អានតួអត្ថបទ
កូរ៉េខាងត្បូង-ពុករលួយ

លោកលី ម្យុងបាក់ អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទទួល​ការលើកលែងទោស

ត្រូវ​តុលាការ​ផ្តន្ទាទោស​ឲ្យជាប់​ពន្ធនាគារ ១៧ឆ្នាំ ក្នុងបទ​ប្រព្រឹត្តអំពើពុករលួយ និង​កេងបន្លំលុយរដ្ឋ អតីត​ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ម្យុងបាក់ នឹង​ត្រូវ​ដោះលែង​ឲ្យមាន​សេរីភាព នៅថ្ងៃ​ពុធ​ស្អែក ទៅតាម​ក្រឹត្យ​លើកលែង​របស់​ប្រធានាធិបតី។ តាម​ការប្រកាស​របស់​ក្រសួងយុត្តិធម៌ កូរ៉េខាងត្បូង នៅថ្ងៃ​អង្គារ​ទី ២៧​ធ្នូ លោក លី ម្យុងបាក់ ដែល​ធ្លាប់​ដឹកនាំកូរ៉េខាងត្បូង​ពី​ឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០១៣ ស្ថិតក្នុងចំណោម​អ្នកទោស ១៣០០នាក់ ដែល​បាន​ទទួល​ការលើកលែង​ពី​ប្រធានាធិបតី។

អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក លី ម្យុងបាក់​ Lee Myung-Bak (ស្តាំ) នៅក្នុង​សវនាការ​នៅសេអ៊ូល ខែ​ឧសភា ២០១៨
អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក លី ម្យុងបាក់​ Lee Myung-Bak (ស្តាំ) នៅក្នុង​សវនាការ​នៅសេអ៊ូល ខែ​ឧសភា ២០១៨ AP - Chung Sung-Jun
ផ្សាយពាណិជ្ជកម្ម

នៅ​កូរ៉េខាងត្បូង អស់​មាន​អតីត​ប្រធានាធិបតី ​ជាប់ក្នុង​ពន្ធនាគារ។ បន្ទាប់ពី អតីត​ប្រធានាធិបតី លោកស្រី​ប៉ាក់ គុនហេ លោក​លី ម្យុងបាក់ អតីត​ប្រធានាធិបតី កូរ៉េខាងត្បូង​ដែល​ត្រូវ​តុលាការ​សេអ៊ូល កាត់ទោស កាលពី​ឆ្នាំ ២០២០ ឲ្យ​ជាប់​ពន្ធនាគារ ១៧ឆ្នាំ ជា​អតីត​ប្រធានាធិបតី​ចុងក្រោយគេ ដែល​ត្រូវ​ដោះលែង​ឲ្យមាន​សេរីភាព ទៅតាម​ក្រឹត្យលើកលែង​របស់​ប្រធានាធិបតី។

តាម​ក្រឹត្យលើកលែង​របស់​ប្រធានាធិបតីដែល​ត្រូវ​បាន​ ប្រកាស​នៅថ្ងៃ​អង្គារនេះ នៅក្រោយ​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​ជាមួយលោកប្រធានាធិបតី យុន សុខយោល លោក​លី ម្យុងបាក់ ស្ថិត​ក្នុងបញ្ជី​អ្នកទោស ជាង ១៣០០នាក់ ដែល​ទទួលការលើកលែងទោសពី​ប្រធានាធិបតី ក្នុងក្របខ័ណ្ឌ​នៃ​ការបង្រួបបង្រួមជាតិ តាមរយៈ​ការផ្សះផ្សារ ការអត់ឱន និង​ការគោរព។តាម​រដ្ឋមន្រ្តី ​ក្រសួង​យុត្តិធម៌កូរ៉េខាងត្បូង លោក Han Dong Hoon លោក​លី ម្យុងបាក់ នឹងត្រូវ​ដោះលែង​ឲ្យមានសេរីភាព ចាប់ពីថ្ងៃពុធស្អែក។

អាយុ ៨១ឆ្នាំ អតីតមេដឹកនាំ​កូរ៉េខាងត្បូង​បានជាប់ក្នុងពន្ធនាគារតែ២ឆ្នាំ ប៉ុណ្ណោះ មុន​នឹង​ត្រូវ​ដាក់​ឲ្យនៅ​ក្រៅឃុំបណ្តោះអាសន្ន តាំងពី​ខែ​មិថុនា ដោយសារ​ហេតុផល​វ័យចំណាស់ និង​បញ្ហា​សុខភាព។

ធ្លាប់​ដឹកនាំ​កូរ៉េខាងត្បូង ពី​ឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០១៣ លោកលី ម្យុងបាក់ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស កាលពី​ឆ្នាំ ២០២០ ឲ្យ​ជាប់ពន្ធនាគារ ១៧ឆ្នាំ ក្នុង​បទ​​កេងបន្លំលុយរដ្ឋ និង​ទទួល​សំណូកសូកប៉ាន់ពីក្រុមហ៊ុនសាំស៊ុង​ជាថ្នូរ​នឹង​ ការប្រកាស​លើកលែង​របស់​ប្រធានាធិបតី សម្រាប់​អគ្គនាយកក្រុមហ៊ុន​សាំស៊ុង ដែល​កាលណោះ​ត្រូវ​បាន​តុលាការ​កាត់ទោស ពីបទ​បន្លំ​គេចមិន​បង់ពន្ធរដ្ឋ។

ការលើកលែងទោស​របស់ប្រធានាធិបតី នៅថ្ងៃ​អង្គារនេះ ​មិនត្រឹមតែ​លុបចោល​ទោសជាប់​ពន្ធនាគារ ១៥ឆ្នាំ​របស់​លោកលី ម្យុងបាក់ ដែល​នៅសល់​តែប៉ុណ្ណោះទេ ប៉ុន្តែ វា​រំលាយចោលផងដែរ ការផាកពិន័យ​១១លាន​ដុល្លារ ដែល​លោក​លី ម្យុងបាក់ ត្រូវ​បង់សំណង​ជូនរដ្ឋ។ ក្រៅតែ​ពីរួចខ្លួន​ពីទោសជាប់ពន្ធនាគារ​សឹងអស់​មួយជីវិត លោក លី ម្យុងបាក់​នឹង​បាន​ទទួល​មកវិញ ផងដែរ​នូវ​អភ័យឯកសិទ្ធិ ​ក្នុងនាម​អតីតប្រធានាធិបតី ដែលធ្លាប់​ដឹកនាំ​កូរ៉េខាងត្បូង។

លោក​លី ម្យុងបាក់ ជា​ឥស្សរជនជាន់ខ្ពស់​ទី ២របស់​កូរ៉េខាងត្បូង បន្ទាប់ពី លោក​លី ជេយុង អ្នកស្នងតំណែង​ក្រុមហ៊ុន សាំស៊ុង ដែលត្រូវ​បាន​លោកប្រធានាធិបតី លោកយុន សុខយោល ចេញ​ក្រឹត្យ​លើកលែងទោស។

នៅ​កូរ៉េខាងត្បូង វា​សឹង​ក្លាយ​ជា​ទម្លាប់ ដែល​ប្រធានាធិបតី​ផុតអាណត្តិ ត្រូវ​តុលាការ​កាត់ទោស ឲ្យ​ជាប់​ពន្ធនាគារ ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ នៅក្នុង​ខណៈពេលដែល គណបក្ស​គូប្រជែង ឈ្នះឆ្នោត ចូលកាន់អំណាច។ ប្រធានាធិបតី​កូរ៉េខាងត្បូង ទាំង​៤​រូប​ដែល​កំពុង​មាន​ជីវិត សុទ្ធតែ​ត្រូវ​បាន​តុលាការ​ថ្កោលទោស​​ក្នុង​រឿងប្រព្រឹត្ត​អំពើពុករលួយ។ នៅ​មុន​លោក​លី ម្យុងបាក់ លោកស្រី​ប៉ាក់ គុនហេ ដែល​ត្រូវ សភា​បោះឆ្នោត​ទម្លាក់​ចេញពី​តំណែង​ប្រធានាធិបតី​មុន​អាណត្តិ ត្រូវ​បាន​តុលាការ​កាត់ទោសឲ្យ​ជាប់​ពន្ធនាគារ ២៥​ឆ្នាំ ក្នុង​បទ​ទទួល​សំណូក​ពីក្រុមហ៊ុន សាំស៊ុង ហើយនិង​រំលោភ​អំណាច​ប្រធានាធិបតី។ ចំណែក​អតីត​ប្រធានាធិបតី​ពីរ​រូប​ផ្សេងទៀត ដែល​ត្រូវជាប់​ពន្ធនាគារ​ដោយសារ​រឿង​ពុករលួយ ហើយ​និង​ក្បត់ជាតិ កាលពី​ទសវត្សរ៍​ឆ្នាំ ១៩៨០ ក៏ធ្លាប់​រួចទោស ដោយសារ​ក្រឹត្យ​លើកលែង​ទោស ពី​ប្រធានាធិបតី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ