អានតួអត្ថបទ
ចិន-កូវីដ

ចិនមិនសប្បាយចិត្តនឹងវិធានការដែលប្រទេសខ្លះបានតម្រូវឲ្យអ្នកដំណើរមកពីចិនធ្វើតេស្តកូវីដ

នៅ​ថ្ងៃ​អង្គារ ទី៣ មករា អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោកស្រី​ម៉ាវ នីង​បាន​ចេញ​មុខ​រិះគន់​នឹង​វិធានការ​ដែល​មាន​ប្រទេស​មួយ​ចំនួន​បាន​តម្រូវ​ឲ្យ​អ្នក​ដំណើរ​មក​ពី​ចិន​ធ្វើ​តេស្តកូវីដ១៩។ តាម​លោកស្រី​ម៉ាវ នីង ការ​អនុវត្តន៍​វិធានការ​របៀប​នេះ​ជា​រឿង​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​វា​មិន​បាន​សំអាង​លើ​មូលដ្ឋាន​វិទ្យាសាស្រ្ត និង​ថា ចិន​អាច​នឹង​ចាត់វិធានការ​បក​វិញ​ដោយ​ផ្អែក​លើ​គោលការណ៍​ភាព​មាន​ទៅ​វិញ ទៅ​មក។

ស្រ្តីអ្នកដំណើរ​មក​ពី​ចិន​កំពុង​ទទួល​ការ​ធ្វើ​តេស្តិ៍​កូវីដ​នៅ​ព្រលានយន្តហោះ​ក្រុង​ប៉ារីស ប្រទេស​បារាំង។
ស្រ្តីអ្នកដំណើរ​មក​ពី​ចិន​កំពុង​ទទួល​ការ​ធ្វើ​តេស្តិ៍​កូវីដ​នៅ​ព្រលានយន្តហោះ​ក្រុង​ប៉ារីស ប្រទេស​បារាំង។ AP - Aurelien Morissard
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ពេល​នេះ មាន​ប្រមាណ​ជា ១០ប្រទេស​បាន​ចាត់​វិធានការ​ខុសៗ​គ្នា​ដើម្បី​ត្រួតពិនិត្យ​លើ​អ្នកដំណើរ​មក​ពី​ប្រទេស​ចិន មិន​ថា​ជា​ជនជាតិ​ចិន ឬ​ជនជាតិ​ផ្សេង។ ប្រទេស​ខ្លះ​បាន​តម្រូវ​ឲ្យ​អ្នក​ដំណើរ​មក​ពី​ចិន​ត្រូវ​មាន​ក្នុង​ដៃ​នូវ​លទ្ធផល​តេស្ត PCR អវិជ្ជមាន​កូវីដ ប័ណ្ណ​ចាក់​វ៉ាក់សាំង ហើយ​ត្រូវ​ធ្វើ​តេស្តម្តង​ទៀត​នៅ​ពេល​មក​ដល់។ ប្រទេស​ខ្លះ​ទៀត​បាន​តម្រូវ​ឲ្យ​មាន​ត្រឹម​លទ្ធផល​តេស្ត PCR អវិជ្ជមាន​កូវីដ និង​ប័ណ្ណ​ចាក់​វ៉ាក់សាំង។ តែ​មាន​ប្រទេស​ដទៃ ពិសេស​ម៉ារ៉ុក​បាន​បិទទ្វារ​ទាំង​ស្រុង​មិន​ឲ្យ​អ្នកដំណើរ​បរទេស​ចូល​តែ​ម្តង ទោះ​ជា​អ្នក​ដំណើរ​មក​ពី​ចិន ឬ​ពី​ប្រទេស​ណា​ក៏​ដោយ។

តែ​សម្រាប់​ចិន អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​លោកស្រី​ម៉ាវ នីង​បាន​ថ្លែង​ច្បាស់ៗ​ដោយ​មិន​លាក់លៀម​ថា វិធានការ​ទាំង​អស់​នេះ​ជា​រឿង​មិន​អាច​ទទួល​យក​បាន​ទេ និង​ព្រមាន​ចាត់​វិធានការ​បក​វិញ​ដូច​គ្នា​នេះ​ចំពោះ​អ្នក​ដំណើរ​បរទេស​ចូល​ប្រទេស​ចិន។ គួរ​បញ្ជាក់​ថា ការ​ដែល​មាន​ប្រទេស​កាន់​តែ​ច្រើន​បាន​ចាត់​វិធានការ​ត្រួតពិនិត្យ​លើ​អ្នកដំណើរ​មក​ចិន​ដោយសារ​តែ​ពេល​នេះ ចិន​កំពុង​ស្គាល់​សន្ទុះ​កំណើន​ករណី​ឆ្លង​កូវីដ​យ៉ាង​ច្រើន​សម្បើម។ ក្តីបារម្ភ​របស់​ពិភពលោក គឺ​មក​ពី​គេ​គ្មាន​ព័ត៌មាន​ច្បាស់លាស់​ស្តីពី​អត្តសញ្ញាណ និង​ប្រភេទ​កូវីដ​ដែល​កំពុង​ធ្វើ​ចរាចរណ៍​ខ្លាំង​នៅ​ចិន​សព្វថ្ងៃ។

លើស​ពី​នេះ ចិន​ក៏​លែង​ប្រកាស​ពី​តួលេខ​នៃ​ចំនួន​អ្នក​ឆ្លង និង​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​ដោយ​កូវីដ១៩។ គួរ​រម្លឹក​ថា សន្ទុះ​កំណើន​ករណី​ឆ្លង​កូវីដ​នៅ​ចិន​បាន​កើត​ឡើង​តាំង​ពី​ចិន​បាន​លើក​ចេញ​វិញ​ទាំង​ស្រុង​នូវ​វិធានការ​រឹតបន្តឹង​កូវីដ​កាល​ពី​ថ្ងៃទី៧ ធ្នូ។ ជាក់ស្តែង​នៅ​ទីក្រុង​សៀងហៃ មាន​ពលរដ្ឋ ២ភាគ៣ នៃ​ពលរដ្ឋ​សរុប ២៥លាននាក់​ប្រហែល​បាន​ឆ្លង​កូវីដ​នា​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ នេះ​បើ​តាម​ការ​ប៉ាន់ប្រមាណ​របស់​មន្រ្តីជាន់ខ្ពស់​ម្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ។ ជា​រៀងរាល់​ថ្ងៃ សេវា​សង្រ្គោះបន្ទាន់​នៅ​តាម​មន្ទីរពេទ្យ​ក្នុង​ក្រុង​សៀងហៃ​បាន​ទទួល​អ្នកជំងឺ​យ៉ាង​ច្រើន​សម្បើម ក្នុង​នោះ អ្នកជំងឺ​ភាគច្រើន​មាន​វ័យ​ជាង ៦៥ឆ្នាំ។

ក្រៅ​ពី​ក្រុង​សៀងហៃ ទិដ្ឋភាព​ដូច​គ្នា​នេះ​ក៏​មាន​នៅ​តាម​ទីក្រុង​ធំៗ​ផ្សេង​ទៀត ដូច​យ៉ាង​ក្រុង​ប៉េកាំង​ជា​ដើម។ អ្វី​ដែល​រដ្ឋអំណាច​កំពុង​បារម្ភ​ខ្លាំង​ពេល​នេះ គឺ​ការ​ឆ្លងរាលដាល​ពី​ទីក្រុង​ទៅ​កាន់​ជនបទ​នៅ​ពេល​ដែល​ពលរដ្ឋ​ចិន​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​នា​ពេល​បុណ្យ​ចូលឆ្នាំ​ចិន​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ