អានតួអត្ថបទ
អូស្ត្រាលី-ចិន-អាមេរិក

អតីត​យោធា​អាមេរិក​ធ្លាប់​ធ្វើ​ការ​នៅចិន ចាប់​ខ្លួននិង​បញ្ជូន​ទៅ​តុលាការ​​អូស្ត្រាលី

អតីត​អ្នកបើកបរ​យន្តហោះ​របស់​យោធា​អាមេរិក ​ដែល​ធ្លាប់​បាន​ទៅ​ធ្វើ​ការ​នៅក្នុង​ប្រទេសចិន ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ស្ងាត់ តាម​សំណើ​របស់​អាជ្ញាធរ​អាមេរិក  ត្រូវ​បញ្ជូន​ទៅ​​តុលាការ​ក្រុង​ស៊ីដនី​ នា​​ថ្ងៃ​សុក្រ​ទី៤​វិច្ឆិកា​ខាង​មុខ។ អាជ្ញាធរ​អាមេរិក​និង​អូស្ត្រាលី​ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំងអស់ ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន​នេះ។

យន្តហោះ​យោធា​ MV-22B Osprey (រូប​តំណាង)
យន្តហោះ​យោធា​ MV-22B Osprey (រូប​តំណាង) AFP - DANIEL MIHAILESCU
ផ្សាយពាណិជ្ជកម្ម

ក្រសួង​យុត្តិធម៌​អូស្ត្រាលី​បាន​ត្រឹម​បញ្ជាក់​ថា អាជ្ញាធរ​ពិត​ជា​បាន​ចាប់​ខ្លួន​ តាម​សំណើ​របស់​វ៉ាស៊ីនតោន អតីត​អ្នកបើកបរ​យន្តហោះ​យោធាអាមេរិក Daniel Edmund Duggan កាលពី​ថ្ងៃទី ២១​តុលា ដែល​មាន​ពេល​៦០​ថ្ងៃ​ក្នុងការ​សុំ​ធ្វើ​បច្ចាប័ន។

បើ​តាម​ឯកសារពាណិជ្ជកម្មសាធារណៈ​អូស្ត្រាលី បន្ទាប់​ពី​បាន​ចាក​ចេញ​យោធា​អាមេរិក ក្នុង​នាម​ជា​គ្រូបង្ហាត់​​បើកបរ​យន្តហោះតាកទិក លោកDuggan បាន​ទៅ​​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ Top Gun Tasmania ដែលមាន​​ប្រើយន្តហោះ​បង្វិក​ចិន ​ពី​ឆ្នាំ​២០០៥​ដល់​ឆ្នាំ​២០១៤។ ក្រោយ​មក​ទៀត លោក​ក៏​បាន​តាំង​ទី​នៅក្រុង​ប៉េកាំង។ សៀវភៅ​មគ្គុទេសក៍អាហារដ្ឋានឆ្នាំ​២០១៧ បាន​ចារ​ឈ្មោះ​លោក​ជា​ម្ចាស់​ហាង​បាក្នុង​សង្កាត់​​ដ៏​ប្រណិត​មួយ​​របស់​ប៉េកាំង។

អតីត​យោធា​អាមេរិក​ម្នាក់ ដែល​ជា​អ្នកបើកបរយន្តហោះដែរ និង​​ស្គាល់គ្នាតាំងពី​ជាង​ម្ភៃ​ឆ្នាំ​មក​ហើយ​​ បាន​ប្រាប់​មក​ទីភ្នាក់ងារ​AFP​ថា លោក Duggan បាន​ធ្វើការ​ក្រុមហ៊ុន​មួយ​នៅចិន​ ក្នុង​នាម​ជាអ្នក​បំពាក់​បំប៉ន​​ក្រុមអ្នកបើកបរ​យន្តហោះពី​បច្ចេកទេស​កំហុស​ធ្វើ​ឡើង​ដោយ​មនុស្ស​នៅពេល​បើកបរ។ ក្រុមហ៊ុន​ចិន​ជ្រើសរើស​អតីតយោធា​អាមេរិក​ទៅ​ធ្វើការ​មិន​មែន​ជា​រឿង​ថ្មី​ចម្លែកទេ ហេតុដូច្នេះ​ហើយបាន​ជា​លោក​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាពការងារ មិន​យល់​ថា​ហេតុ​អ្វី​លោក Duggan បែរ​ជា​ត្រូវ​ចាប់​ខ្លួន​ទៅ​វិញ​។

ការ​​ចាប់​ខ្លួន​អតីត​យោធា​អាមេរិ​ក​រូប​នេះ ប្រព្រឹត្ត​ទៅ​ជួន​ចំពេល​ភ្នាក់ងារ​ចារកិច្ច​អង់គ្លេស បាន​ចេញ​សេចក្តី​ព្រមាន​ក៏​កម្រ​មួយ​ថា​ចិន​​កំពុង​​ជ្រើសរើសអតីត​អ្នក​បើកបរ​យន្តហោះ​អាមេរិក​។ កាលពី​សប្តាហ៍​មុន រដ្ឋាភិបាល​អង់គ្លេស និងអូស្ត្រាលី បាន​សម្តែង​ក្តីព្រួយ​បារម្ភ​ខ្លាច​ចិន​ផ្តល់​ការងារ​ឱ្យ​អ្នកបើកបរយន្តហោះយោធា​អាមេរិកចូលនិវត្តន៍​ ទៅ​បំពាក់​បំប៉ន​កងកម្លាំង​យោធា​ចិន​ឱ្យ​បាន​ស្គាល់​អំពី​បច្ចេកទេស​យោធា​របស់​ក្រុមលោក​ខាង​លិច។

មាន​អតីត​ពីឡុត​អាមេរិក​ជាង​៣០នាក់​ហើយ​បាន​ព្រមទៅ​ធ្វើការ​ឱ្យ​ចិន។ នេះ​បើ​តាម​សារព័ត៌មាន​អង់គ្លេស។ តែ​អ្នក​នាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​បដិសេធ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ