អានតួអត្ថបទ
កូរ៉េខាង​ត្បូង

រដ្ឋាភិបាលកូរ៉េខាង​ត្បូង​​ព្រមចរចា​ប្រឈម​នឹង​សន្ទុះ​​បាតុកម្ម​របស់​អ្នកដឹកជញ្ជូន

នៅ​​ថ្ងៃ​អាទិត្យ​ទី​២៧​វិច្ឆិកា​នេះ​ ជា​គម្រប់​បួន​ថ្ងៃ​ជាប់​គ្នា​ហើយ​ដែលបុគ្គលិក​ក្នុង​វិស័យ​​ដឹកជញ្ជូន​បានធ្វើ​បាតុកម្ម ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ពន្យារ​កិច្ចព្រមព្រៀង​ធានា​ផ្តល់​ប្រាក់​ខែ​អប្បបរិមា ជា​រហូត​ទៅ។ បាតុកម្ម​បាន​ធ្វើ​ឱ្យ​បណ្តាញ​ផ្គត់ផ្គង់ឧស្សាហកម្ម​មូលដ្ឋាន​រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង។ ​ប្រឈម​នឹង​ភាព​រអាក់រអួលនេះ រដ្ឋាភិបាលបាន​ប្តូរ​ចិត្ត​ព្រម​ហៅ​ក្រុមសហជីព​មក​ចរចា​ចាប់​ពី​ថ្ងៃ​ចន្ទ​ស្អែក​ទៅ។

ក្រុមបុគ្គលិក​ក្នុង​វិស័យ​ដឹកជញ្ជូន​ធ្វើ​បាតុកម្ម
ក្រុមបុគ្គលិក​ក្នុង​វិស័យ​ដឹកជញ្ជូន​ធ្វើ​បាតុកម្ម via REUTERS - YONHAP
ផ្សាយពាណិជ្ជកម្ម

ក្រុមអ្នក​បើកបរ​រថយន្ត​កាមីញ៉ុង​ ចេញ​ធ្វើ​បាតុកម្ម​មាន​ចំនួន​មិនច្រើន​ទេ គឺ​ប្រមាណ​តែ​មួយភាគបួន​ប៉ុណ្ណោះ​​ ប៉ុន្តែ​បាតុកម្ម​ក្នុង​វិស័យ​ដឹកជញ្ជូននេះ បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កូរ៉េខាងត្បូង​មួយ​ភាគ​ត្រូវ​ជាប់​គាំង។ នៅចុង​សប្តាហ៍​នេះ កំពង់ផែ​ក៏​​​អាច​ដំណើរការ​បានត្រឹម​៨០%​នៃទម្លាប់។ វិស័យសំខាន់ៗ​នៃ​សេដ្ឋកិច្ចដែល​​​​រង​ផលបះពាល់​ខ្លាំង​ជាពិសេស​ជាង​គេ មាន​ជាអាទិ៍​វិស័យ​ឧស្សាហកម្ម​រថយន្ត ដែកថែប ឬ​ស៊ីម៉ង់។ ក្រុមហ៊ុន​ផលិតរថយន្ត​KIA បាន​ទៅ​ជួល​បុគ្គលិក​បណ្តោះអាសន្ន​ដើម្បី​ធានា​ដឹកជញ្ជូន​រថយន្ត​ឱ្យអតិថិជន​តាម​បញ្ជា។ ឧស្សាហកម្ម​ស៊ីម៉ង់បាន​បញ្ជាក់​ថាអាច​បំពេញ​តាមការ​បញ្ជា​ទិញ​បាន​ត្រឹម​តែ​១០%​ប៉ុណ្ណោះ។​

ប្រឈម​នឹង​ស្ថានភាព​បែប​នេះ ​​​រដ្ឋាភិបាលបាន​ប្រកាស​ប្តូរ​ជំហរ​​វិញ។ បន្ទាប់​ពី​បានប្រកាស​​ជំហរ​មិន​ចរចាដោយ​អះអាង​កិច្ចព្រមព្រៀង​ធានា​រក្សា​ប្រាក់ខែ​អប្បបរិមា​ដែល​ត្រូវ​អស់​សុពលភាព​នៅ​ដំណាច់​ឆ្នាំនឹង​ត្រូវ​ពន្យារ​បី​ឆ្នាំ​ទៀត និង​គំរាម​ប្រើច្បាប់​មក រដ្ឋាភិបាល​បាន​សម្រេច​នៅ​ថ្ងៃ​អាទិត្យ​នេះ ត្រៀម​បើក​កិច្ចចរចា​ជាមួយ​សហជីព នៅ​ថ្ងៃ​ចន្ទ ទី ២៨​វិច្ឆិកាស្អែក។ ការ​ចរចា​ទំនង​ជា​មាន​អាច​​ជួប​ភាពស្មុគស្មាញ​ខ្លាំង ក្នុង​បរិបទ​នៃ​ហានិភ័យ​ខ្វះខាត​ប្រេង​ឥន្ធនៈ​មាន​ខ្ពស់ ដោយ​អ្នក​ដឹកជញ្ជូន​ប្រមាណ​៧០%​​បាន​ធ្វើ​កូដកម្ម។ ប៉ុន្តែ​រដ្ឋាភិបាល​បានឆ្លៀត​ព្រមាន​ជា​ស្រេច​ថា ក្នុង​ករណី​ការចរចា​មិន​បាន​សម្រេច រដ្ឋាភិបាល​នឹង​ប្រើ​ច្បាប់​​​​បង្ខំ​ឱ្យ​បាតុករ​ត្រលប់​ចូល​ធ្វើ​ការ​វិញ នៅ​ថ្ងៃ​អង្គារ​។ ប្រសិនបើ​មែន នេះ​ជាការ​អនុវត្ត​ច្បាប់​​លើក​ទី​មួយ​ គិត​ចាប់​តាំង​ពី​ថ្ងៃ​អនុម័ត​នៅ​ឆ្នាំ​២០០៤មក។

សូម​បញ្ជាក់​ថា ក្នុង​មួយ​ឆ្នាំ​២០២២​នេះ​ ក្រុម​អ្នក​ដឹកជញ្ជូន​ បាន​ធ្វើ​បាតុកម្ម​ពីរ​ដង​ហើយ។ កាលពី​ខែ​មិថុនា​ ជា​បាតុកម្ម​រយៈ​ពេល​៨​ថ្ងៃ និង​បាន​ធ្វើ​ប្រទេស​ខាត​បង់​ថវិកា​ជាង​១២០០​លាន​ដុល្លារ។ លើក​នេះ​ការ​ខាត​បង់​សេដ្ឋកិច្ច​មាន​ទំហំ​ប្រហាក់​ប្រហែល​គ្នា។ តែ​សម្រាប់បាតុករ​​ បើ​គ្មាន​ការ​ធានា​ប្រាក់ខែអប្បបរិមា​​ជា​និរន្ត​ទេ​ អ្នក​បើកបរនឹង​ងាយ​រងគ្រោះ​ រង​បន្ទុក​​ការងារ​​ច្រើន​មិន​គោរពពេល​វេលា​សម្រាក និ​ង​ងាយ​រង​ហានិភ័យសុវត្ថិភាព​​ផ្សេង​ទៀត​។ បើ​តាម​ក្រសួង​ការងារ នៅ​រវាង​ពី​ឆ្នាំ​២០២០-២១ មាន​គ្រោះថ្នាក់​ស្លាប់​ក្នុងការងារ​ជាង​៤ពាន់​ករណី ពោលគឺ​ជា​ចំនួន​ដ៏​ច្រើន​ខ្លាំងណាស់​សម្រាប់​ប្រទេស​ដែល​មាន​ប្រជាជន​តែ​៥២លាននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ