អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើង​បាញ់​មីស៊ីល​បាលីស្ទីក​អន្តរទ្វីប​មួយគ្រាប់​ថ្មីទៀត​ ស្វាគមន៍​ជំនួបកំពូល​អាស៊ី​ប៉ាស៊ីហ្វិក

កូរ៉េខាងជាង បានបាញ់មីស៊ីល​ថ្មីមួយគ្រាប់ទៀត ជាប្រភេទមីស៊ីលបាលីស្ទីកអន្តរទ្វីប។ នេះបើតាមការបញ្ជាក់ ពីកងទ័ពកូរ៉េខាងត្បូង។ ការបាញ់សាកមីស៊ីលនេះ គឺត្រូវបានធ្វើ​នៅក្នុងថ្ងៃបើក​ជំនួបកំពូលប្រចាំឆ្នាំ នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ដែលកំពុងប្រព្រឹត្តិធ្វើទៅនៅ​រាជធានីបាងកក។ បញ្ហា​កូរ៉េខាងជើង គឺជាជំងឺដ៏រ៉ាំរ៉ៃមួយ ដែល​តែងតែគំរាមស្ថិរភាព សន្តិភាពតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល​។

ទូរទស្សន៍​កូរ៉េខាងត្បូង​ ផ្សាយរូបភាព​មីស៊ីល​បាលីស្ទីល​អន្តរទ្វីប​ ដែលកូរ៉េខាងជើងបាន​បាញ់បង្ហោះ នៅថ្ងៃទី​១៨ វិច្ឆិកា ២០២២។ ស្ថានីយ៍រថភ្លើងក្រុងសេអ៊ូល ថ្ងៃទី ១៨ ​វិច្ឆិកា ២០២២
ទូរទស្សន៍​កូរ៉េខាងត្បូង​ ផ្សាយរូបភាព​មីស៊ីល​បាលីស្ទីល​អន្តរទ្វីប​ ដែលកូរ៉េខាងជើងបាន​បាញ់បង្ហោះ នៅថ្ងៃទី​១៨ វិច្ឆិកា ២០២២។ ស្ថានីយ៍រថភ្លើងក្រុងសេអ៊ូល ថ្ងៃទី ១៨ ​វិច្ឆិកា ២០២២ AP - Ahn Young-joon
ផ្សាយពាណិជ្ជកម្ម

ផ្អែកតាម​អគ្គ​បញ្ជាការកងទ័ពកូរ៉េខាងត្បូង គឺនៅវេលាម៉ោងប្រមាណ​១០ និង​១៥នាទី ព្រឹកថ្ងៃទី១៨វិច្ឆិកា គឺ​កូរ៉េខាងជើង​ បានបាញ់មីស៊ីល​បាលីស្ទីកចំងាយឆ្ងាយ​មួយគ្រាប់។ មីស៊ីលនេះ ត្រូវបាន​បាញ់ចេញពីតំបន់ Sunan ជាយក្រុងព្យុងយ៉ាង ហើយ​បានធ្លាក់ទៅក្នុ​ងសមុទ្រជប៉ុន។

ប្រភពពីលោក Yasukazu Hamada រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន បានឲ្យដឹងថា កងទ័ពជប៉ុន មិនបានព្យាយាមបាញ់ស្ទាក់មីស៊ីលនេះទេ ដោយទុកឲ្យ​វា​​រត់បានចម្ងាយ​ប្រមាណ​១០០០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលសមុទ្រ។ លោក​បានបន្ថែមថា យោងតាមការសន្និដ្ឋាន មីស៊ីលនេះជាមីស៊ីលបាលីស្ទីក​អន្តរទ្វីប ICBM ព្រោះវាបាន​ហោះឡើងទៅលើ ដល់​កំពស់ប្រមាណ​៦០០០គីឡូម៉ែត្រ។  លំដាប់មីស៊ីល ICBM គឺជាអាវុធខ្លាំងក្លាបំផុត របស់កងទ័ពកូរ៉េខាងជើង។ ចំណែក​លោកនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា បាន​លើកឡើងថា មីស៊ីលរបស់កូរ៉េខាងជើង ទំនងជាបានធ្លាក់ចូលទៅក្នុងដែនសមុទ្រតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់​ជប៉ុន មិនឆ្ងាយ​ប៉ុន្មានពីកោះហុកកៃដូ។

សេតវិមានអាមេរិកបានប្រតិកម្មថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនេះ គឺ​ជាការ​បំពាន​យ៉ាងគឃ្លើន ទៅនឹងសសេចក្តីសម្រេចចិត្ត នៃអង្គការសហប្រជាជាតិ។ អាមេរិក បានចាត់ទុកទង្វើរបស់​របប​ផ្តាច់​ការ​ព្យុងយ៉ាងនេះ ថាជាការបង្កឲ្យ​មានភាពតានតឹង និង​អសន្តិសុខតំបន់​ ដោយ​ឥតប្រយោជន៍ទាល់​តែ​សោះ។

គួររំលឹកថា កាលពីថ្ងៃទី​៣វិច្ឆិកា កូរ៉េខាងជើងក៏បានបាញ់សាកមីស៊ីល​បាលីស្ទីកអន្តរទ្វីបមួយ​ដែរ។ តែ​យោង​តាមកូរ៉េខាងត្បូង និងជប៉ុន គឺការបាញ់នោះទំនងជាបានជួបបរាជ័យ។ យោងតាម​សង្ស័យ​ផ្សេងទៀតពីក្រុមអ្នកជំនាញ​កងទ័ពកូរ៉េខាងត្បូង និងអាមេរិក គឺ​កូរ៉េខាងជើង អាចនឹងបាញ់សាកល្បងគ្រាប់បែក​បរមាណូថ្មីមួយគ្រាប់ទៀត ក្នុងពេលឆាប់ៗនេះ។

កាលពីថ្ងៃអាទិត្យ​ លោកចូ បៃដិន រួមជាមួយ​លោក​ប្រធានាធិបតីកូរ៉េខាងត្បូង និ​ងលោកនាយករដ្ឋមន្ត្រីជប៉ុន បាន​អះអាងថា នឹងឆ្លើយតបទៅវិញដោយ​វិធានការជាក់ស្តែង នឹងធ្ងន់ធ្ងរបំផុត ប្រសិន​បើ​កូរ៉េខាងជើងពិតជាហ៊ាន​សាកល្បងគ្រាប់បែកនុយក្លេអ៊ែរមែន។

នៅទីក្រុងបាងកក ថ្ងៃសុក្រទី​១៨វិច្ឆិកានេះ ក្នុង​ឱកាសជំនួប​កំពូល​ក្រុមប្រទេសសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក លោកស្រីកាម៉ាឡា ហារីស អនុប្រធានាធិបតីអាមេរិក បានកោះប្រជុំបន្ទាន់មួយ ជាមួយ​លោក​នាយករដ្ឋមន្ត្រីជប៉ុន លោក​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង និងថ្នាក់ដឹកនាំអូស្ត្រាលី កាណាដា នូវែលហ្សេឡង់ ដើម្បីនិយាយពីបញ្ហាកូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ