្តល់កម្ចីយ៉ាងគំហុកទៅឲ្យប្រទេសនៅអាហ្រ្វិក តាមរយៈមហាគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ។ ឥឡូវនេះ អាហ្វ្រិកកំពុងពឹងផ្អែកខ្លាំង តែទៅលើការនាំចូល ហើយកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចកាន់តែខ្លាំងផងដែរ។

ដោយឡែក រដ្ឋាភិបាលទុយនីស៊ីសង្ឃឹមថា នឹងទទួលបានផលប្រយោជន៍ខ្លះពីការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទនេះ តាមរយៈការទាក់ទាញការវិនិយោគរបស់ជប៉ុន លើវិស័យដូចជា សុខភិបាល យន្តកម្ម និងវិស័យថាមពលកកើតឡើងវិញជាដើម។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ